ក្រុងប៉ោយប៉ែត ៖ ស្ត្រីចំណាស់ជនជាតិសៀមម្នាក់ត្រូវប៉ូលិសក្រុងប៉ោយប៉ែតឃាត់ខ្លួនពីបទឆ្លងដែនខុសច្បាប់កាលពីវេលាម៉ោង១៨ និង២០នាទី ថ្ងៃទី១៤ ឧសភា នៅភូមិបាលិលេយ្យចំណុចចាន់គិរី សង្កាត់ប៉ោយប៉ែត។ ស្រ្តីនោះមានឈ្មោះប៊ុន តាក់ខូត អាយុ៥៧ឆ្នាំ។
ទាក់ទិនទៅនឹងការឃាត់ខ្លួនស្ត្រីចំណាស់រូបនោះប៉ូលិសប្រាប់ថា ស្ត្រីចំណាស់នោះបានឆ្លងដែនចូលមកកម្ពុជាចម្ងាយពីព្រំដែនប្រហែលជិត៤គីឡូម៉ែត្រហើយឈរជ្រកភ្លៀងក្រោមដើមឈើនៅខាងត្បូងឆៀងខាងលិចទីបញ្ជាការប៉ូលិសការពារព្រំដែនគោកវរសេនាតូចលេខ៩១១ ដោយពុំមាននរណាដឹងថាគាត់ជាជនជាតិសៀមទេ ។ ស្ត្រីនោះមានកាបូបខោអាវមួយជាប់ខ្លួនដែលក្នុងកាបូបនោះមានអាវទាំងតូចទាំងធំចំនួន២១ និងខោ១០។
ប៉ូលិសបន្តទៀតថា ដោយមើលឃើញគួរឱ្យអាណិតក្មេងស្រីម្នាក់បានហៅស្ត្រីចំណាស់រូបនោះឱ្យចូលផ្ទះរបស់នាងដើម្បីឱ្យជ្រកភ្លៀង។ ពេលដឹងថា ជាជនជាតិសៀម គ្រួសារក្មេងស្រីនោះរាយការណ៍ដល់ប៉ូលិសទើបឃាត់ខ្លួនគាត់ទៅសាកសួរ។
មន្ត្រីប៉ូលិសក្រុងបន្តថា យោងតាមការសួរនាំស្ត្រីនោះនិយាយថា មុនឆ្លងមកដល់ដីខ្មែរ គាត់ត្រូវតម្រួតសៀមចាប់ពីវត្តមួយឈ្មោះវត្តប៉ាឆាយម៉ុងឃុន ប៉ុន្តែមិនស្គាល់ឈ្មោះខេត្តទេ ហើយបានដាក់គុកចំនួន៧យប់ពីបទគ្មានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន ។ ក្រោយពេលឃុំខ្លួននៅក្នុងគុកជាមួយជនជាតិខ្មែរមកត្រូវតម្រួតសៀមបញ្ជូនទៅជាមួយពលករខ្មែរ លុះមកដល់ផ្សារលុងក្លឿក៏ដាក់ឱ្យគាត់ចុះពីរថយន្ត។ បន្ទាប់មកគាត់ដើរតាមច្រករបៀងមួយពីផ្សារលុងក្លឿដោយពុំដឹងទិសដៅទេ។
ស្ត្រីជនជាតិសៀមរូបនោះគ្មានអត្តសញ្ញាណប័ណ្ណជាប់ខ្លួនទេ ហើយពេលសួរនាំរកស្រុកភូមិឆ្លើយថា អត់ដឹង ។ លោកអនុសេនីយ៍ឯកអ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់កោះសន្តិភាពថា ជាគោលការណ៍ស្ត្រីចំណាស់ជនជាតិសៀមរូបនោះក្រោយពេលសួរនាំធ្វើកំណត់ហេតុរួច នឹងបញ្ជូនទៅស្នងការដ្ឋានខេត្តដើម្បីចាត់ការបន្ត៕
ចែករំលែកព័តមាននេះ