ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជុំទ្វេភាគីរវាងខេត្តស្ទឹងត្រែងនិងខេត្តចំប៉ាសាក់ ប្រទេសឡាវស្តី​ពី​កិច្ច​សហ​ការ​

14 ឆ្នាំ មុន

ខេត្តចំប៉ាសាក់-ឡាវ ៖ ​ឆ្លើយ​តបតាមការ​អញ្ជើញរបស់លោក​សន សៃស៊ីផានដន់ អភិ​បាល​ខេត្តចំប៉ាសាក់ នៃ​សាធា​រណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ លោក​ម៉ៅ ធនិន អភិ​បាល​រងខេត្តស្ទឹងត្រែង នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​ចូល​រួមកិច្ច​ប្រជុំ​ស្តី​ពីការអនុវត្តន៍​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​ទ្វេ​ភាគីកម្ពុជា-ឡាវ​រវាង​ខេត្ត​

ខេត្តចំប៉ាសាក់-ឡាវ ៖ ​ឆ្លើយ​តបតាមការ​អញ្ជើញរបស់លោក​សន សៃស៊ីផានដន់ អភិ​បាល​ខេត្តចំប៉ាសាក់ នៃ​សាធា​រណរដ្ឋប្រជាធិប​តេយ្យ​ប្រជាមានិតឡាវ លោក​ម៉ៅ ធនិន អភិ​បាល​រងខេត្តស្ទឹងត្រែង នៃព្រះ​រាជា​ណាចក្រ​កម្ពុជា បានដឹកនាំគណៈ​ប្រតិភូ​ចូល​រួមកិច្ច​ប្រជុំ​ស្តី​ពីការអនុវត្តន៍​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិ​ការ​ទ្វេ​ភាគីកម្ពុជា-ឡាវ​រវាង​ខេត្ត​ស្ទឹងត្រែង ប្រទេស​កម្ពុជា និងខេត្តចំប៉ាសាក់ ប្រទេសឡាវ នាថ្ងៃទី​១២ ឧសភា ២០១១ ក្នុង​សណ្ឋា​គារ​ហ្គ្រែន ខេត្តចំប៉ាសាក់ នៃ​ប្រទេស​ឡាវ។

តាមរបាយការណ៍របស់ក្រុមការងារ​ប្រទេស​ទាំងពីរបាន​ឱ្យ​ដឹង​ថា ភាគី​ទាំង​ពីរ​អនុវត្តតាមកិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការលើគ្រប់វិស័យ ពិសេស​​លើការការពារសន្តិសុខ សណ្តាប់​ធ្នាប់​តាម​ខ្សែ​បន្ទាត់ព្រំដែន កិច្ចសហការត្រួតពិនិត្យ និងទប់​ស្កាត់គ្រឿងញៀន និងកិច្ចសហប្រតិ​បត្តិ​ការ​​លើ​វិស័យសេដ្ឋកិច្ចសង្គមកិច្ច​បាន​យ៉ាង​ល្អ​ប្រសើរ។
លោកសុំសាក់នីត ប៊ុតទិវង្ស អភិបាលរង​ខេត្ត​ចំប៉ា​សាក់ និង​លោកម៉ៅ ធនិន អភិបាល​រង​ខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់ចំពោះ​លទ្ធ​ផល​នៃកិច្ចសហប្រតិបត្តិការរវាង​ខេត្តស្ទឹង​ត្រែង និងខេត្តចំប៉ាសាក់ ដែលបានរួមកម្លាំងសាមគ្គីគ្នា​ក្តាប់​នូវ​សភាពការណ៍ ផ្លាស់ប្តូរបទ​ពិសោធន៍​បង្កើន​ការយោគយល់គ្នាទៅវិញទៅ​មក ក្នុង​លំដាប់​ថ្នាក់ខេត្ត និងខេត្ត និងជាការ​រួម​ចំណែក​បង្កើតនូវទំនាក់ទំនង​ល្អ​រវាងខេត្ត និង​ប្រជា​ជន​ទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកម៉ៅ ធនិន អភិបាលរងខេត្ត​ស្ទឹង​ត្រែង បានលើកឡើងនូវទិសដៅ​ក្នុងក្របខ​ណ្ឌ​នៃ​កិច្ច​សហប្រតិបត្តិការ​អភិវឌ្ឍន៍តំបន់ត្រីកោណ CLV តាមផែនការមេ​ដែលចុះ​ហត្ថលេខាដោយ​ប្រមុខ​រដា្ឋភិបាល​ទាំង​បី​ប្រទេស ​សំដៅបង្កើតទំនាក់​ទំនង​លើគ្រប់វិស័យឲ្យបានកាន់តែស្អិតរមួត ដើម្បី​ជំរុញ​ការអភិវឌ្ឍតំបន់ត្រីកោណ​ឲ្យមាន​ការ​រីកចម្រើន​ជាងនេះទៅទៀត ។

លោកបានបន្ថែមថា អង្គប្រជុំបានជំរុញឲ្យ​ភាគី​ទាំង​ពីរ​ស្នើសុំទៅរដា្ឋភិបាល​រៀងៗខ្លួន ដើម្បីស្នើសុំអនុញ្ញាតបង្កើតច្រកទ្វារ​ទ្វេភាគី ​គឺ នៅ​​អន្លង់មរកត ក្នុងឃុំអូរស្វាយ ស្រុក​ថាឡា​បរិវ៉ាត់ ខេត្តស្ទឹងត្រែង នៃព្រះរាជាណាចក្រ​កម្ពុជា ជាមួយ​ច្រកទ្វារវឺនខាម ក្នុងស្រុកខូង ខេត្ត​ចំប៉ាសាក់ នៃសាធារណរដ្ឋប្រជាធិបតេយ្យ​ប្រជា​មានិតឡាវ ឲ្យបានកាន់តែឆាប់រហ័ស​បំផុត។ ក្នុងឱកាសនោះ ភាគីកម្ពុជា​បាន​លើក​ឡើងអំពីបញ្ហាប្រជាពលរដ្ឋខ្មែរ​ដែល​​ត្រូវ​ទាហានការពារព្រំដែនឡាវចាប់ខ្លួន​ក្នុង​ទឹក​ដី​ឡាវ ហើយក៏​មានការស្នើ​សុំ​ឱ្យ​មាន​ការ​ដោះ​លែង​មកវិញ​ផង​ដែរ។

លោក​ស៊ី សួន អភិបាលស្រុកសៀមប៉ាង បាន​បញ្ជាក់នាល្ងាចថ្ងៃទី១៤ ឧសភា ប្រាប់កោះ​សន្តិភាពថា ក្នុងកិច្ចប្រជុំនេះមានការ​លើក​ឡើង​ពី​កិច្ច​សហ​ប្រតិ​បត្តិការលើគ្រប់វិស័យ ដូចជា ការពារសន្តិសុខ សណ្តាប់ធ្នាប់​តាមខ្សែបន្ទាត់​ព្រំដែន វិស័យសេដ្ឋកិច្ច​ និង​សង្គមកិច្ចជា​ដើម។ ក្នុងនោះដែរភាគី​កម្ពុជា បានស្នើសុំភាគីនៃ​ប្រទេស​​ឡាវ ​ធ្វើ​ការដោះលែង​ពលរដ្ឋខ្មែរ​​ដែល​ត្រូវ​ទាហានការពារខ្សែបន្ទាត់ព្រំដែននៃ​ប្រទេសឡាវ ចាប់ខ្លួនកន្លងមក ឲ្យបានវិល​ត្រឡប់​មកទឹកដីកម្ពុជាវិញ ។ ពល​រដ្ឋ​ខ្មែរ​ដែល​ត្រូវ​ចាប់​ខ្លួន​ក្នុង​ទឹក​ដី​ឡាវ មាន​ចំនួន៤នាក់ ​រស់​នៅ​ស្រុកសៀមប៉ាង ដែល​២​នាក់​ឃាត់ខ្លួននៅ​ថ្ងៃ​ទី៣០ មេសា និង២នាក់ទៀតឃាត់ខ្លួន​កាល​ពី​ថ្ងៃទី២១ មីនា ២០១១ ។ ដោយ​មានការយោគ​យល់​រវាង​ប្រទេសទាំងពីរ ​ពលរដ្ឋខ្មែរ​របស់​យើង​​ត្រូវបាន​ភាគី​ឡាវ​ដោះ​លែង​ឱ្យ​វិល​​​ត្រឡប់​មក​​ប្រទេស​កម្ពុជា​វិញដោយ​សុវត្ថិ​ភាព​៕