ខេត្តសៀមរាប ៖ ក្រុមជនសង្ស័យជាមុខសញ្ញាអ្នកប្រើប្រាស់ និងចែកចាយថ្នាំញៀនប្រុស-ស្រីចំនួន១០នាក់ បានត្រូវកម្លាំងសមត្ថកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនរួមជាមួយវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកាលពីព្រឹកថ្ងៃទី១៣ ឧសភា កន្លងមក ។
តាមព័ត៌មានពីសមត្ថកិច្ចប៉ូលិសបានឱ្យដឹងថា ក្រុមជនសង្ស័យជាមុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀនប្រុស-ស្រីដែលត្រូវឃាត់ខ្លួនទៅសាលាដំបូងខេត្តទាំង១០នាក់នោះ ១-ឈ្មោះអោន ហោះ ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិគោកល្វា ឃុំចាឈូក ស្រុកអង្គរជុំ ខេត្តសៀមរាប ២-ឈ្មោះតាំង គឹមហ៊ាង ភេទប្រុស អាយុ២២ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប ៣-ឈ្មោះឈឿន ស្រីដា ភេទស្រី អាយុ៣០ឆ្នាំ ៤-ឈ្មោះម៉េង សៀក ភេទប្រុស អាយុ៣០ឆ្នាំ ជាសង្សារ ទីលំនៅបច្ចុប្បន្នផ្ទះជួល ស្នាក់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ៥-ឈ្មោះឡេ សុភ័ក ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិទក្សិណខាងត្បូង សង្កាត់គោកចក ក្រុងសៀមរាប ជាអ្នកចែកចាយ និង៥នាក់ទៀតគឺជាអ្នកប្រើប្រាស់។
លោកវរសេនីយ៍ទោភឹង ចិន្តារ៉េត នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្ត បានឱ្យដឹងថា ក្រុមជនអ្នកចែកចាយថ្នាំញៀន និងអ្នកប្រើប្រាស់ខាងលើនេះត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់ក្នុងប្រតិបត្តិការចុះបង្ក្រាបនៅក្រុងសៀមរាបចំនួន២ករណី ដែលធ្វើឡើងនៅវេលាម៉ោង១និង៤០នាទីរសៀលថ្ងៃទី១១ ឧសភា ២០១១ ដកហូតបានវត្ថុតាងរួមមាន ម៉ាទឹកកកចំនួន២១កញ្ចប់តូច-ធំ ថ្នាំសម្រើប១កញ្ចប់ ព្រមទាំងសម្ភារពាក់ព័ន្ធ ប្រើប្រាស់ក្នុងសកម្មភាពផ្សេងៗមួយចំនួនទៀត។
លោកវរសេនីយ៍ទោបានបន្តថា អនុវត្តតាមបទបញ្ជាណែនាំរបស់លោកឧត្តមសេនីយ៍ស្នងការនគរបាលខេត្តឆ្លើយតបទៅនឹងវិធានការគោលនយោបាយដែលមានលក្ខណៈសំខាន់៥យ៉ាងរបស់ភូមិ-ឃុំមានសុវត្ថិភាព គឺគ្មានសកម្មភាពលួចឆក់ គ្មានការផលិតចែកចាយ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ គ្មានអំពើអនាចារជួញដូរផ្លូវភេទ និងអំពើហិង្សាក្នុងគ្រួសារគ្មានក្មេងទំនើង និងគ្មានការលេងល្បែងភ្នាល់ស៊ីសងខុសច្បាប់គ្រប់ប្រភេទ ការប្រើប្រាស់អាវុធ និងបទល្មើសគ្រប់ប្រភេទនោះ ជាលទ្ធផលគិតចាប់ពីថ្ងៃទី៦ មេសា ឆ្នាំ២០១១ មកត្រឹមថ្ងៃទី១១ ឧសភា ឆ្នាំ២០១១ គឺបង្ក្រាបមុខសញ្ញាប្រើប្រាស់ និងចែកចាយថ្នាំញៀននៅក្រុងសៀមរាបបានចំនួនសរុប១៣ករណី ឃាត់ខ្លួនក្រុមជនសង្ស័យបញ្ជូនទៅសាលាដំបូងចំនួន៨០នាក់ ក្នុងនោះស្រី១៨នាក់ ៕
ចែករំលែកព័តមាននេះ