ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ទឹក​ឡើង​! ពលរដ្ឋ​នាំ​គ្នា​ចាប់​សត្វ​កណ្ដុរ​លក់ រក​ចំណូល​ជាង​១០​ម៉ឺន​រៀល​ក្នុង​មួយ​ថ្ងៃ​(​វី​ដេ​អូ​)

7 ខែ មុន
  • កំពង់ឆ្នាំង

បើ​ទោះបីជា​សត្វ​កណ្ដុរ គឺជា​សត្វ​ចង្រៃ ហើយ​អ្នកខ្លះ​មិន​ចូល​ចិត្ត​វា ថា​ជា​សត្វ​គួរ​ឱ្យ​ខ្ពើម​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​សត្វ​កណ្ដុរ នៅ​តែ​ជា​ចំណីអាហារ​យ៉ាង​ឆ្ងាញ់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកមាន​ចំណូលចិត្ត​ទទួល​ទាន​វា​ផង​ដែរ​។ ដោយហេតុ​នេះ ធ្វើ​ឱ្យ​មាន​ទីផ្សារ​សាច់សត្វ​កណ្តុរ ក៏​ដូច​ជា

ខេត្តកំពង់ឆ្នាំង ៖ បើ​ទោះបីជា​សត្វ​កណ្ដុរ គឺជា​សត្វ​ចង្រៃ ហើយ​អ្នកខ្លះ​មិន​ចូល​ចិត្ត​វា ថា​ជា​សត្វ​គួរ​ឱ្យ​ខ្ពើម​យ៉ាងណា​ក្តី ក៏​ប៉ុន្តែ​សត្វ​កណ្ដុរ នៅ​តែ​ជា​ចំណីអាហារ​យ៉ាង​ឆ្ងាញ់​សម្រាប់​ប្រជាពលរដ្ឋ​ដែល​ជា​អ្នកមាន​ចំណូលចិត្ត​ទទួលទាន​វា​ផង​ដែរ​។ ដោយហេតុ​នេះ ធ្វើ​ឱ្យ​មាន​ទីផ្សារ​សាច់សត្វ​កណ្តុរ ក៏​ដូច​ជា​បង្កើន​មុខរបរ​ដល់​អ្នកចម្ការ នៅ​ក្នុង​រដូវ​ទឹក​ឡើង ដោយ​បាន​ដាក់​អង្គប់ និង​ប្រមាញ់​សត្វ​កណ្ដុរ​តាម​ដើមឈើ ដើម្បី​យក​មក​លក់​ជា​រៀងរាល់ថ្ងៃ​។

ជា​រៀង​រាល់​ព្រឹក​ព្រលឹម នា​មាត់ទន្លេ​ផ្សារ​ក្រោម ម្ដុំ​ដើម​ពោធិ៍ ស្ថិត​ក្នុងភូមិ​ផ្សារឆ្នាំង សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ហាក់​បាន​ក្លាយទៅជា​ទីផ្សារ​ប្រមូលផ្ដុំ​ទិញ​លក់​សាច់សត្វ​កណ្តុរ​ទៅ​ហើយ នៅ​ក្នុង​រដូវ​ទឹក​ឡើង​រៀង​រាល់​ឆ្នាំ ក្រៅពី​ត្រី និង​បន្លែ​។ ហើយ​ប្រជាពលរដ្ឋ​អ្នកស្រែ​ចម្ការ បាន​ចាប់​សត្វ​កណ្ដុរ រួច​ពន្លាត់ស្បែក​យ៉ាង​ស្អាត រួច​យក​មក​លក់​ឱ្យ​ឈ្មួញ​ចាំ​ទទួល​ទិញ​ដុំ​នៅ​ទីនោះ​។

បើ​តាម​លោក នៅ ស្រៀ​ង ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ពាម​ឆ្កោក ឃុំ​ពាម​ឆ្កោក ស្រុក​ជល​គី​រី ខណៈ​​កំពុង​តែ​ចាប់​សាច់សត្វ​កណ្តុរ​រំលែក​ដាក់​ថង់​នៅ​លើ​កាណូត​បា​ឡា​ស្មាច់ បាន​ប្រាប់​ឱ្យ​ដឹង​ថា់ «ថ្ងៃ​នេះ គាត់​ដាក់​អង្គប់ និង​ឆ្លុះ​ចាប់​សត្វ​កណ្តុរ​បាន​ជាង​២០​គីឡូក្រាម ក្នុង​១​យប់ លុះ​ព្រឹក​ឡើង កា​.​ត់​ក្បាល ពន្លាត់ស្បែក​ឱ្យ​ស្អាត ទើប​ដឹក​យក​មក​លក់​នៅ​ទី​នេះ​»​។

លោក នៅ ស្រៀ​ង បន្ត​ថា «​ការ​ចាប់​សត្វ​កណ្តុល​នេះ មិនមែន​មាន​តែ​គាត់​ម្នាក់ឯង​នោះ​ទេ គឺ​មាន​ច្រើន​គ្នា​ណាស់​។ ហើយ​អ្នកចម្ការ​នៅ​តាម​ដង​ទន្លេ សុទ្ធតែ​ឆ្លៀតពេល​ចាប់​សត្វ​កណ្តុរ​នេះ យក​មក​លក់​ទាំងអស់​គ្នា ព្រោះ​រដូវ​ទឹក​ឡើង ចម្ការ​លិច​ទឹក​អស់ មិនដឹងរ​កអី គឺ​មាន​តែ​ចាប់​កណ្តុរ​នេះ​។ ការ​ចាប់​កណ្តុរ គឺ​ប្រើ​វិធី​ដាក់​អង្គប់ ដោយ​ម្នាក់​ៗ​មាន​ចាប់ពី​៣០០ ទៅ​៤០០ អង្គប់ ហើយ​ពេល​ដាក់​អង្គប់​នៅ​ពេល​យប់​នោះ អ្នកខ្លះ​ក៏​ឆ្លៀត​ឆ្លុះ​ចាប់​តាម​ដើមឈើ​លិច​ទឹក​ដែល​ជា​កន្លែង​សម្ងំ​លាក់ខ្លួន​របស់​សត្វ​កណ្តុរ​ផង​ដែរ​។ ដោយ​ក្នុង​១​យប់ អ្នក​ចាប់​សត្វ​កណ្តុរ អាច​រកបាន​ពី​២០​ទៅ​៣០​គីឡូក្រាម លុះ​ពេល​យក​មក​លក់ គឺ​បាន​៥​ទៅ​៦​ពាន់​រៀល​ក្នុង​១​គីឡូក្រាម តម្លៃ​បោះ​ដុំ តែបើ​លក់រាយ​វិញ ថ្លៃ​ជាង កឺ​ចាប់ពី​៨​ពាន់​ទៅ​១​ម៉ឺន​រៀល​ក្នុង​១​គីឡូក្រាម​។ ចំពោះ ម៉ូយ​ដែល​ទិញ​ពី​អ្នកចម្ការ បាន​ទៅ​លក់​នៅ​ផ្សារឆ្នាំង ផ្សា​រលើ និង​តាម​ផ្សារ​មួយ​ចំនួន​ទៀត នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សត្វ​កណ្ដុរ ដែល​រស់នៅ​លើ​ខ្នង​កោះ វា​គឺជា​សត្វ​ចង្រៃ តែងតែ​ស៊ី​ដំណាំ​ចម្ការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ដូច​ជា ៖ ដំណាំ​ស្រូវប្រាំង​, ដំណាំ​ពោត​, ល្ង​, សណ្តែក និង​ដំណាំ​ធុញ​ជាតិ​ផ្សេង​ទៀត ដែល​ធ្វើ​ឱ្យ​កសិករ​អ្នក​ចាំចម្ការ​ជួប​ការ​លំបាក ក្នុង​ការ​ការពារ​ពី​សត្វ​ចង្រៃ​មួយ​នេះ ។ ប៉ុន្តែ​នៅ​ពេល​ដែល​ខែ​ទឹក​ឡើង​អស់​ទីជម្រក សត្វ​ទាំងនោះ​ត្រូវ​បាន​គេ​ចាប់​ធ្វើ​ជា​ចំណី ហាក់​បាន​បង្កើន​មុខរបរ​ដល់​អ្នកចម្ការ ដោយ​ចាប់​យក​មក​លក់​ជា​រៀងរាល់ថ្ងៃ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ