ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គីភ័យ​លេបត្របាក់​​​ផ្ទះជនបរទេស​​​ទាំង​ព្រឹក​​ រត់​គេច​ពីគ្រោះថ្នាក់​​ទាំងខ្លួន​​​ស្ទើរ​ននលគក​

14 ឆ្នាំ មុន

ខេត្តព្រះសីហនុ ៖​ ផ្ទះ​​មួយ​​ខ្នងថ្ម​​ក្រោម​ឈើ​​​​​លើ​ដែល​ស្ថិត​នៅ​​ក្នុង​​ក្រុមទី៣​ ភូមិ​៥ សង្កាត់​លេខ​​៤ ក្រុង​ព្រះសីហនុ បាន​ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​​កាលពី​ព្រឹក​ថ្ងៃទី​១៤ ឧសភា ​វេលា​ម៉ោង​​១០ ។​ លោក​​ឡុង ប៊ុនហាក់ អាយុ​​៤៨ឆ្នាំ​ ជា​អ្នក​​​ចែក​ចាយ​​ស្រាបៀរ​អង្គរ​ ​ស្នាក់​នៅ​​​ក្បែរ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​​ភ្លើង​​ឆេះ​​​នេះ​ជាកម្ម​សិទ្ធិ​របស់​គាត់

ខេត្តព្រះសីហនុ ៖​ ផ្ទះ​​មួយ​​ខ្នងថ្ម​​ក្រោម​ឈើ​​​​​លើ​ដែល​ស្ថិត​នៅ​​ក្នុង​​ក្រុមទី៣​ ភូមិ​៥ សង្កាត់​លេខ​​៤ ក្រុង​ព្រះសីហនុ បាន​ត្រូវ​អគ្គិភ័យ​​លេប​ត្របាក់​​​កាលពី​ព្រឹក​ថ្ងៃទី​១៤ ឧសភា ​វេលា​ម៉ោង​​១០ ។​ លោក​​ឡុង ប៊ុនហាក់ អាយុ​​៤៨ឆ្នាំ​ ជា​អ្នក​​​ចែក​ចាយ​​ស្រាបៀរ​អង្គរ​ ​ស្នាក់​នៅ​​​ក្បែរ​​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹងថា ផ្ទះ​ដែល​ត្រូវ​​ភ្លើង​​ឆេះ​​​នេះ​ជាកម្ម​សិទ្ធិ​របស់​គាត់ តែគាត់​​បាន​​ជួលឱ្យ​ជន​បរទេស​ឈ្មោះ​ Thomas GnoGuet  ជនជាតិ​បារាំង​​ ស្នាក់​នៅ​​​អស់​រយៈពេល​​៣​ឆ្នាំ​មក​ហើយ ។

យោងតាម​​ជន​បរទេស​​ដែល​ស្នាក់​នៅ​ជា​មួយ​​លោក​ Thomas ​បាន​​ឱ្យ​ដឹង​​ថា ​សំភារ​ដែល​ត្រូវ​ភ្លើង​​ឆេះមាន​ដូចជា​​លិខិត​ឆ្លង​ដែន​ ទិដ្ឋាការប័ណ្ណ​ឥណទាន​ ម៉ូតូ​២គ្រឿង​ម៉ាក​​YAMAHA AX 250 ​ពណ៌​​ស​១គ្រឿង​ និង​ម៉ាក​ HONDA C100 ​ពណ៌​ក្រហម​​១គ្រឿង​ លុយ​​​២០០​ដុល្លារ​ និង​សំភារ​​ប្រើ​ប្រាស់​​មួយ​ចំនួន​​ទៀត​ ។​

តាម​​សម្តី​​នារី​ឈ្មោះ​​ស៊ុម ដានី អាយុ​២៣ឆ្នាំ​​ ដែល​ត្រូវ​​ជា​មិត្ត​​ស្រី​របស់​​ជនបរទេស​​ឈ្មោះ​ MAE ERUS ​ បាន​ឱ្យ​ដឹង​ថា ​នាង​​ពុំ​ដឹង​​​ពី​មូល​ហេតុ​​ដែល​បណ្តាល​​ឱ្យ​កើត​មាន​គ្រោះ​អគ្គិភ័យ​​នេះ​ទេ ។ ​ពេល​​កើត​ហេតុ​​ខាង​លើ​​រូប​នាង​​កំពុង​​សម្រាក​​ក្នុង​បន្ទប់​ជាន់​លើ​ជាមួយ​មិត្ត​ប្រុស​​ ហើយ​​រូប​នាង​ហាក់​បីដូច​​ជាថប់​​ដង្ដើម​​ក៏ចេញ​​មក​​ក្រៅ​​​​​បន្ទប់​​ក្នុង​គោល​បំណង​យក​ខ្យល់​អាកាស​ ។ គ្រាន់​តែ​ឈាន​​ជើងចេញពី​បន្ទប់​​បានមួយ​ជំហានក៏​បាន​​ឃើញ​​អណ្តាត​ភ្លើង​​ឆេះ​វាំងនន​​មុខ​បន្ទប់​​​រួច​​ទៅ​ហើយ​ ធ្វើ​ឱ្យ​នាង​តក់​ស្លុត​​យ៉ាង​ខ្លាំង​ក៏​ស្រែក​​ហៅ​អ្នក​នៅ​ក្នុង​ផ្ទះ​កើត​ហេតុ​នេះ​ដែល​មាន​​​​ជន​បរទេស​​​៣​នាក់​​និង​ស្រី្តខ្មែរ​២​នាក់​ជួយ ​ធ្វើ​ឱ្យ​ពួកគេ​ភ័យ​ស្លន់​ស្លោ​ក៏​នាំគ្នា​ស្ទុះ​​រត់​ចេញ​​ក្រៅ​ផ្ទះ​ ​ដោយ​​មិន​មាន​សម្លៀក​បំពាក់​​ត្រឹម​ត្រូវទេ ។

អណ្តា​តភ្លើង​​ត្រូវ​បាន​​ពន្លត់​​ឱ្យ​រលត់​​ជាស្ថាពរ​នៅ​ម៉ោង​​​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ដដែល​ ដោយ​មានបញ្ជា​​និង​​ដឹកនាំ​ផ្ទាល់​ពី​លោក​​​អ៊ី ថា អនុប្រធាន​ការិយាល័យ​អគ្គិភ័យ​​​និង​លោក​ស្ប៉ោង​ ឈោក ប្រធាន​​ការិយាល័យ​​អគ្គិភ័យ​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​​ខេត្ត​ព្រះ​​សីហនុ។​ លោក​​ស្ប៉ោង​ ​ឈោក បាន​ឱ្យ​ដឹងថា យោង​​តាម​ការ​​សន្និដ្ឋាន​​ជំហាន​​ដំបូង​ គ្រោះ​​អគ្គិភ័យ​នេះ​កើត​ឡើង​បណ្តាល​មកពី​​ភ្លើង​ធូបមូស​​​ដែល​ដុត​ចោល​​​មុខ​បន្ទប់​ ហើយ​ធ្លាក់​ភ្លើង​លើ​​ពូកក៏​ឆេះ​​រាល​ដល់​​វាំង​នន​​ និងផ្ទះ​​​ទាំង​​មូល​​តែ​ម្តង ប៉ុន្តែ​​សំណាង​​​ល្អ​ពុំ​បង្ក​​ឱ្យ​ឆេះ​រាល​ដាល​​ដល់​​ផ្ទះ​​អ្នក​​ដទៃ​ទេ​ ដោយ​សារ​​កម្លាំង​ជំនាញ​របស់​លោក​​ជួយ​ទាន់​ពេល​​វេលា​  ៕