ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ងាត់​ៗ! ថៃ​ត្រៀម​បា.ញ់​បង្ហោះ​ផ្កាយ​រណប​អង្កេត​ផែនដី នៅ​ខែ​ក្រោយនេះ​

1 ឆ្នាំ មុន

ថៃ ៖ បើ​យោង​តាម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស និង​ព័ត៌មានវិទ្យា​របស់​ប្រទេស​ថៃ ដែល​

ថៃ ៖ បើ​យោង​តាម​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​អវកាស និង​ព័ត៌មានវិទ្យា​របស់​ប្រទេស​ថៃ ដែល​ហៅ​កាត់​ថា GISTDA បាន​ប្រកាស​ថា ផ្កាយ​រណប​អង្កេត​ផែនដី​ទី​២ របស់​ប្រទេស​ថៃ ដែល​មានឈ្មោះ​ថា THEOS-2 បាន​ត្រៀមខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​បា.ញ់​បង្ហោះ នា​ខែតុលា ឆ្នាំ​២០២៣ ឆាប់​ៗ​ខាង​មុខ​នេះ ។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​បាងកក​ប៉ុ​ស្តិ៍ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២៣ កន្លង​ទៅ​។

ទីភ្នាក់ងារ​នេះ បាន​បញ្ជាក់​ថា THEOS-2 ត្រូវ​បាន​ដឹក​ជញ្ជូន​ដោយ​ជោគជ័យ​ពី​ទីក្រុង​ទូ​លូ​ស (Toulouse) ប្រទេស​បារាំង​ទៅ​កាន់​មជ្ឈមណ្ឌល​បង្ហោះ​យានអវកាស​របស់​អឺរ៉ុប នៅ​តំបន់​រដ្ឋបាល​ហ្វ្រ​ង់​ហ្គី​យ៉ា​ណា (French Guiana) ។ ទីភ្នាក់ងារ GISTDA បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​ខ្លួន​ថា THEOS-2 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Airbus Defense and Space នឹង​ត្រូវ​បាន​ផ្តល់​ការ​ត្រួតពិនិត្យ​មួយ​លើក​ទៀត មុន​ពេល​ត្រូវ​បាន​ដំឡើង​លើ​រ៉ុក្កែត ដែល​គ្រោង​នឹង​បា.ញ់​បង្ហោះ​នៅ​ខែ​ក្រោយ​។

THEOS-2 នឹង​ដើរតួ​ជំនួស​បន្ថែម​ពីលើ​ផ្កាយ​រណប​អង្កេត​ផែនដី​ទី​១ THEOS-1 ដោយ​ត្រូវ​បាន​គេ​ស្គាល់​ថា «Thaichote» ដែល​បាន​បា.ញ់​បង្ហោះ​នៅ​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ ២០០៨ ។ ជាមួយ​គ្នា​នោះ ទីភ្នាក់ងារ GISTDA បាន​បញ្ជាក់​ថា THEOS-1 កំពុង​ឈាន​ដល់ទី​បញ្ចប់​នៃ​អាយុកាល​របស់​វា​ហើយ​។

THEOS-2 ដែល​ជា​ផ្កាយ​រណប​មាន​ទម្ងន់ ៤២៥​គីឡូក្រាម អាច​ផលិត​រូបភាព​ដែល​មាន​កម្រិត​ច្បាស់​៥០​សង់ទីម៉ែត្រ ហើយ​ត្រូវ​បាន​បំពេញភារកិច្ច​ជាមួយនឹង​គោលដៅ​សុវត្ថិភាព និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​។

ផ្កាយ​រណប​នេះ ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​បច្ចេកវិទ្យា​អវកាស​របស់​ប្រទេស​ថៃ រួម​ទាំង​ធនធានមនុស្ស ឧស្សាហកម្ម​អវកាស ភូមិសាស្ត្រ​ព័ត៌មាន និង​បច្ចេកវិទ្យា​អវកាស​។ បន្ថែម​លើស​ពី​នេះ THEOS-2 នឹង​រួមចំណែក​ដល់​ការ​គូសវាស ការ​គ្រប់គ្រង​កសិកម្ម និង​ចំណីអាហារ​, ការ​គ្រប់គ្រង​ទឹក​, ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​, ផែនការ​ទីក្រុង និង​ច្រករបៀង​សេដ្ឋកិច្ច​, ប្រព័ន្ធ​អេកូឡូស៊ី និង​អេកូឡូស៊ី​ធម្មជាតិ​។

លោក Pakorn Apaphant នាយក​ប្រតិបត្តិ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ប្រតិបត្តិ នៃ​ទីភ្នាក់ងារ GISTDA បាន​លើក​ឡើង​ថា ការ​វិនិយោគ​នៅ​ក្នុង​ផ្កាយ​រណប​អង្កេត​ផែនដី THEOS-2 នឹង​ជំរុញ​បច្ចេកវិទ្យា​អវកាស និង​នាំ​មក​នូវ​ប្រាក់​ចំណូល​កាន់តែ​ច្រើន​ដល់​ប្រទេស​ថៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ