ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​បឹង​អតីត​ឡូ​តិ៍​នេសាទ​លេខ​៧ រាប់រយ​ហិ​កតា ក្លាយ​ជា​សម្បត្តិ​ក្រុម​អ្នកមាន​អស់​ទៅ​ហើយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

ដី​បឹង​ក្របី​ដេក និង​ដី​បឹង​តំបន់​អតីត​ឡូ​តិ៍​នេសាទ​លេខ​៧ រាប់រយ​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​៤ គឺ​ឃុំ​ព្រែក​តា​ម៉ាក់​, ឃុំ​ពុក​ឬ​ស្សី​, ឃុំ​សន្លុង និង​ឃុំ​វិហារ​សួរ​គា៍ នៃ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ជា​ដី​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​បាន​ក្រុម​ឈ្មួញ​

ខេត្តកណ្តាល ៖ ដី​បឹង​ក្របី​ដេក និង​ដី​បឹង​តំបន់​អតីត​ឡូ​តិ៍​នេសាទ​លេខ​៧ រាប់រយ​ហិ​កតា នៅ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ចំនួន​៤ គឺ​ឃុំ​ព្រែក​តា​ម៉ាក់​, ឃុំ​ពុក​ឬ​ស្សី​, ឃុំ​សន្លុង និង​ឃុំ​វិហារ​សួរ​គា៍ នៃ​ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដែល​ជា​ដី​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ត្រូវ​បាន​ក្រុម​ឈ្មួញ​អ្នកមាន​លុយ មាន​អំណាច ឃុ​.​ប​ឃិ​.​ត​គ្នា​រំ​លោ​.​ភ​បំពា​.​ន​យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​យ៉ាង​គឃ្លើន ហើយ​បច្ចុប្បន្ន​នេះ កំពុង​តែ​ប្រើប្រាស់​គ្រឿងចក្រ​ជីក​កាយ​រុញ​បំផ្លិចបំផ្លាញ​ព្រៃ​ជម្រក​ត្រី​ពង​កូន​យ៉ាង​អនាធិបតេយ្យ​។

បើ​តាម​ប្រជាពលរដ្ឋ​ម្នាក់ សូម​មិន​បញ្ចេញ​ឈ្មោះ បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ឱ្យ​ដឹង​ថា ដី​បឹង​ក្របី​ដេក និង​ដី​អតីត​ឡូ​តិ៍​នេសាទ​លេខ​៧ ស្ថិត​ក្នុង​ដែន​រដ្ឋបាល​គ្រប់គ្រង ភូមិសាស្ត្រ​របស់​អាជ្ញាធរ​ឃុំ​ព្រែក​តា​ម៉ាក់​, ឃុំ​ពុក​ឬ​ស្សី​, ឃុំ​សន្លុង និង​ឃុំ​វិហារ​សួរ​គា៍​។ ហើយ​ដី​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ មាន​ទំហំ​រាប់រយ​ហិ​កតា និង​មាន​សារៈសំខាន់​ខ្លាំង​ណាស់ សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​អាស្រ័យ​ផល​ដូច​ជា ៖ យក​ទឹក​ប្រើប្រាស់​ស្រោចស្រព​ដំណាំ​ផ្សេង​ៗ ជា​ពិសេស​ដំណាំ​ស្រូវ និង​នេសាទ​ត្រី កាប់​អុស​, ដាំ​ឈូក​, ដក​ក្រអៅឈូក​, ដក​ព្រលិត និង​បេះ​ត្រកួន ដើម្បី​លក់​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​។ លុះដល់​ពេល​ឥឡូវនេះ ក៏​មាន​ឈ្មួញ​ដាក់​គ្រឿងចក្រ​មក​ឈូស​ឆាយ​រុញ​បំផ្លាញ​ព្រៃ​លិច​ទឹក​ជម្រក​ត្រី និង​ជីវ​:​សត្វ​ចម្រុះ​ពង​កូន​លើ​ក្រ​វ៉ា​ត់​ធំ​ៗ​ព័ន្ធ​ជុំវិញ​ដី ធ្វើ​អោយ​ប្រជាពលរដ្ឋ​ចូល​ទៅ​អាស្រ័យ​ផល​មិន​បាន​។

ប្រភព​ដដែល​បន្ត​ថា វា​ផ្ទុយ​ពី​អនុសាសន៍​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​បាន​កាត់​រំសាយ​ឡូ​តិ៍​នេសាទ​ចោល ដើម្បី​ទុក​អោយ​រាស្ត្រ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត តែ​ធាតុ​ពិត​រាស្ត្រ​មិន​បាន​ចូល​ទៅ​អាស្រ័យ​ផល​នោះ​ទេ គឺ​ឈ្មួញ​មាន​លុយ មាន​អំណាច បាន​ឃុ​.​ប​ឃិ​.​ត​គ្នា​ជាមួយ​អាជ្ញាធរ​លក់​ដី​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​អោយទៅ​ឈ្មួញ​អស់​ខ្ទេចខ្ទី​គ្មាន​សល់​ឡើយ​។​ហើយ​បើ​អ្នក​ណា​ចង់​ចូល​ទៅ​អាស្រ័យ​ផល​បាន លុះត្រាតែ​អ្នក​ជួល​ដី​ក្រុមហ៊ុន​ដាំ​ឈូក ទើប​ចូល​បាន បើ​មិន​ដូច្នោះ​ទេ កុំ​ថា​ឡើយ​ចូល​ទៅ​រក​អាស្រ័យ​ផល សូ​ម្បី​តែ​ដើរ​ឆ្លងកាត់​ប្រហែលជា​មិន​បាន​ផង​មើលទៅ​។

ពលរដ្ឋ​បញ្ជាក់​បន្ថែម​ទៀត​ថា រឿង​ដី​បឹង​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នេះ ប្រជាពលរដ្ឋ​បាន​ត្រឹម​អាស្រ័យ​ផល​ចិញ្ចឹមជីវិត គ្មាន​សិទ្ធិ​ហ៊ាន​លក់​ដី​រដ្ឋ​ទេ តែបើ​មិន​ត្រូវរ៉ូវ​គ្នា​ជាមួយ​អាជ្ញាធរ​ថ្នាក់​ស្រុក ឬ​ខេត្ត​ទេ ក៏​ឈ្មួញ​មិន​អាច​គ្រប់គ្រង​បាន​ដែរ​។

ពលរដ្ឋ​ត្អូញត្អែ​ថា សព្វ​ថ្ងៃនេះ ពួក​គាត់​ជួប​ការ​លំបាក​ក្នុង​ការ​ខ្វះ​ទឹក​បង្កបង្កើន​ផលដំណាំ ដោយសារ​មាន​ក្រុម​ឈ្មួញ​គេ​បាន​ដាក់​គ្រឿងចក្រ (​អា​អ៊ិ​ច​) ប្រហែល​១០​គ្រឿង​កំពុង​កាយ​លើក​បិទ​ទំនប់​ផ្លូវទឹក​ហូរ​នៅ​ខាង​ទឹកដី​ឃុំ​ពុក​ឬ​ស្សី កុំ​អី​មានទឹក​ហូរ​ចូល​មក​ពេញ​ហូរហៀរ​ងាយស្រួល​ពលរដ្ឋ​អាស្រ័យ​ផល​ហើយ​។ ដូច្នេះ​ពលរដ្ឋ​សំណូមពរ សូម​អោយ​មន្ត្រី​តាម​បណ្តា​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ សូម​មេត្តា​ជួយ​ទប់ស្កាត់​អន្តរាគមន៍​ផង​។ ដោយសារ​ផ្លូវ​ចូល​ទៅ​នៅ​ដី​បឹង​ឆ្ងាយ ហើយ​មាន​ភក់​ជោកជាំ​ទៀត ទើប​ក្រុម​អ្នក​សារព័ត៌មាន​យើង​ចូល​ទៅ​ដល់​ថត​ផ្តិត​យក​រូបភាព​មិន​បាន​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក ចេ​ង ឌី​ណា អភិបាលស្រុក​ខ្សាច់កណ្តាល ពេល​ដែល​អ្នក​សារព័ត៌មាន​យើង​ព្យាយាម​សូម​ជួប​គាត់ ដើម្បី​សួរនាំ​ពាក់ព័ន្ធ​រឿង​នេះ ស្រាប់តែ​លោក​ឆ្លើយ​ប្រាប់​តាម​ទូរស័ព្ទ​អោយ​ដឹង​ថា បើ​មាន​អ​ញ្ចឹ​ង​មែន សូម​មក​ដាក់​ពាក្យបណ្តឹង​តាម​ផ្លូវច្បាប់​ចុះ ហើយ​បើ​អ្នក​សារព័ត៌មាន​ចង់​ចុះ​ផ្សាយ​ក៏​ផ្សាយ​ទៅ តែ​ផ្សាយ​អោយ​ត្រឹមត្រូវ​តាម​ច្បាប់ តែ​ផ្សាយ​ខុស​ខ្ញុំ​នឹង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ហើយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ