រាជធានីភ្នំពេញ ៖ នៅតាមបណ្តោយផ្លូវពីជើងឯកទៅខេត្តកណ្តាលដែលគេតែងហៅថា ផ្លូវភ្ជាប់ពីចំការដូង ទោះបីជាផ្លូវនេះមិនសំបូរប្រជាពលរដ្ឋរស់នៅក្តី តែផ្លូវត្រូវបានគេពង្រីកធំទូលាយ និងមានភ្លើងបំភ្លឺនៅពេលយប់ភ្លឺ ចិញ្ចាចដូចថ្ងៃ ផ្ទុយស្រឡះពីផ្លូវទំនប់បឹងទំពុន ដែលមានចរាចរណ៍មមាញឹក បែរជាពេលយប់ ងងឹតសូន្យសុង និងមើលឃើញផ្លូវម្តងៗដោយសារតែភ្លើងម៉ូតូ និងរថយន្ត បើកឆ្លងកាត់ក្រោមខ្សែភ្លើងមេយ៉ាងខ្វាត់ខ្វែងស្ទើររាប់មិនអស់។ ផ្លូវនេះអាចចាត់ទុកជាផ្លូវមរណៈនៅពេលយប់ ម្យ៉ាងផ្លូវនេះមានលក្ខណៈតូចចង្អៀត និងមានរថយន្តកុងតឺន័រ ឬយានយន្តផ្សេងៗធ្វើដំណើរឆ្លងកាត់សឹងតែទល់ភ្លឺ បង្កគ្រោះថ្នាក់បណ្តាលឱ្យស្លាប់មនុស្សស្ទើររាល់យប់គួរឱ្យរន្ធត់ ព្រោះតែត្រូវរថយន្តកុងតឺន័របុក និងកិន ។
ទាំងអ្នកដំណើរក៏ដូចជាប្រជាពលរដ្ឋតែងមានការថ្នាំងថ្នាក់ ឬស្តីបន្ទោសទៅលើសាលារាជធានីភ្នំពេញនៅពេលមានគ្រោះថ្នាក់ថា បណ្តាលមកពីអត់ដាក់ភ្លើងបំភ្លឺទើបបង្កឱ្យមានគ្រោះថ្នាក់បែបនេះ ។ ពួកគាត់តែងទទូចសុំឱ្យសាលារាជធានីភ្នំពេញដាក់ភ្លើងបំភ្លឺ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៏ព្រោះផ្លូវនេះមានប្រជាពលរដ្ឋធ្វើដំណើរគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ ។
ជាការពិតណាស់ បច្ចុប្បន្ននៅរាជធានីភ្នំពេញក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការដឹកនាំផ្ទាល់ដោយលោកកែប ជុតិមា អនុវត្តតាមអនុសាសន៍ណែនាំពីសម្តេចតេជោ ហ៊ុន សែន ពិតជាមានការអភិវឌ្ឍគួរឱ្យកោតសរសើរលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា ធ្វើឱ្យរាជធានីភ្នំពេញមានការប្រែប្រួលមុខមាត់ថ្មីប្លែករហូត ។ ប៉ុន្តែទន្ទឹមនឹងនេះ ការអភិវឌ្ឍនោះក៏នៅមានចន្លោះប្រហោងដូចជាការដាក់ភ្លើងបំភ្លឺនេះតែម្តង ។
គេបានកត់សម្គាល់ឃើញថា សម្រាប់ទីសាធារណៈដូចជាផ្លូវថ្នល់ សួនច្បារ ជាដើម ត្រូវបានរៀបចំភ្លើងបំភ្លឺពេលយប់ដូចថ្ងៃ ហើយផ្លូវដែលសាលារាជធានីភ្នំពេញគិតថាសំខាន់នៅតំបន់ជាយក្រុង ក៏ត្រូវបានស្ថាបនា និងដាក់ភ្លើងបំភ្លឺដែរ ។ ប៉ុន្តែអ្វីដែលគួរឱ្យគិតគូរទៀតនោះ គឺផ្លូវទំនប់បឹងទំពុន ឬផ្លូវលេខ៣៧១ ដែលពេលនេះ នៅចំកណ្តាលក្រុងមានប្រជាពលរដ្ឋរស់នៅ និងធ្វើចរាចរច្រើន ម្យ៉ាងនៅក្រោមបង្គោលភ្លើង ឬខ្សែភ្លើងទៀត តែបែរជាពេលយប់ងងឹតសូន្យដូចនៅស្រុកស្រែទៅវិញសង្ឃឹមថា សាលារាជធានីភ្នំពេញនឹងគិតគូររៀបចំដាក់ភ្លើងបំភ្លឺឡើងវិញ តាមសំណូមពររបស់ប្រជាពលរដ្ឋមិនខាន ៕
ចែករំលែកព័តមាននេះ