ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​ទីតាំង​ ស្តុក​ឈើ​ប្រណីត​នៅ​ព្រែកប្រសព្វ ​អះអាងថា​ស្គាល់​ម្ចាស់​ឈើ​ហើយ

14 ឆ្នាំ មុន

ខេត្តក្រចេះ ៖ ​ឈើប្រណីតខុសច្បាប់​មាន​ចំនួន​រាប់​សិបកំ​ណាត់ ត្រូវ​​បង្ក្រាប​ដោយ​ក្រុម​​សមត្ថកិច្ច​ចម្រុះ​ក្រោយ​ពី​ការចុះ​ឆែក​ទីតាំង​ស្ដុក​ឈើ​ប្រណីត​មួយ​​នៅ​ចំណុចព្រៃ​ចំការ​ខាង​ក្រោយភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ត្រើយ​ខាងលិច​ទន្លេមេគង្គ ​កាលពី​ថ្ងៃ​ទី​១២ ឧសភា

ខេត្តក្រចេះ ៖ ​ឈើប្រណីតខុសច្បាប់​មាន​ចំនួន​រាប់​សិបកំ​ណាត់ ត្រូវ​​បង្ក្រាប​ដោយ​ក្រុម​​សមត្ថកិច្ច​ចម្រុះ​ក្រោយ​ពី​ការចុះ​ឆែក​ទីតាំង​ស្ដុក​ឈើ​ប្រណីត​មួយ​​នៅ​ចំណុចព្រៃ​ចំការ​ខាង​ក្រោយភូមិ​ព្រែកជីក ឃុំ​សោ​ប ស្រុក​ព្រែក​ប្រសព្វ ត្រើយ​ខាងលិច​ទន្លេមេគង្គ ​កាលពី​ថ្ងៃ​ទី​១២ ឧសភា ។

ឈើប្រណីត​មាន​ចំនួន​រាប់​សិបកំ​ណាត់​ដែល​សមត្ថកិច្ច​ចម្រុះ​ឆែកឆេរ​រក​ឃើញ​នេះ​ត្រូវ​​រឹប​អូសយក​ទាំងស្រុង ដោយ​ក្នុង​នោះ​មាន​ឈើ​បេង៣៣៩​ដុំ ស្មើ​នឹង១៣,៥៤៥ម៉ែត្រ​គូប​​ ឈើ​ធ្នង់​ប្រមាណ​ជាង​១៨​ម៉ែត្រគូប ឈើ​​​គ្រញូង​ចំនួន៧៤​ដុំ ស្មើ​នឹង៤៧៧គីឡូក្រាម ព្រមទាំង​មានឈើ​ធ្នង់២៦​ដុំ ស្មើ​នឹង៤,៨៧៤​ម៉ែត្រគូប ឈើ​ទាំងនេះ​ឈ្មួញ​បាន​ដឹក​ជញ្ជូន​យក​មក​ស្ដុក​ទុក ដើម្បី​ដឹក​ជញ្ជូន​ចេញ​តាមទូក​ទៅលក់​បន្ដ​នៅ​ចំណុចកំពង់​រាំង ស្រុក​តំបែរ ខេត្ដ​កំពង់ចាម ដើម្បី​នាំ​ទៅ​លក់​បន្ដ​​នៅ​ច្រក​ព្រំ​ដែន​ប្រទេស​វៀត​ណាម​ ​។

នេះ​ជា​ប្រ​តិ​បត្ដិ​ការ​លើក​ទី​មួយ​សម្រាប់​ការ​ចុះ​បង្ក្រាបទីតាំង​ស្ដុក​ឈើ​ដ៏ច្រើន​បំផុត​ក្នុង​ទឹកដី​ស្រុក​ព្រែក​ប្រសព្វភាគ​ខាងលិច​ទន្លេមេគង្គខេត្ដ​ក្រចេះដែល​កន្លង​មក​ត្រូវ​បាន​គេ​ដឹង​ថា តំបន់​នេះ​ត្រូវ​បាន​ឈ្មួញ​ធ្វើ​សកម្មភាព​យ៉ាង​ក្ដៅ​គគុក​តាម ទូក និង​រូបភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀតទៅ​លើ​ការ​ដឹក​ជញ្ជូន​ឈើ​គ្រប់​ប្រភេទ ទាំង​យប់​ទាំង​ថ្ងៃ ហើយក៏​មិន​ដែល​ឮ​ថា មាន​អាជ្ញា​ធរមាន​សមត្ថ​កិច្ច​ណាមួយ​បង្ក្រាប​បាន​ដែរ គឺ​ថែម​ទាំង​បណ្ដែត​បណ្ដោយ​ឱ្យ​ក្រុម​ឈ្មួញ​ទាំងនោះ​ដឹក​ជញ្ជូន​ដោយសេរីតាម​ទំនើងចិត្ដ​។ ក្នុង​សកម្មភាព​​បង្ក្រាប​​ឈើ​យ៉ាងច្រើន​មួយ​ករណី​នេះគឺ​មានការ​ដឹកនាំ​ផ្ទាល់​ពី​លោកញាណ សា​រ៉ោ អភិបាលរង លោកងិ​ន ពេជ្រ ព្រះរាជអាជ្ញា​រង​អម​សាលា​ដំបូង​​ខេត្ដ មន្ដ្រី​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ដ និង​កម្លាំងប៉ូលិស​ជា​ច្រើន​រូប​ទៀត​។

ទីតាំង​ស្ដុក​ឈើ​ប្រណីត​ដ៏​ធំ​មួយ​នេះ គឺ​ស្ថិត​ក្នុង​ដែន​រដ្ឋបាល​សង្កាត់​ព្រៃឈើ​ជ្រោយ​បន្ទាយ ហើយ​ឈើ​ទាំង​អស់នេះ​គេ​ដឹង​ថា ពួក​ឈ្មួញ​បាន​​ជញ្ជូន​តាមរទេះគោ​ក្របី​ចេញពី​ព្រៃ​ប្រមូល​យក​ទៅស្ដុក​ទុក​នៅ​ក្រោយ​ភូមិ និងមួយ​ចំនួន​ទៀត​ក្រុម​ឈ្មួញ​​យក​ទៅ​ផ្ញើ​តាម​ផ្ទះ​ប្រជាពល​រដ្ឋនៅ​ជិតខាង​ដោយ​ឱ្យប្រាក់​ឈ្នួល ហើយ​កន្លង​មក​គឺធ្លាប់​បាន​ដឹក​ចេញ​បន្ដ​ជា​ញឹក​ញាប់​ណាស់ តែ​មិនឃើញ​មានការ​បង្ក្រាប ។ ក្នុង​ប្រត្ដិបត្ដិ​ការ​នោះ ​​សមត្ថកិច្ច​នៅ​មិន​ចាប់ខ្លួន​ម្ចាស់​ឈើ​ណា​ម្នាក់​ទេ​ ប៉ុ​ន្ដែ​សមត្ថកិច្ច​បាន​បញ្ជាក់​អះអាងថា ​ជន​ជាម្ចាស់​ដែល​បាន​រត់​គេច​ខ្លួន​នេះ​គឺ​សមត្ថកិច្ច​បាន​ស្គាល់​អត្ដសញ្ញាណ​ហើយៗ​កំពុង​តែ​តាម​ស្រាវជ្រាវ​ ។ ​ឈើទាំង​អស់នេះ​គេ​ដឹង​ថា មាន​ចំនួន​ច្រើន​ម្ចាស់ ។ តាម​អ្នកស្រុក​ឱ្យ​ដឹង​ថា ក្រៅ​ពី​​ទីតាំង​ស្ដុក​ឈើ​ដ៏​ធំ​មួយ​ដែល​ត្រូវ​បង្ក្រាប​នេះ នៅ​មាន​ទីតាំង​ស្ដុក​ឈើ និងការ​រកស៊ី​ដឹក​ជញ្ជូន​ឈើ​ខុសច្បាប់ ជា​ពិសេស​ឈើ​ប្រណីត​ជា​ច្រើន​ទីតាំង​ទៀតដែល​គេមិន​បាន​យកចិត្ដទុកដាក់ បង្ក្រាប ព្រោះ​វា​ជា​ឆ្នាំងបាយ​របស់​សមត្ថកិច្ច​ ៕