ខេត្តកំពត ៖ យុវជនឈាមរាវតណ្ហាក្រាស់៣នាក់ក្នុងចំណោមបក្សពួក៩នាក់ ត្រូវបានប៉ូលិសស្រុកទឹកឈូ ឃាត់ខ្លួនប្រគល់ឱ្យប៉ូលិសការិយាល័យជួញដូរផ្លូវភេទ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្តកំពត ដោយមានជាប់ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈរួមគ្នាលើស្ត្រីម្នាក់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី១៣ ឧសភា នៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។
តាមបណ្តឹងរបស់ម្តាយមីងស្ត្រីរងគ្រោះឱ្យដឹងថា នាងមានអាយុ២០ឆ្នាំ មានទីលំនៅស្រុកឈូក បានមកលេងផ្ទះគាត់តាំងពីថ្ងៃបុណ្យចូលឆ្នាំម៉្លេះ ហើយប្តីគាត់បានឃាត់ឱ្យនៅលេង២-៣ថ្ងៃទៀតចាំទៅវិញ ដើម្បីគាត់បានផ្ញើត្រីងៀតខ្លះទៅផ្ទះឱ្យម្តាយឪពុកបងប្អូនហូប ពីព្រោះនៅកោះស្លាក្រត្រីសាច់ណាស់ ហើយក្មួយស្រីក៏នៅលេងបន្ត។
បណ្តឹងម្តាយមីងបន្តទៀតថា គាត់បាត់ក្មួយ២យប់ ចេះតែដើរសួររកតាមផ្ទះអ្នកភូមិតែរកមិនឃើញ លុះដល់យប់ទើបឃើញក្មួយគាត់មកផ្ទះ រួចប្រាប់ថា គេចាប់រំលោភ រូបគាត់ក៏ទៅប្តឹងប៉ូលិសប៉ុស្តិ៍ឃុំព្រែកត្នោត តាមដំណើររឿង ទើបថ្ងៃទី១៤ ឧសភា ប៉ូលិសបានចុះទៅចាប់បានជនសង្ស័យ៣នាក់ក្នុងចំណោមបក្សពួក៩នាក់។ រីឯ៦នាក់ទៀតក្រោយពីធ្វើសកម្មភាពរំលោភសេពសន្ថវៈរួចបានរត់គេចខ្លួនអស់ទៅ។
តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកទឹកឈូឱ្យកោះសន្តិភាពដឹងថា ក្រោយពីកម្លាំងសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលឃុំកោះតូច និងឃុំព្រែកត្នោតបញ្ជូនជនសង្ស័យទាំង៣នាក់មកដល់អធិការដ្ឋាននគរបាលស្រុកទឹកឈូ នៅវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ឧសភា ក៏បានបញ្ជូនជនសង្ស័យទាំង៣នាក់ទៅកាន់ការិយាល័យប្រឆាំងការជួញដូរ និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។
លោកវរសេនីយ៍ត្រី ហ៊ីង ឈុំ អនុប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌នៃស្នងការដ្ឋាននគរបាលខេត្តឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាន ១-ឈ្មោះវ៉ា ថន ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ, ២-ឈ្មោះពៅ ទី ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យត្រពាំងរពៅ និង៣-ឈ្មោះស៊ិន វាសនា ភេទប្រុស អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១០នៃវិទ្យាល័យត្រពាំងរពៅ ឃុំព្រែកត្នោតដូចគ្នា មានទីលំនៅភូមិព្រែកអំពិល ឃុំកោះតូច ស្រុកទឹកឈូ។ ដោយឡែកឈ្មោះពៅ ទី និងឈ្មោះវ៉ា ថន មានទីលំនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ។
លោកវរសេនីយ៍ត្រី ហ៊ីង ឈុំ បន្តទៀតថា តាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់ឱ្យសមត្ថកិច្ចដឹងថា ពួកគេមានគ្នា៩នាក់ ១-ឈ្មោះវ៉ា ថន, ២-ឈ្មោះពៅ ទី, ៣-ឈ្មោះស៊ិន វាសនា, ៤-ឈ្មោះរដ្ឋា, ៥-ឈ្មោះបូ, ៦-ឈ្មោះស៊ីថា, ៧-ឈ្មោះឃូន, ៨-ឈ្មោះធូ និង៩-ឈ្មោះវៀត។ ក្នុងចំណោមពួកគេទាំង៩នាក់នេះ ឈ្មោះរដ្ឋា ជាសង្សាររបស់នារីរងគ្រោះ។ នៅមុនពេលកើតហេតុ ពួកគេបានសាច់គោឡានបុកងាប់មួយគីឡូក្រាមយកមកធ្វើម្ហូបក្លែមស្រាថ្នាំ។ ក្រោយពេលស្រវឹងស្រាឈ្មោះរដ្ឋា ដែលជាដៃគូនារីរងគ្រោះបានបបួលគូកន៨នាក់ទៀតទៅលេងផ្ទះបារាំង ដែលគេសង់ចោលនៅជិតនោះ រួចនាំទាំងនារីរងគ្រោះជាដៃគូនោះទៅមុនគេ ហើយខ្សឹបប្រាប់ពួកគេទាំង៨នាក់ថា ចាំអញចេញ ចាំពួកឯងចូលម្តងម្នាក់ទៅ។ ក្រោយមកពេលឈ្មោះរដ្ឋា បានរួមភេទជាមួយនារីរងគ្រោះរួច ខ្លួនគេក៏គេចខ្លួនបាត់ទៅ រួចហើយគូកនទាំង៨នាក់បានចូលម្នាក់ម្តងទៅរំលោភតាមសម្តីរដ្ឋាប្រាប់ទាំងអស់គ្នា តែខ្លះក៏បានសម្រេច ខ្លះក៏ពុំបានសម្រេច។
ជនសង្ស័យ៣នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបានសារភាពថា ខ្លួនចូលក្នុងវេនទី៦ទៅទី៩ពុំបានសម្រេចទេ ដោយសារមានបក្សពួកខ្លួននៅស្រែកហៅពីក្រៅឱ្យបញ្ចប់។ ដោយខ្លួនស្រវឹងស្រាផង និងមានចិត្តអាណិតនារីរងគ្រោះផងក៏មិនបានរំលោភទេ។
លោកបន្តទៀតថា ក្នុងករណីសេពសន្ថវៈខាងលើ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ទៅសាលាដំបូងដើម្បីចាត់ការតាមផ្លូវច្បាប់នៅថ្ងៃទី១៥ ឧសភា។ រីឯជន៦នាក់ជាបក្សពួកដែលរត់គេចខ្លួន សមត្ថកិច្ចកំពុងសុំដីកាពីតុលាការដើម្បីតាមចាប់យកមកផ្តន្ទាទោសតាមច្បាប់ផងដែរ៕
ចែករំលែកព័តមាននេះ