រាជធានីភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ បានបើកសវនាការជំនុំជម្រះលើបណ្តឹងទាស់របស់ជាប់ចោទម្នាក់ ដែលកើតទុកមិនសុខចិត្ត ចំពោះសាលក្រមសម្រេចដោយកំបាំងមុខ ។
សវនាការបានធ្វើឡើងជាសាធារណៈ ដឹកនាំដោយលោក ស សំណាង ចៅក្រមជំនុំ ជម្រះសាលាដំបូងរាជធានីភ្នំពេញ និងចំពោះមុខជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រី អាយុ៥៩ឆ្នាំ ដោយបានប្តឹងទាស់នឹងសាលក្រមកំបាំងមុខ ដែលផ្តន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន២ឆ្នាំ ពីបទ.ឆបោក រឿងរកស៊ីទិញលក់ដី និងផ្ទះ ខ្យល់ ។
សវនាការបន្ទាប់ពីបញ្ចប់ការសាកសួរដេញដោល ចៅក្រមជំនុំ ជម្រះបានប្រកាសសម្រេចតម្កល់សាលក្រមលើកដំបូងទុកជាបានដដែល ប៉ុន្តែកែប្រែសំណងរដ្ឋប្បវេណី តម្រូវឲ្យជនជាប់ចោទសងសំណងជំងឺចិត្តទៅដើមបណ្តឹង ចំនួន ២,២៨៧,៥០០ ដុល្លារអាមេរិក (ពីលាន២សែន៨ម៉ឺន៧ពាន់៥រយដុល្លារអាមេរិក) ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ លោក ស សំណាង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសសាលក្រមកំបាំងមុខ ដោយផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ទួន សេរីលក្ខិណា ភេទស្រីអាយុ៥៩ឆ្នាំ មានទីលំនៅផ្ទះលេខ៤ឈ ផ្លូវរថទេះភ្លើង ភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ និងផ្ទះលេខ១៨ ផ្លូវលេខ១ បុរីពិភពថ្មីចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដាក់ពន្ធនាគារកំណត់២ឆ្នាំ ពីបទ.ឆបោក (លក់ដី និងផ្ទះខ្យល់) ប្រព្រឹត្តនៅចំណុចផ្ទះលេខ៣៥B ផ្លូវលេខ៦០៦ សង្កាត់បឹងកក់២ ខណ្ឌទួលគោក កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ រហូតដល់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ ដែលបទល្មើសព្រហ្មទណ្ឌ មានចែងតាមបញ្ញតិមាត្រា ៣៧៧ និងមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ ។
សាលក្រមនោះក៏បានសម្រេចឲ្យជនជាប់ចោទ សងប្រាក់ទៅជនរងគ្រោះដើមបណ្តេងរដ្ឋប្បវេណី ដែលមានមេធាវីតំណាងការពារក្តីដោយអាណត្តិចំនួន ៥,៥៥០,០០០ (ប្រាំលានប្រាំសែនប្រាំម៉ឺនដុល្លារអាមេរិក) និងជំងឺចិត្ត និងការខូចខាតចំនួន ៥០០.០០០ (ប្រាំសែនដុល្លារអាមេរិក) ទៀត ។ សាលក្រម បានទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយ មិនសុខចិត្តចំពោះការកាត់ក្តីនេះ ៕
រថយន្តអនុរក្សដឹកជនជាប់ចោទមកសវនាការ
ជនជាប់ចោទមុនចាប់ខ្លួន
ចែករំលែកព័តមាននេះ