ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ធ្វើ​ជាម្ចាស់​ផ្ទះ​ប្រកួតបាល់ទាត់​វគ្គ​ជម្រុះ​ពូល​«ក» ក្របខណ្ឌ AFC PRESIDENT’ S CUP ២០១១

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ជំរុះ​ក្នុង​ពូល​ «ក» AFC President’s Cup 2011 ។ ការ​ប្រកួត​​មាន​រយៈ​​ពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២១, ២៣ និង​២៥ ខែ​ឧសភា​។ ក្នុង​ចំណោម​​បណ្តា​ប្រទេស​ចំនួន​១២​ដែល​គេ​ចាត់​ទុក​ថា

រាជ​ធានី​ភ្នំពេញ​ ៖ ប្រទេស​កម្ពុជា​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​ការ​ប្រកួត​បាល់​ទាត់​វគ្គ​ជំរុះ​ក្នុង​ពូល​ «ក» AFC President’s Cup 2011 ។ ការ​ប្រកួត​​មាន​រយៈ​​ពេល​៣​ថ្ងៃ​ គឺ​ថ្ងៃ​ទី ២១, ២៣ និង​២៥ ខែ​ឧសភា​។

ក្នុង​ចំណោម​​បណ្តា​ប្រទេស​ចំនួន​១២​ដែល​គេ​ចាត់​ទុក​ថា ជា​ប្រទេស​​​ដែល​កំពុង​តែ​មាន​ការ​អភិ​វឌ្ឍវិស័យ​កីឡា​បាល់​ទាត់​នោះ​មានប្រទេស​ប៊ូ​ថាន់ បង់​ក្លា​ដេស កម្ពុជា ចិនតៃ​វ៉ាន់ គីជី​ស្ថាន​ ភូមា ណេ​ប៉ាល់​ ប៉ា​គី​ស្ថាន​ ប៉ា​ឡេ​ស្ទីន​ ស្រី​លង្កា​ តា​ជី​គី​ស្ថាន​ និង​តួក​ម៉ានី​ស្ថាន​។​ ការ​ប្រកួត​នេះ​គឺ​មាន​បែង​ចែក​ជា​៣​ពូល​ ក្រៅ​ពី​ពូល​«ក» កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​ពូល​«ខ» ធ្វើ​នៅ​ភូមា​ និង​ពូល​«គ» ធ្វើ​នៅ​ណេ​ប៉ាល់​។ តាម​ការ​ឱ្យ​ដឹង​ពី​លោក​ខៀវ​ សា​ម៉េត អនុ​ប្រធាន​សហ​ព័ន្ធ​​កីឡា​បាល់​ទាត់​កម្ពុជា​​នេះ​ជា​លើក​ទី​១​ហើយ​ដែល​យើង​មាន​ភ័ព្វ​សំណាង​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំការ​ប្រកួត​។ ព្រឹត្តិ​ការណ៍​មួយ​នេះ គឺ​តម្រូវ​លើ​ក្រុម​​ដែល​ជា​ម្ចាស់​ជើង​​ឯក​ក្រប​ខណ្ឌ​​លីក​ប្រចាំ​ប្រទេស​នីមួយៗប៉ុណ្ណោះ។ ក្នុង​ពូល​«ក» ដែល​ប្រកួត​នៅកម្ពុជា​មាន​ក្រុម​​ភ្នំពេញ​ក្រោន​របស់​កម្ពុជា​ ក្រុម Neftchi តំណាង​ឱ្យ​ប្រទេស​​គីជី​ស្ថាន​​ ក្រុម​ Abahani តំណាង​ឱ្យ​បង់​ក្លា​ដេស​ និង​Don Bosco តំណាង​ឱ្យ​ស្រី​​លង្កា​។ កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​ជើង​ទី១ធ្វើ​នៅ​ថ្ងៃ​ទី​២១ ខែ​ឧសភា​ កម្ពុជា​ជួប​ស្រី​លង្កា​ រី​ឯ​គី​ជី​ស្ថាន​ជួប​បង់​ក្លា​ដេស​។​ ជើង​ទី​២​ធ្វើ​នៅ​ថ្ងៃ​ទី​២៣​ កម្ពុជា​ជួប​បង់​ក្លា​ដេស​ រីឯ​ស្រី​លង្កា​ជួប​គី​ជី​ស្ថាន។ ជើង​ទី​៣ ថ្ងៃ​ទី​២៥ ខែឧសភា​ កម្ពុជា​ជួប​គីជី​ស្ថាន​ និង​បង់​ក្លា​ដេស​ជួប​ស្រី​លង្កា​។

លោក​រិទ្ធី សំណាង​ ប្រធាន​ក្លឹប​បាល់​ទាត់​​ភ្នំពេញ​ក្រោន​អះ​អាង​ថា យ៉ាង​ហោច​ណាស់​លោក​ត្រូវ​ចំណាយ​ថវិកា​ជាង​១០​ម៉ឺន​ដុល្លារ​ដែរ​សំរាប់​ព្រឹត្តិ​ការណ៍​មួយនេះ។ ប៉ុន្តែ​ដើម្បី​ទប់​ទល់​ នឹង​ការ​ចំណាយ​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​​នេះ​រយៈ​ពេល​៣​ថ្ងៃ​ អ្នក​ចូល​ទស្សនា​​ត្រូវ​ទិញ​សំបុត្រ​តែ​មិន​ជា​ថ្លៃ​ពេក​ទេ​។ កន្លែង​ទស្សនា​ក្នុង​ម្លប់​សំបុត្រ​ថ្លៃ​១​ដុល្លារ​ និង​ក្រៅ​ពី​នោះ​តែ​១.០០០​រៀល​​ប៉ុណ្ណោះ​ ។

ក្នុង​នាម​សហ​ព័ន្ធ​កីឡា​បាល់​ទាត់​កម្ពុជា​លោក​ខៀវ សាម៉េត បាន​បញ្ជាក់​ថា ខាង​សហ​ព័ន្ធ​មាន​លទ្ធ​ភាព​ជួយ​លើ​ផ្នែក​បច្ចេក​ទេស​ ក្រៅ​ពី​នោះ​គឺ​ក្លឹប​ខ្លួន​ឯង​ជា​អ្នក​រ៉ាប់​រង​ទាំង​អស់។​លោក​​កោត​សរសើរក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​​ដែល​ជា​ក្លឹប​បាល់​ទាត់​មួយ​នាំ​មុខ​គេ​សព្វ​បែប​យ៉ាង​ទាំង​អស់​តាំង​ពី​ធន​ធាន​កីឡា​ករ​ និង​ថវិកា​។ ដូច្នេះ​ដើម្បី​ជំរុញ​ឱ្យ​ព្រឹត្តិ​ការណ៍​នៃ​ការ​ប្រកួត​រយៈ​ពេល​៣​ថ្ងៃ​នេះ​មាន​ភាព​អធិក​អធម​បំផុត​នោះ​ លោក​សំណូម​ពរ​ដល់​បណ្តាញ​សារ​ព័ត៌​មាន​ទាំង​អស់​ជួយ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដើម្បី​ឱ្យ​មាន​អ្នក​​ទស្សនា​ចូល​រួម​បាន​ច្រើន​ក៏​ដូច​ជា​ការ​លើក​ទឹក​ចិត្ត​ដល់​កីឡា​ករ​កម្ពុជា​យើង​​។

ភ្នំពេញ​ក្រោន​ដែល​តំណាង​ឱ្យ​កម្ពុជា​ក្នុង​ការ​ចូល​រួម​ប្រកួត AFC President’s Cup លើក​នេះ​ គឺ​ជា​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​២០១០​ បន្ទាប់​ពី​បាន​យក​ឈ្នះ​ព្រះ​ខ័ន​រាជ្យ​ ៤-៣ នៅ​វគ្គ​ប្រកួត​ផ្តាច់​ព្រ័ត្រ​។​ ចាប់​តាំង​​ពី​បាន​ចូល​រួម​ប្រកួត AFC Presiden’s Cup ឆ្នាំ​២០០៥ មក​កម្ពុជា​មិនធ្លាប់​ទទួល​បាន​តំណែង​ជា​ម្ចាស់​ជើង​ឯក​​ឡើយ​ ​តែ​ក្រុម​ខេមរា​កីឡា​ធ្លាប់​បាន​ឡើង​ទៅ​លេង​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​នៅ​ឆ្នាំ​២០០៦។

បច្ចុប្បន្ន​ក្លឹប​ភ្នំពេញ​ក្រោន​​បាន​ជ្រើស​រើស​យក​លោក Bojan Hodak មក​ពី​ប្រទេស​ក្រូ​អាត​ជា​គ្រូ​បង្វឹក​។ លោក​បាន​បញ្ជាក់​ថា លោក​នឹង​ខិត​ខំកែ​ប្រែ​ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​ឱ្យ​ក្លាយ​ជា​ក្រុម​បាល់​ទាត់​ដែល​មាន​ភាព​រីក​ចំរើន​ជាង​គេ​នៅ​រយៈ​ដ៏​ខ្លី​ខាង​មុខ​។ សព្វ​ថ្ងៃ​ក្លឹប​បាល់​ទាត់​ភ្នំពេញ​ក្រោន​កំពុង​តែ​មាន​ពិន្ទុ​នាំ​មុខ​គេ​ក្នុង​តារាង​នៅ​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាត់​មិត្ត​ហ្វូន​ខេមបូឌា​លីក​២០១១ ៕