អតីតប្រធានាធិបតីប៉ាគីស្ថានលោកព័រវេស មូសារ៉ាហ្វ ថ្លែងកាលពីថ្ងៃទី១៤ ឧសភា កន្លងមក ថា លោកនឹងវិលត្រឡប់ទៅកាន់ប្រទេសប៉ាគីស្ថានវិញមិនឱ្យហួសពីខែមីនា ឆ្នាំ២០១២ ខាងមុខឡើយ ដើម្បីបន្តមហិច្ឆតានយោបាយរបស់លោកទៀត បើទោះបីជាលោកកំពុងប្រឈមមុខនឹងដីកាចាប់ខ្លួនពីបទជាប់ពាក់ព័ន្ធជាមួយការធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោកស្រីបេណាហ្សៀប៊ូតូ ក៏ដោយ ។
ឧត្តមសេនីយ៍ចូលនិវត្តន៍រូបនេះ ដែលឡើងកាន់តំណែងប្រធានាធិបតីដោយសាររដ្ឋប្រហារឆ្នាំ១៩៩៩ ហើយលាលែងចេញពីតំណែងនៅឆ្នាំ២០០៨ ឥឡូវនេះកំពុងប្រឈមមុខនឹងសំណួរជាច្រើន ដែលថា តើរដ្ឋាភិបាលរបស់លោកដឹងពីកន្លែងលាក់ខ្លួនរបស់មេដឹកនាំភេរវកម្មអាល់កៃដាអូសាម៉ា ប៊ីនឡាដេន ឬអត់ ដែលមេអាល់កៃដារូបនេះបានលាក់ខ្លួននៅតំបន់ក្បែរទីក្រុងអ៊ីស្លាម៉ាដ អស់រយៈពេលជាង៥ឆ្នាំរហូតត្រូវបាញ់ស្លាប់ដោយកងកុំម៉ង់ដូពិសេសអាមេរិកកាលពីដើមខែឧសភា កន្លងមក ។
ទោះបីជាបែបណា លោកមូសារ៉ាហ្វ បានបដិសេធម្តងហើយម្តងទៀតថា រូបលោកនិងភ្នាក់ងារចារកម្មក្នុងស្រុករបស់ប៉ាគីស្ថានមិនបានដឹងអំពីកន្លែងលាក់ខ្លួនរបស់អូសាម៉ា ប៊ីឡាដេន ទេ ហើយលោកថ្លែងថា អាេមរិកនឹងបង្កឱ្យមានកំហុសធ្ងន់ធ្ងរមួយ ដោយសារការទាមទារឱ្យប៉ាគីស្ថានបើកការស៊ើបអង្កេតលើប្រតិបត្តិការចារកម្មផ្ទៃក្នុងរបស់ប៉ាគីស្ថាន ។
លោកមូសារ៉ាហ្វ បច្ចុប្បន្នកំពុងរស់នៅនីរទេសក្នុងទីក្រុងឌូបៃ និងទីក្រុងឡុងដ៍ ក្រោយពីលោកលាលែងចេញពីតំណែង ហើយលោកកំពុងពិចារណាមើលពីកិច្ចខិតខំប្រឹងប្រែង ដើម្បីឈរឈ្មោះជាបេក្ខជនសម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ដែលនឹងរៀបចំឡើងនៅឆ្នាំក្រោយនេះ ។ លោកមូសារ៉ាហ្វ ប្រឈមមុខនឹងការចោទប្រកាន់ដោយរដ្ឋអាជ្ញាថា លោកជាផ្នែកមួយនៃការផ្តួចផ្តើមគំនិតលួចធ្វើឃាតអតីតនាយករដ្ឋមន្ត្រីលោកស្រីបេណាហ្សៀ បូតូ កាលពីចុងឆ្នាំ២០០៧ កន្លងមក ។ លោកស្រី ប៊ូតូ ក៏ដូចជាលោកមូសារ៉ាហ្វ ដែរបានរស់នៅនីរទេសក្នុងទីក្រុងឌូបៃ មុនពេលវិលត្រឡប់ទៅកាន់ប៉ាគីស្ថានវិញ ។
លោកមូសារ៉ាហ្វ បានបដិសេធថា លោកមិនមានជាប់ពាក់ព័ន្ធជាមួយការស្លាប់របស់លោកស្រីប៊ូតូទេ ៕
ចែករំលែកព័តមាននេះ