ខេត្តបាត់ដំបង ៖ ករណីជនមិនស្គាល់មុខលួចបំផ្ទុះគ្រាប់ច្នៃបណ្ដាលឲ្យឆេះគ្រឿងចក្រអេស្ការវ៉ាទ័រនៅលើដីលោកនាយកសាលានគរបាលជាតិភូមិភាគ៥ នៅក្នុងស្រុកសំឡូត អាចផ្ដើមចេញពីគំនុំរឿងជម្លោះដីធ្លី ដែលពេលនេះ សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតស្វែងរកមុខសញ្ញាជនសង្ស័យ។ នេះបើតាមការបំភ្លឺរបស់លោក ម៉ែន រីម អធិការស្រុកសំឡូត ។

អធិការស្រុកសំឡូត លោក ម៉ែន រីម បានប្រាប់កោះសន្តិភាពនៅព្រឹកថ្ងៃទី០៨ កញ្ញា ថា បើតាមការចុះត្រូតពិនិត្យ និងធ្វើការស្រាវជ្រាវជំហានដំបូង គេសន្និដ្ឋានថា គ្រឿងចក្រនោះ អាចត្រូវជនមិនស្គាល់មុខយកគ្រាប់កែច្នៃទៅបំផ្ទុះនៅក្នុងកាប៊ីនគ្រឿងចក្រ បណ្ដាលឲ្យផ្ទុះឆេះខ្ទេចខ្ទីរខូចខាតអស់តែម្ដង ។
លោក បានប្រាប់ថា គ្រឿងចក្រដែលត្រូវជនមិនស្គាល់មុខដុតកម្ទេចចោលនោះ ស្ថិតនៅលើដីរបស់លោកវ៉ាន់ នាយកសាលានគរបាលជាតិភូមិភាគ៥ ដែលមានទីតាំងនៅចំណុចអូរពពេល ភូមិអូរចម្លងរម៉ាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ដែលជាតំបន់ពោរពេញទៅដោយជម្លោះដីធ្លីដ៏ចម្រោងចម្រាស់បំផុត ។ ពេលនេះ កម្លាំងរបស់លោកកំពុងធ្វើការស៊ើបអង្កេតស្វែងរកមុខសញ្ញាជនប្រព្រឹត្ត ។
សូមបញ្ជាក់ថា បើតាមរបាយការណ៍សមត្ថកិច្ចបានឲ្យដឹងថា ករណីដុតកម្ទេចគ្រឿងចក្រខាងលើនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី០៥ កញ្ញា នៅចំណុចអូរពពេល ស្ថិតក្នុងភូមិអូរចម្លងរម៉ាំងក្រោម ឃុំអូរសំរិល ស្រុកសំឡូត ។ ប្រភពព័ត៌មានបានឲ្យដឹងថា គេមិនស្គាល់ម្ចាស់គ្រឿងចក្រទេ តែគ្រឿងចក្រនោះ អាចត្រូវលោក ប៉ិ វ៉ាន់ នាយកសាលានគរបាលភូមិភាគ៥ និងជាម្ចាស់ដីផង ជួលយកទៅឈូសឆាយធ្វើផ្លូវនៅក្នុងដីរបស់គាត់ដែលកំពុងមានជម្លោះជាមួយភាគីជាច្រើនទៀតដោះស្រាយមិនទាន់ចេញ ។

កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកប៉ិ វ៉ាន់ នាយកសាលានគរបាលខាងលើនេះបានទេ នៅព្រឹកថ្ងៃទី០៨ កញ្ញា ជុំវិញករណីជនមិនស្គាល់មុខលួចបំផ្ទុះគ្រឿងចក្រ ដែលកំពុងឈូសធ្វើផ្លូវនៅលើដីរបស់លោក ។ ប៉ុន្តែលោក ម៉ែន រីម អធិការស្រុកសំឡូត បានទទូលស្គាល់ថា គ្រឿងចក្រអស្ការវ៉ាទ័រនោះ ពិតជាត្រូវភ្លើងឆេះបណ្ដាលឲ្យខូចខាតអស់ទាំងស្រុងតែម្ដង ។
លោកអធិការរូបនេះបានបញ្ជាក់ថា ដីធ្លីនៅចំណុចកើតហេតុខាងលើនេះ គឺជាតំបន់មានជម្លោះដីធ្លីច្រើនភាគីណាស់ ក្នុងនោះ មានទាំងសមាសភាពមន្ត្រីយោធាផង រហូតមានការបាញ់បោះបណ្ដាលឲ្យរងរបួសភាគីជម្លោះផងដែរ ។ លោកបានបន្ថែមថា បើតាមប្រវត្តិដីរបស់លោកនាយកសាលានគរបាលខាងលើនេះ គាត់ទិញតពីគេដែរ មានឯកសារបញ្ជាក់ត្រឹមត្រូវ តែក្រោយការស្រាវជ្រាវបឋមកន្លងមក គឺដីនោះទិញជាន់គ្នាច្រើនម្ចាស់ ទើបមានជម្លោះដោះស្រាយមិនចេញរហូតមកដល់ពេលនេះ បង្កឲ្យមានបញ្ហាមិនចេះចប់ ។

ហើយពេលនេះឈានដល់លួចបំផ្ទុះគ្រឿងចក្រដែលឈូសធ្វើផ្លូវនៅលើដីរបស់លោកនាយកសាលាបគរបាលខាងលើនេះទៀត ដែលបង្កបញ្ហាកាន់តែធ្ងន់ធ្ងរ សម្រាប់សមត្ថកិច្ចចុះពិនិត្យ និងស្រាវជ្រាវរកមុខសញ្ញាជនប្រព្រឹត្ត។ ប៉ុន្តែយ៉ាងណា ពេលនេះ កម្លាំងរបស់លោកកំពុងចុះធ្វើការស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនដៃដល់ហើយ ។
ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ