ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ពិនិត្យ​កន្លែង​ទទួល​ទិញ​-​លក់ ​ឬ​បញ្ចាំ​៦​ទីតាំង ​​រក​ឃើញ​៥​កន្លែង​​គ្មាន​​ច្បាប់​​

1 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ទីតាំង​ទ​ទូល​ទិញ លក់ និង​ទ​ទូល​បញ្ចាំ ឬ​បង់​រំ​សល់ ទ្រព្យសម្បត្តិ​យ៉ាងតិច​ចំនួន​០៦​កន្លែង​ក្នុង​ចំណោម​រាប់​សិប​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​ចុះ​ត្រូ​ត​ពិនិត្យ​ឆែកឆេរ​សួរ​រក​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ដោយ​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព ក្រុង និង​ខេត្ត…

ខេត្តបាត់ដំបង ៖ ទីតាំង​ទ​ទូល​ទិញ លក់ និង​ទ​ទូល​បញ្ចាំ ឬ​បង់​រំ​សល់ ទ្រព្យសម្បត្តិ​យ៉ាងតិច​ចំនួន​០៦​កន្លែង​ក្នុង​ចំណោម​រាប់​សិប​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង ត្រូវ​បាន​ចុះ​ត្រូ​ត​ពិនិត្យ​ឆែកឆេរ​សួរ​រក​អាជ្ញាប័ណ្ណ​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់​ដោយ​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព ក្រុង និង​ខេត្ត កាលពី​រសៀល​ថ្ងៃ​ទី​០៧ កញ្ញា តែ​ក្នុង​ចំណោម​០៦​កន្លែង​នេះ មាន​តែ​០១​កន្លែង​ប៉ុណ្ណោះ ដែល​គេ​រក​ឃើញ​មានច្បាប់​អនុញ្ញាត ខណៈ​ទីតាំង​ទ​ទូល​ទិញ លក់ និង​បញ្ចាំ​ដូច​គ្នា​នេះ​រាប់​សិប​កន្លែង​ទៀត ត្រូវ​គេ​ផ្ដល់​សញ្ញា​ឲ្យ​បិទទ្វារ​មុន​ពេល​កម្លាំង​ចម្រុះ​ចុះ​ត្រូ​ត​ពិនិត្យ ។

របាយការណ៍​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រតិបត្តិ​ការណ៍​របស់​កម្លាំង​ចម្រុះ​នៃ​គណៈ​បញ្ជាការ​កងឯកភាព ក្រុង និង ខេត្ត ចុះ​ត្រួតពិនិត្យ​ទីតាំង ទ​ទូល​ទិញ លក់ និង​ទ​ទូល​បញ្ចាំ ឬ បង់​រំលស់ ទ្រព្យសម្បត្តិ​ខាងលើ​នេះ ដឹកនាំ​ដោយ​លោក ធូ ភា អភិបាលរង​ខេត្ត និង​លោក ទុ​ត វិនីត ព្រះរាជ​អាជ្ញា​រង អម​សាលាដំបូង​ខេត្ត ។ គោលដៅ​ដែល​កម្លាំង​ចម្រុះ​ខាងលើ ត្រូវ​ចុះ​ត្រូ​ត​ពិនិត្យ និង​ឆែក​ឆេរ​សួរនាំ​ជា​លើក​ដំបូង​នេះ គឺ​កន្លែង​ទ​ទូល​ទិញ លក់ និង​ទ​ទូល​បញ្ចាំ ឬ​បង់​រំលស់​នៅ​ក្នុង​ក្រុង​បាត់ដំបង មុន​ពេល​រៀប​ផែនការ​ចុះ​ទៅ​ត្រូ​ត​ពិនិត្យ​នៅ​តាម​បណ្ដា​ស្រុក​ដទៃ​ទៀត ។

នេះ​បើ​តាម​លោក ធូ ភា អភិបាលរង​ខេត្ត​បាន​ថ្លែងប្រាប់​កោះសន្តិភាព នៅ​ព្រឹក​ថ្ងៃ​ទី​០៨ កញ្ញា តាម​ទូរស័ព្ទ ។ លោក​ធូ ភា បាន​ថ្លែង​ថា ការ​ចុះ​ត្រួតពិនិត្យ និង​សួរនាំ​ដល់ទី​តាំង​ទ​ទូល​ទិញ លក់ និង
ទ​ទូល​បញ្ចាំ បង់​រំលស់ កាលពី​រសៀល​ថ្ងៃ​ទី​០៧ កញ្ញា គឺ​ក្រុមការងារ​ធ្វើ​បាន​តែត្រឹម​០៦​កន្លែង​ប៉ុណ្ណោះ តែ​ក្នុង​ចំណោម​០៦​កន្លែង​នេះ យើង​រក​ឃើញ​តែ​០១​កន្លែង​ប៉ុណ្ណោះ ដែល​មាន​លិ​ខិ​ត្រ​អនុញ្ញាត ។ រីឯ​ចំនួន​០៥​កន្លែង​ទៀត​គ្មាន​ច្បាប់​ទេ តែ​កន្លែង​ខ្លះ​កំពុង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​។

ពាក់ព័ន្ធ​នឹង​កិច្ច​ប្រតិបត្តិការ​នេះ​ដែរ បើ​តាម​លោក​ធូ ភា អភិបាលរង​ខេត្ត ដែល​ដឹកនាំ​ធ្វើ​កិច្ចការ​នេះ​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា ក្នុង​ចំណោម​០៦​ទីតាំង​នេះ មាន​០១​ទីតាំង​ដែល​មាន​យីហោ «​សុខ​បាន​» ស្ថិត​នៅ​ភូមិ​ដំណាក់​ហ្លូ​ង សង្កាត់​វត្ត​គរ ពុំ​ទាន់​មានច្បាប់​អនុញាត​ទេ តែ​ម្ចាស់​ទីតាំង​នេះ បាន​ទ​ទូល​បញ្ចាំ​គ្រឿងចក្រ​និង​រថយន្ត ។ នៅ​ពេល​យើង​ត្រួតពិនិត្យ​ឃើញ​ថា អ្នក​ទ​ទូល​បញ្ចាំ​និង​ម្ចាស់ទ្រព្យ សុទ្ធតែ​មាន​ឯកសារ​បញ្ជាក់​ត្រឹមត្រូវ តែ​យើង​បាន​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង ត្រូវ​ដាក់​ពាក្យ​ស្នើ​សុំ​ច្បាប់​ធ្វើ​អាជីវកម្ម​ឲ្យ​បាន​ត្រឹមត្រូវ ។

ដោយឡែក​ ចំនួន​០១​ទីតាំង​ទៀត ស្ថិត​នៅ​ភូមិ​ទំនប់ សង្កាត់​ក្ដុល​ដូ​វ​ទាវ ដែល​ទីតាំង​នេះ​មាន​ទ​ទូល​ទិញ លក់ និងទ​ទូល​បញ្ចាំ​ទ្រព្យ​ដែរ គឺ​គ្មាន​ច្បាប់ គ្មាន​យីហោ​ទេ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ ឆែក​ឆេរ​រក​ឃើញ​មាន​ម៉ូតូ​ចំនួន​០៧​គ្រឿង សង្ស័យ​ទ​ទូល​ទិញ ឬ ទ​ទូល​បញ្ចាំ​ដោយ​មិន​ស្របច្បាប់ ហើយ​ត្រូវ​បាន​ដកហូត​ជា​បណ្ដោះអាសន្ន ដើម្បី​ទុក​ឲ្យ​សមត្ថកិច្ច​ជំនាញ ត្រូ​ត​ពិនិត្យ និង​សួរនាំ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី ។

រីឯ​ប៉ុន្មាន​ទីតាំង​ទៀត ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ដែរ​នោះ ពុំ​ទាន់​មាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ជាក់​ស្ដែង​ទេ តែ​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ត្រូវធ្វើ​ពាក្យ​ស្នើ​សុំ​ច្បាប់​ដូច​គ្នា​។ ពាក់ព័ន្ធ​នឹង​ហាង​ទ​ទូល​ទិញ លក់ និង បញ្ចាំ​នេះ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា បើ​គ្រាន់តែ​នៅ​ក្នុង​ក្រុង​បាត់ដំបង មាន​ទីតាំង ឬ​ហាងទ​ទូល​ទិញ លក់ និង​ទ​ទូល​បញ្ចាំ ម៉ូតូ ឡាន អចលនវត្ថុ អចលនទ្រព្យ និង​របស់​របរ​មាន​តំលៃ​ផ្សេង​ៗ មិន​តិច​ជាង​៣០​កន្លែង​ឡើយ (​នេះ​ជា​របាយការណ៍​បឋម​) ហើយ​ភាគច្រើន​គ្មាន​ច្បាប់​អនុញ្ញាត​ទេ​។ ប្រភព​ដដែល​បាន​ប្រាប់​ថា ទីតាំង​ខ្លះ​មានច្បាប់​អនុញ្ញាត តែ​សកម្មភាព​ទ​ទូល​ទិញ ឬ​ទ​ទូល​បញ្ចាំ​បាន​ប្រព្រឹត្ត​ផ្ទុយ​ទាំងស្រុង​ពី​ផ្លូវច្បាប់ ។ ពោល​៖ ម្ចាស់​ទីតាំង​មិន​បាន​គោរព​តាម​ច្បាប់​ទេ គឺ​មួយ​ភាគ​ធំ​នៅ​តែ​ទ​ទូល​ចោរកម្ម​ដដែល ព្រោះ​ពួក​គេ​មាន​ខ្នង​សមត្ថកិច្ច​នៅ​ចាំ​ការពារ ។

ដោយឡែក ទីតាំង​ជា​ច្រើន​ទៀត​គ្មាន​ច្បាប់ គ្មាន​យីហោ ហើយ​ថែម​ទាំង​ប្រព្រឹត្ត​ខុសច្បាប់​។ ទ​ទូល​ទិញ លក់ និង ទ​ទូល​បញ្ចាំ ទាំង​របស់​ស្របច្បាប់​ទាំង​របស់​មិន​ស្របច្បាប់ ។ ទីតាំង ឬ​ហាង​គ្មាន​ច្បាប់​ទាំងនេះ កំពុង​រីក​ដូច​ផ្សិត​ពាសពេញ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ក្នុង​បច្ចុប្បន្ន​នេះ ។ បើ​តាម​ប្រភព​ព័ត៌មាន​ដែល​ច្បាស់ការ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ទីតាំង ឬ​ហាង​ទ​ទូល​ទិញ ទ​ទូល​បញ្ចាំ គ្មាន​ច្បាប់​មួយ​ចំនួន ដែល​កំពុង​បើកទ្វារ​ស្វាគមន៍​អតិថិជន​ទាំង​យប់ ទាំង​ថ្ងៃ នា​សព្វ​ថ្ងៃនេះ គឺ​សមត្ថកិច្ច​ជំនាញ​មួយ​ចំនួន ជា​អ្នក​បើក​ផ្ទាល់​ខ្លួនឯង​តែ​ម្ដង ហើយ​ប្រព្រឹត្ត​បទល្មើស​សុទ្ធសាធ ។

ដូច្នេះ​ហើយ ទើប​បទល្មើស​ចោរកម្ម​កើតឡើង​ម្ដង​ៗ ពេល​ខ្លះ​គេ​ឃើញ​សមត្ថកិច្ច​ចាប់​បាន​តែ​ចោរ​លួច រីឯ​អ្នក​ទ​ទូល​ទិញ​ផល​ចោរកម្ម មិន​ដែល​ឃើញ​ហៅ​មក​សួរនាំ សូ​ម្បី​តែ​ម្នាក់ ។ បើ​និយាយ​ពី​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​កងឯកភាព​ខេត្ត ដែល​ចុះ​ឆែកឆេរ​ត្រូ​ត​ពិនិត្យ​មើល​លិខិត​ស្នាម​ផ្លូវច្បាប់ នៅ​តាម​ទីតាំង ឬ​ហាង​ទ​ទូល​ទិញ លក់ ទ​ទូល​បញ្ចាំ ឬ បង់​រំលស់ នៅ​ក្នុង​ក្រុង​បាត់ដំបង កាលពី​រសៀល​ថ្ងៃ​ទី ០៧ កញ្ញា​វិញ គេ​សង្កេត​ឃើញ​មាន​ទីតាំង​ជា​ច្រើន ត្រូវ​បាន​គេ​បិទទ្វារ​ចាក់​សោរ ដែល​គេ​ស​ង្ស័​ង​ថា អាច​មាន​អ្នក​ផ្ដល់​សញ្ញា​ឲ្យ​បិទទ្វារ​ជា​មុន មុន​ពេល​កម្លាំង​ចម្រុះ​ចុះ​ឆែកឆេរ ឬ​ពិនិត្យ​ឯកសារ ។

មិនតែប៉ុណ្ណោះ បើ​តាម​មន្ត្រី​ខ្លះ​ទៀត​និយាយ​ថា មិន​ត្រិ​ម​តែ​គេ​ស៊ី​ញ៉ូ​ឲ្យ​ម្ចាស់​ហាង ឬ​ម្ចាស់​ទីតាំង​ល្មើសច្បាប់​មួយ​ចំនួន​បិទទ្វារ​ចាក់សោ​ទេ គេ​ថែម​ទាំង​នាំ​កម្លាំង​ចម្រុះ​ចុះ​ពង្វាង​ទីតាំង​ប្រព្រឹត្ត​បទល្មើស​ធំ​ៗ ហើយ​គេ​ចង្អុលបង្ហាញ​ឲ្យ​កម្លាំង​ចម្រុះ​ចុះ​ទៅ​ត្រួតពិនិត្យ​តែ​ទីតាំង​ណា គ្មាន​ខ្សែ គ្មាន​ខ្នង ដែល​មិន​ធ្លាប់ និង ខកខាន​បង់​សំណែន​ប្រចាំខែ​ជូន​សមត្ថកិច្ច ។

ប៉ុន្តែ​យ៉ាងណា​ក្ដី នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​ចំ​ពិនិត្យ ឬ ឆែកឆេរ​រក​ច្បាប់ទម្លាប់​នៅ​តាម​ទីតាំង​ហាង​ទិញ លក់ ទ​ទូល​បញ្ចាំ ឬ បង់​រំលស់ ខាងលើ​នេះ បើ​តាម​លោក ធូ ភា អភិបាលរង​ខេត្ត ដែល​ដឹកនាំ​បំពេញការងារ​នេះ​បាន​ប្រាប់​ថា នេះ​ជា​ការ​ចុះ​ត្រូ​ត​ពិនិត្យ​មើល​អាជ្ញាប័ណ្ណ​បញ្ចាំ​ទ្រព្យ ពិនិត្យ​អចល​នទ្រព្យ និង​ភាព​ស្របច្បាប់ នៃ​ការ​ទ​ទូល​ទិញ ឬ ទ​ទូល​បញ្ចាំ​ទ្រព្យ​នៅ​តាម​ទីតាំង​នានា នៅ​ក្នុង​ក្រុង​បាត់ដំបង​។

បន្ថែម​លើ​នេះ បើ​តាម​លោក​អភិបាលរង​ខេត្ត​បាន​សង្កត់ធ្ងន់​ថា កិច្ច​ប្រតិបត្តិការ​នេះ គឺជា​ការ​ស្វែង​រក​ទីកន្លែង​ដែល​ទ​ទូល​ផល​ចោរកម្ម ដែល​ជា​ការ​ចូលរួម​ទប់ស្កាត់​បទល្មើស ចោរលួច ចោរ​ឆក់ ចោរ​ប្លន់ និង បន្ថែម​នូវ​ការ​ពង្រឹង​សន្តិសុខ សណ្ដាប់ធ្នាប់​នៅ​ក្នុង​មូលដ្ឋាន​ផង​ដែរ ។

លោក ធូ ភា ក៏​បាន​បញ្ជាក់​ដែរ​ថា ផែនការ​នេះ មិនមែន​ធ្វើ​តែ​នៅ​ក្នុង​ក្រុង​បាត់ដំបង​ទេ គឺ​ត្រូវ​បាន​ធ្វើ​ឡើង​ទាំង​១៣​ស្រុក និង​ក្រុង ហើយ​បើ​រក​ឃើញ​ថា មាន​ទីតាំង ឬ​ហាង ទ​ទូល​ទិញ លក់ បញ្ចាំ ឬ បង់រំ​សល់​មួយ​ណា គ្មាន​ច្បាប់​អនុញាត ត្រូវ​ណែនាំ​ឲ្យ​ម្ចាស់​ទីតាំង​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​កាន់​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញវត្ថុ​ខេត្ត ដើម្បី​សុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ស្របច្បាប់ មុន​ពេល​ចាត់វិធានការ​តាម​ច្បាប់ ក្នុង​ករណី​ម្ចាស់​ទីតាំង​មិន​ព្រម​អនុវត្ត​ច្បាប់ ។

ព័ត៌មាន​បន្ថែម កោះសន្តិភាព​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ