រាជធានីភ្នំពេញ ៖ សាស្ត្រាចារ្យផ្នែកឧបករណ៍ភ្លេងបុរាណ លោក យុន ធារ៉ា បានធ្វើការសំណូមពរដល់លោកគ្រូ អ្នកគ្រូ និងអ្នកសម្តែងចាប៉ីទាំងអស់ គួរហាត់ឧបករណ៍មួយនេះបន្ថែមឲ្យបានល្អ ទើបអាចរំលេចឧបករណ៍ចាប៉ីនេះឲ្យកាន់តែល្បី ដោយយកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន ធ្វើជាគំរូ។
សាស្ត្រាចារ្យរូបនេះ បានបញ្ជាក់ថា ក្រៅពីសំឡេង អត្ថរូប អត្ថរស និងចំណាប់ចុងចួនរណ្តំល្អប្រសើរហើយ គួរហ្វឹកហាត់សម្តែងឧបករណ៍ចាប៉ីដងវែងនេះឱ្យបានល្អបន្ថែម ដោយមើលទៅលើការលេងរបស់លោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន យ៉ាងហោចណាស់ក៏ប្រហាក់ប្រហែលឬក្រោមបន្តិចក៏ល្អ ។

លោក យុន ធារ៉ា បានបង្ហោះសារនៅលើបណ្តាញសង្គមថា «លោកព្រឹទ្ធាចារ្យភិរម្យ ប្រាជ្ញ ឈួន សម្តែងទោលចាប៉ីដងវែងមាន៦បទ (១-ផាត់ជាយ ២-សារោមេ ៣-ផាត់ជាយក្លាយ ៤-នរគរាជ ៥-បំពេ និង៦-បង្គងក្អែក) បន្តបន្ទាប់គ្នាមិនដាច់ (Nonstop) ល្អគ្មាន២ នៅលើពិភពលោកយើងនេះ»។
លោកថា «សំណូមពរខ្ញុំចំពោះលោកគ្រូ អ្នកគ្រូ លោក លោកស្រី អ្នកនាង កញ្ញា ដែលចេះសម្តែងចម្រៀងចាប៉ីដងវែង ក្រៅពីសំឡេង អត្ថរូប អត្ថរស និងចំណាប់ចុងចួនរណ្តំ (ទាំងក្នុងល្បះ និងឆ្លងល្បះ) ល្អប្រសើរហើយ សូមមេត្តាហ្វឹកហាត់សម្តែងឧបករណ៍ចាប៉ីដងវែងនេះឱ្យបានល្អផង បើមិនបានប្រហែលលោកព្រឹទ្ធាចារ្យ ភិរម្យ ប្រាជ្ញ ឈួន យ៉ាងហោចណាស់ក៏ប្រហាក់ប្រហែល ឬក្រោមគាត់បន្តិចបន្តួច ទើបអាចរំលេចឧបករណ៍ចាប៉ីឱ្យល្បីលើពិភពលោកបាន។ បំណងល្អក្នុងន័យស្ថាបនា»។

បន្ថែមពីលើអ្វីដែលបានបង្ហោះនេះ លោកសាស្ត្រាចារ្យ យុន ធារ៉ា ក៏បានអះអាងបញ្ជាក់ប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចផងដែរថា «អ្វីដែលលោកសំណូមពរនេះ គឺមានគោលបំណងចង់ឲ្យសិល្បៈផ្នែកចាប៉ីដងវែងនេះកាន់តែល្អ និងមានភាពទាក់ទាញសម្រាប់អ្នកទស្សនាតែប៉ុណ្ណោះ»។
លោកបញ្ជាក់ថា «លោកមិនបានបន្ទោសបង្អាប់ទៅលើអ្នកសម្តែងសិល្បៈចាប៉ីដងវែងណាម្នាក់ឡើយ ពោលគឺលោកគ្រាន់តែមានបំណងចង់ឲ្យអ្នកលេងចាប៉ីដងវែងទាំងអស់គួរគិតពីការលេងឧបករណ៍ចាប៉ីឲ្យបានល្អផង ពោលគឺកុំគិតតែពីការច្រៀងពីរោះ និងការចាប់ចុងជួនល្អតែមួយមុខ»។

យ៉ាងណា លោកបន្ថែមថា «ករណីនេះ វាអាចពិបាកដែរ ព្រោះបើមានការតឹងតែងពេកនោះ វានឹងរឹតតែពិបាក ដើម្បីទាក់ទាញឲ្យអ្នកមកហាត់រៀន ប៉ុន្តែយើងក៏គួរតែគិតពីបញ្ហានេះដែរ ចំពោះអ្នកចង់ចាប់យកសិល្បៈបុរាណផ្នែកមួយនេះ ដើម្បីឲ្យវាកាន់តែល្អប្រសើរ»។
យ៉ាងណា បើតាមលោកសាស្ត្រាចារ្យ យុន ធារ៉ា ថា «លោកសូមលើកទឹកចិត្តចំពោះអ្នកហាត់រៀនចាប៉ីដងវែង ដោយសារសិល្បៈនេះ អ្នកសម្តែងមិនពិបាកប្រមូលគ្នាច្រើន ហើយប្រាក់ចំណូលក៏បានច្រើន ប្រសិនបើយើងហាត់រៀនបានល្អតាមក្បួនខ្នាត និងមើលលំនាំតាមព្រឹទ្ធាចារ្យជើងចាស់ៗ»។

ដោយឡែកពាក់ព័ន្ធបញ្ហាខាងលើនេះ អ្នកសិល្បៈចាប៉ីដងវែង គឺលោក សាន សុវណ្ណឌឿន បានយល់ស្របចំពោះការលើកឡើងរបស់លោកព្រឹទ្ធាចារ្យ យុន ធារ៉ា នាពេលនេះ ប៉ុន្តែលោកក៏បានស្នើឲ្យមានសាលារៀនត្រឹមត្រូវលើសិល្បៈបុរាណមួយនេះផងដែរ។
លោកបានអះអាងប្រាប់កោះសន្តិភាពឱ្យដឹងថា «ក្រសួងវប្បធម៌ គួរមានសាលាមួយបង្ហាត់ចាប៉ីដងវែងច្បាស់លាស់ ដោយយកលំនាំតាមលោក ប្រាជ្ញ ឈួន មួយផ្លូវ តាមលោក គង់ ណៃ មួយផ្លូវ និងលោក នេត ប៉េ, លោក ម៉ន ស៊ុន មួយផ្លូវជាដើម។ល។»។

លោកបញ្ជាក់ថា «បន្តិចទៀត ធនធានចាស់ៗដែលនៅសល់អាចនឹងបាត់បង់សមត្ថភាពសម្តែងហើយ ដោយសារពួកគាត់កាន់តែចាស់ទៅៗ និងកំពុងមានផ្ទុកនូវជំងឺ ហើយបើយើងមិនរក្សាពួកគាត់ឲ្យហ្វឹកហាត់ និងគ្មានកន្លែងឲ្យពួកគាត់ហ្វឹកហាត់នោះ លោកធានានឹងអាចបាត់បង់»។
បើតាមលោក សាន សុវណ្ណឌឿន បញ្ជាក់ទៀតថា សម្រាប់រូបលោក គឺលោកទទួលស្គាល់ថា លោកអាចមានជំនាញក្នុងការច្រៀងចាប់ចុងជួនប៉ុណ្ណោះ ហើយសម្រាប់ការលេងឧបករណ៍ គឺលោកធ្វើមិនសូវបានល្អឡើយ ប៉ុន្តែប្រសិនបើមានសាលាហាត់រៀនត្រឹមត្រូវនោះ លោកអាចនឹងទៅរៀនបន្ថែម»។ លោកថា «សំខាន់ការលើកទឹកចិត្ត ហើយលោកជឿថា ប្រសិនបើយើងចេះខ្លះហើយ សម្រាប់ការហាត់រៀនឧបកណ៍ភ្លេងបន្ថែមនោះ គឺនឹងមិនពិបាកឡើយ» ។

ចំណែកលោក ពេជ សារ៉ាត ប្រធានសហគមន៍ចាប៉ីអមតៈ ក៏បានលើកឡើងដែរថា «បើយើងហាត់រៀនយកតាមលំនាំលោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន នោះ ប្រាកដណាស់គឺការប្រគំបទភ្លេង និងការច្រៀងមានបទចំនួន៦បទ ដែលជាបទគោលនៃចាប៉ីដូចការលើកឡើងរបស់លោកសាស្ត្រាចារ្យ យុន ធារ៉ា នេះ»។

លោកបញ្ជាក់ថា «សម្រាប់អ្នកលេងចាប៉ីដងវែងសម័យនេះ គឺមានចំណង់ចំណូលចិត្តផ្សេងៗពីគ្នា ដោយអ្នកខ្លះលេងយកលំនាំតាមរបៀបលោកតា ប្រាជ្ញ ឈួន លោកតា គង់ ណៃ ឬលោកតា ពូថៅដៃ ជាដើម។ល។ ហើយការលេងតាមលំនាំនេះ ក៏អាស្រ័យទៅលើទស្សនិកជនដែលគាត់ចូលចិត្តលំនាំតាមព្រឹទ្ធាចារ្យណាម្នាក់ប៉ុណ្ណោះ»។
យ៉ាងណាបើតាមលោក ពេជ សារ៉ាត ថា «សម្រាប់លោក ការច្រៀង ប្រគំចាប៉ីដងវែង គឺលោកទទួលស្គាល់ថា លោកព្រឹទ្ធាចារ្យ ប្រាជ្ញ ឈួន គឺពិតជាពីរោះ ផ្អែមរណ្តំ ដែលយើងជាអ្នកហាត់រៀនបន្តវេនគួរយកគំរូតាម និងប្រឹងប្រែងហាត់រៀនឲ្យល្អប្រសើរ»៕





ចែករំលែកព័តមាននេះ