រាជធានីភ្នំពេញ ៖ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ បានឆ្មក់ចូលផ្ទះសំណាក់យីហោហ្គេច ឡាំង នៅតាមផ្លូវលេខ១៥៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១១ ឃាត់ខ្លួន ជនសង្ស័យជួញដូរគ្រឿងញៀន៣នាក់រួមទាំងថ្នាំញៀនប្រភេទម៉ាទឹកកកមួយចំនួន និងកាំភ្លើងខ្លីមួយដើម ។
នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ឱ្យដឹងថា កាលពីវេលាម៉ោង៩ និង១៥នាទីយប់ថ្ងៃទី១៣ ឧសភា ឆ្នាំ២០១១ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃសហការជាមួយនគរបាលប៉ុស្តិ៍ផ្សារថ្មីទី៣ បានឆ្មក់ចូលបន្ទប់លេខ៣០២ ជាន់ទី៣ក្នុងផ្ទះសំណាក់ហ្គេចឡាំង ឃាត់ខ្លួនជនសង្ស័យទាំងបីនាក់ ខណៈពេលកំពុងជួញដូរគ្រឿងញៀនជាក់ស្តែង ។ ជនសង្ស័យ១-ឈ្មោះអ៊ឹម វាសនា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់ផ្ទះលេខ១៣២អឺ១ ផ្លូវលេខ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា ២-ឈ្មោះរស់ ចំរើន ហៅពីន ភេទប្រុសអាយុ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ១២ផ្លូវលេខ៣០០ ភូមិ២ សង្កាត់បឹងកេងកងទី២ ខណ្ឌចំការមន ៣-ឈ្មោះស្រេង ច័ន្ទបរមី ភេទប្រុស អាយុ២៧ឆ្នាំជានគរបាល ស្នាក់នៅផ្ទះលេខ២១ ផ្លូវលេខ២២៣ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ក្នុងប្រតិបត្តិការបង្រ្កាបការជួញដូរគ្រឿងញៀននេះសមត្ថកិច្ចឆែកឆេរ និងដកហូតបានថ្នាំញៀនប្រភេទក្រាមពណ៌សថ្លាចំនួនមួយថង់ និង២០កញ្ចប់តូច ព្រមទាំងដកហូតបានកាំភ្លើងខ្លីមួយដើម ។ មន្រ្តីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនឱ្យដឹងថា ការបង្រ្កាបក្រុមជួញដូរគ្រឿងញៀនប្រដាប់អាវុធនេះ គឺធ្វើឡើងតាមជំនាញដាក់កម្លាំងអូសទាញមុខសញ្ញាឱ្យមកទីតាំងខាងលើ ដើម្បីដោះដូរនិងក្រសោបតែម្តងដោយមិនមានការផ្ទុះអាវុធទេ បើទោះបីជនសង្ស័យមានកាំភ្លើងជាប់ខ្លួនក៏ដោយ ។ មុខសញ្ញាជួញដូរគ្រឿងញៀនប្រដាប់អាវុធនេះគឺជាមុខសញ្ញាសកម្មក្នុងការជួញដូរគ្រឿងញៀនចល័តក្នុងរាជធានីភ្នំពេញកន្លងមក និងស្ថិតក្រោមការតាមចាប់ខ្លួនរបស់កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនអស់រយៈពេលជាច្រើនខែ ។ ជាលទ្ធផលក្នុងការបង្រ្កាបក្រុមជួញដូរគ្រឿងញៀននៅផ្ទះសំណាក់យីហោហ្គេចឡាំងនេះដោយមានការសហការល្អពីកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣ ជាពិសេសមានការចូលរួមពីក្រឡាបញ្ជីរបស់លោកជេត ខេមរា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។
នគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារថ្មីទី៣បានបញ្ជាក់ថា សមត្ថកិច្ចចម្រុះបានសម្រេចបិទប្លុំបេបន្ទប់លេខ៣០២ជាបណ្តោះអាសន្ន ចំណែកជនសង្ស័យជួញដូរគ្រឿងញៀនទាំងបីនាក់នោះរួមទាំងវត្ថុតាងមានថ្នាំញៀន និងកាំភ្លើងខ្លីមួយដើម ត្រូវបញ្ជូនទៅមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ។ ដោយឡែកអ្នកគ្រប់គ្រងផ្ទះសំណាក់មិនត្រូវបានឃាត់ខ្លួនទេ តែកន្លងមកពេលសមត្ថកិច្ចចុះបង្រ្កាបគ្រឿងញៀននៅសណ្ឋាគារ និងផ្ទះសំណាក់គេតែងតែឃាត់ខ្លួនអ្នកគ្រប់គ្រងបញ្ជូនទៅតុលាការមិនដែលរំលងទេ ៕
ចែករំលែកព័តមាននេះ