តាមទីភ្នាក់ងារវ៉ាស៊ីនតោនប៉ុសិ៍្តកាលពីថ្ងៃទី១៣ ឧសភា បានផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ប្រទេសថៃបែកបាក់នៅពេលប្អូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ចូលរួមបោះឆ្នោត ។ អត្ថបទវិភាគនេះបានធ្វើឡើង ខណៈពេលនយោបាយថៃបានឈានឆ្ពោះទៅរកការបោះឆ្នោត ក្រោយពីលោកអាប់ភីស៊ីត វេចាជីវ៉ា ប្រកាសរំលាយសភា និងកំណត់ឱ្យមានការបោះឆ្នោតនៅថ្ងៃទី៣ កក្កដា ខាងមុខ ។
ចាត់ទុកថា នឹងក្លាយជាការប្រឈមមុខរវាងលោកអាប់ភីស៊ីត វេចាជីវ៉ា ប្រធានគណបក្សប្រជាធិបតេយ្យ និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដោយក្នុងរយៈពេល ចុងក្រោយនេះ លោកថាក់ស៊ីនបានប្រកាសឱ្យលោកស្រីយីងឡាក ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីធ្វើជាប្រធានគណបក្ស ដើម្បីប្រជែងតំណែងជានាយករដ្ឋមន្ត្រីថៃ ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោត ។
ទោះជាយ៉ាងណា លោកហ្វេដេរីហ្គោ ហ្វើរ៉ារ៉ា អ្នកជំនាញក្នុងមហាវិទ្យាល័យ នៅហុងកុងបានធ្វើការវិភាគថា មានឱកាសតិចតួចដែលការបោះឆ្នោតលើកនេះនឹងគ្មានការ «ឆបោក ឬកិបកេង» កើតឡើង ឬដំណើរការដោយ «ភាពបរិសុទ្ធ-យុត្តិធម៌» ។ លោកហ្វេដេរីហ្គោ បានបញ្ជាក់ថា បេក្ខភាពក្នុងគណបក្សភឿថៃនឹងត្រូវបានប្រកាសពីការកិបកេងការបោះឆ្នោត ដូច្នេះធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានប្រៀបជាងដោយជំនឿរបស់ប្រជាពលរដ្ឋ។
ចំណែកលោកសាស្ត្រាចារ្យ ស៊ុម ឆាយ ផាកាផាស់ វីវ៉ាត់ ផ្នែកសេដ្ឋសាស្ត្រ និងនយោបាយប្រចាំមហាវិទ្យាល័យថាម៉ាសាស្ត្រ (ធម្មសាស្ត្រ) បានថ្លែងថា ការបោះឆ្នោតលើកនេះ នឹងមានតែការបង្កើនស្ថានការណ៍ប្រឈមមុខ និងការបែងចែកបក្សពួក ព្រោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាដល់អ្នកគាំទ្រថា លោកនឹងត្រឡប់ចូលប្រទេសវិញ ។ ចំណែកសត្រូវរបស់លោក ក៏មានការបារម្ភខ្លាចមានការសងសឹក ហើយខំព្យាយាមរារាំងលោកថាក់ស៊ីន តាមតែអាចធ្វើទៅបាន ដូច្នេះក្រោយពីការបោះឆ្នោតការប្រឈមមុខដាក់គ្នានឹងកើតឡើងជាថ្មី។
វ៉ាស៊ីនតោនប៉ុសិ៍្តបានផ្សាយបន្តថា តាមការធ្វើប្រជាមតិស្ទាបស្ទង់បានបង្ហាញថា ការបោះឆ្នោតរវាងគណបក្សភឿថៃ និងប្រជាធិបតេយ្យមានដំណើរការយ៉ាងអធិកអធមដោយលទ្ធផលប្រជាមតិរបស់កាសែតបាងកកប៉ុសិ៍្តបញ្ជាក់ថា មាន២៣% ជ្រើសរើសយកគណបក្សភឿថៃ និង២០% យកគណបក្សប្រជាធិបតេយ្យ ។ ចំណែកការធ្វើប្រជាមតិក្នុងទស្សនៈផ្សេងៗ ទៀតក៏មានលក្ខណៈប្រកួតប្រជែងគ្នា ដោយអ្នកមានសិទ្ធិបោះឆ្នោតជាងពាក់កណ្តាលនៅមិនទាន់ធ្វើការសម្រេចចិត្តថា នឹងជ្រើសរើសយកគណបក្សណាមួយនៅក្នុងចិត្តរបស់ពួកគេរវាងគណបក្សទាំង២នេះនៅឡើយ។
អ្នកវិភាគនៅប្រទេសកម្ពុជាបានមើលឃើញថា ប្រសិនបើគណបក្សដែលក្រុមអាមាត្យគាំទ្រចាញ់ឆ្នោតនោះ បញ្ហាដដែលអាចនឹងកើតមានឡើងដូចការឈ្នះឆ្នោតលើកទី២ របស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ទោះបីជាគណបក្សនយោបាយក្រោយៗមកដែលគាំទ្រលោកត្រូវគេបំបាក់ដោយរូបភាពផ្សេងៗ ក្រៅពីរដ្ឋប្រហារក៏ដោយ។ ឥឡូវនេះមន្ត្រីសំខាន់ៗរបស់គណបក្សភឿថៃខ្លះទទួលរងការលួចបាញ់ប្រហារ និងខ្លះត្រូវទទួលរងការចោទប្រកាន់ចាប់ដាក់គុកក្តីក៏គេមើលឃើញថា ឆន្ទៈនៃការគាំទ្រតាមរយៈប្រជាប្រិយភាពរបស់លោកថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅតែលាតសន្ធឹងសម្រាប់ប្រជាពលរដ្ឋថៃនៅតាមទីជនបទនានាដដែល។ ការឈរឈ្មោះរបស់ប្អូនស្រីលោក ក៏ដូចជាលោកដែរនោះ គ្រាន់តែប្តូរម៉ាកប៉ុណ្ណោះ។
សម្រាប់កម្ពុជា មិនមានបញ្ហាណាមួយទាក់ទងដល់នយោបាយផ្ទៃក្នុងថៃឡើយ តែអ្វីដែលត្រូវបានធ្វើការវិភាគនោះគឺ កម្ពុជាអាចក្លាយជាចំណាប់ខ្មាំងជាបន្តទៀត ខណៈដែលការរង់ចាំដំណោះស្រាយពីបញ្ហាព្រំដែនត្រូវជាប់គាំងដោយសារមិនដឹងថា តើរដ្ឋាភិបាលថៃប្រភេទណាទើបអាចតំណាងឱ្យប្រជាជាតិថៃពិតប្រាកដក្នុងការដោះស្រាយ។ តាំងពីសម័យលោកសាម៉ាក ដល់លោកវង្ស សាវ៉ាត សុទ្ធតែ«ស្រមោលខ្មៅ» ទាត់ចោលទាំងអស់ទាំងការសម្រេចនានាដែលបានព្រមព្រៀងគ្នាកន្លងមក។ ឥឡូវនេះដល់សម័យអាប់ភីស៊ីត ដែលគេមើលឃើញថា ក្រុមអាមាត្យគាំទ្រនោះបានប្រើប្រាស់គំនិតជាតិនិយមជ្រុលរបស់ខ្លួន មកបង្កហេតុជាមួយកម្ពុជា ដោយការធ្វើសង្គ្រាមព្រំដែននៅក្នុងខែកុម្ភៈ នៅតំបន់ប្រាសាទព្រះវិហារ និងអំឡុងខែមេសា កន្លងមកនេះ នៅតំបន់ប្រាសាទតាមាន់ និងប្រាសាទតាក្របីទៀត។
ការរងគ្រោះរបស់កម្ពុជាដោយសារវិបត្តិផ្ទៃក្នុងថៃ ត្រូវបានមើលឃើញយ៉ាងច្បាស់ ហេតុនេះទោះបីបច្ចុប្បន្នគេមើលឃើញថា ប្រទេសឥណ្ឌូណេស៊ីដែលជាប្រទេសអាស៊ានខិតខំប្រឹងប្រែងរកសន្តិភាពជាអចិន្ត្រៃយ៍នៅតាមបណ្តោយព្រំដែនកម្ពុជាយ៉ាងណាក៏ដោយ ពិតណាស់នឹងជួបការលំបាកក្នុងការធ្វើសកម្មភាព ដោយសារតែបញ្ហាប្រកួតប្រជែងផ្នែកនយោបាយនៅពេលមុនការបោះឆ្នោត ក្នុងប្រទេសថៃកំពុងតែប្រជែងគ្នា ដូច្នេះកម្ពុជាក៏ត្រូវបង្ខំចិត្តរង់ចាំវិបត្តិនៅស្រុកសៀមបញ្ចប់។ តើអាចចប់ទេ? បើដូចការវិភាគរបស់វ៉ាស៊ីនតោនប៉ុស្តិ៍មែននោះ បញ្ហាជម្លោះកម្ពុជា-ថៃ លំបាកក្នុងការរកវិធីបញ្ចប់ខ្លាំងណាស់។
លោករស់ ឌីណា អនុប្រធាននាយកដ្ឋានព័ត៌មាន បានធ្វើអត្ថាធិប្បាយឆ្លុះបញ្ចាំងពីភាពក្រឡិចក្រឡុចរបស់ក្រុមមេដឹកនាំថៃបច្ចុប្បន្ន ការរារាំងម្តងហើយម្តងទៀត ជុំវិញបញ្ហាបញ្ជូន ក្រុមអ្នកសង្កេតការណ៍របស់ឥណ្ឌូណេស៊ីមក ត្រួតពិនិត្យការឈប់បាញ់ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ លោកអនុរដ្ឋមន្រ្តីការបរទេសប្រទេសម៉ាឡេស៊ី Richard Riot Jaem បាន រិះគន់ចំៗចំពោះប្រទេសថៃថា ជាអ្នកបង្កឱ្យមានការវាយប្រយុទ្ធគ្នាជាថ្មីនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ កំពុងមានជម្លោះ។
ប្រមុខការទូតម៉ាឡេស៊ីបានបញ្ចេញប្រតិកម្មជាលើកដំបូង ហើយត្រូវបានទីភ្នាក់ព័ត៌មានបារាំង Agent France Presse (AFP) កាលពីថៃ្ងទី៩ ឧសភា ស្រង់សម្តីថា «ប្រទេសថៃជាអ្នក មិនគោរពកិច្ចព្រមព្រៀងក្នុងការបញ្ជូនអ្នក សង្កេតការណ៍ ។ ការបដិសេធរបស់ប្រទេសថៃ នេះហើយបានបង្កជាការវាយប្រយុទ្ធគ្នាជាថ្មីនេះកើតឡើង»។ លោក Richard Riot Jaem បានបន្តថា៖ «កិច្ចព្រមព្រៀងមួយត្រូវបានយល់ ព្រមរួចហើយ (ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស កម្ពុជា ថៃ និងឥណ្ឌូណេស៊ី កាលពីខែកុម្ភៈ) ប្រទេសថៃគួរតែគោរពកិច្ចព្រមព្រៀងនេះ។ ខ្ញុំមិនចង់និយាយអំពីកង្វះការជឿទុកចិត្តនោះទេ…(ប៉ុន្ដែ) ប្រទេសថៃមិនគោរពតាមកិច្ចព្រមព្រៀងនេះ។
ខ្ញុំពិតជាមានភាពក្រៀមក្រំណាស់ក្នុងការនិយាយដោយហេតុថា កិច្ចព្រមព្រៀងនេះ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសទាំងពីរនេះវិញ ។ កម្ពុជាបានទទួលយកកិច្ចព្រមព្រៀងនេះ ប៉ុន្តែប្រទេសថៃមិនបានទទួលយកកិច្ចព្រមព្រៀងនេះទេ»។ ការយល់ឃើញដូច្នេះមិនប្រាកដថា មានតែប្រទេសម៉ាឡេស៊ីមួយនោះទេ។ សមាជិកអាស៊ានផ្សេងទៀតពិតជាមានទស្សនៈមិនខុសពីការលើកឡើងនេះទេ គ្រាន់តែគេមិនចេញស្ដី ដោយសារតែរនាំងនៃធម្មនុញ្ញអាស៊ាន គឺមិនឱ្យលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសជាសមាជិក។ តែការលើកឡើងរបស់ប្រមុខការទូតម៉ាឡេស៊ីបានឆ្លុះបញ្ចាំងនូវសេចក្ដីក្លាហាន និងឆន្ទៈពិតប្រាកដ ក្នុងនាមសមាជិកអាស៊ានទាំងមូល ដោយមិនចង់ឃើញរដ្ឋាភិបាលក្រុងបាងកក ទាញទម្លាក់កិត្តិយសអង្គការតំបន់មួយនេះ ដែលកើតចេញពីការកសាងមកយ៉ាងលំបាកឱ្យធ្លាក់ទៅក្នុងភាពអួអាប់ដោយសារតែមហិច្ឆតានៃយុទ្ធនាការស្វែងរកសំឡេងគាំទ្រពីក្រុមអ្នកជាតិនិយមថៃរបស់លោកអាប់ភីស៊ីត សម្រាប់ការបោះឆ្នោតដ៏ផុយស្រួយនៅក្នុងប្រទេសថៃ។
ផ្ទុយទៅវិញលោក អាប់ភីស៊ីត ច្រានចោលនូវការលើកឡើងរបស់អនុរដ្ឋមន្ដ្រីការបរទេសម៉ាឡេស៊ី តាមរយៈការចេញផ្សាយរបស់កាសែតបាងកកប៉ុស្ដិ៍ កាលពីថៃ្ងទី១០ ឧសភាថា លោក Richard Riot Jaem មិនយល់ពីស្ថានការណ៍ ព្រំដែនកម្ពុជា-ថៃទេ ព្រោះថា កិច្ចប្រជុំត្រីភាគី រវាងរដ្ឋមន្ដ្រីការបរទេសថៃ កម្ពុជា និងឥណ្ឌូណេស៊ី កាលពីយប់ថៃ្ងទី៩ ឧសភា ឆ្នាំ២០១១ បញ្ហានោះត្រូវបានដោះស្រាយរួចហើយ ។
ពិតណាស់ថា អ្នកក្រៅមិនអាចស៊ីជម្រៅក្នុងរឿងអ្នកដទៃបានមែននេះគឺជាការពិត។ ក៏ប៉ុន្តែនៅក្នុងអត្ថបទដដែល លោកអាប់ភីស៊ីត បានបញ្ជាក់យ៉ាងច្បាស់ថា៖ «ជំហររបស់ប្រទេសថៃនៅតែដដែល។ ប្រសិនបើកម្ពុជាមិនដកកងទ័ពចេញពីតំបន់ជម្លោះព្រំដែនទេនោះ គ្មានអ្នកសង្កេតការណ៍ណាមួយនឹងត្រូវបញ្ជូនទៅទីនោះឡើយ»។ ត្រង់ចំណុចនេះ គេអាចចោទសួរបាន ថា តើអនុរដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ីមិនយល់ ពីស្ថានការណ៍ក្នុងជម្លោះកម្ពុជា-ថៃ ឬក៏ការ លើកឡើងរបស់លោកចំចំណុចកន្ទុយខ្វៀន របស់រដ្ឋាភិបាលក្រុងបាងកក ?
ទូទាំងអាស៊ាន និងប្រទេសជាច្រើនក្នុងពិភព លោកសុទ្ធតែបានដឹងយ៉ាងច្បាស់ពីជំហររបស់ រាជរដ្ឋាភិបាលកម្ពុជាថា ព្រះរាជាណាចក្រកម្ពុជា ពិតជាចង់ឱ្យមានវត្តមាននៃក្រុមអ្នកសង្កេតការណ៍ឥណ្ឌូណេស៊ីយ៉ាងឆាប់មកកាន់តំបន់ជម្លោះ។ ដោយឡែកប្រមុខរាជរដ្ឋាភិបាល និងប្រមុខការទូតប្រទេសកម្ពុជាក៏បានបង្ហាញពីជំហរច្បាស់លាស់ថា កម្ពុជាមិនអាចដកកងទ័ព និងប្រជាជនដែលរស់នៅក្នុងទឹកដីរបស់ខ្លួនចេញពីតំបន់ព្រំដែនបានទេ ពីព្រោះពួកគេឈរជើង និងស្នាក់នៅក្នុងដែនអធិបតេយ្យរបស់កម្ពុជា មិនមែនជាទឹកដីថៃនោះឡើយ។ ត្រង់ចំណុចនេះគេអាចចោទសួរត្រឡប់ទៅលោកអាប់ភីស៊ីតថា តើលោកអាចឱ្យក្រុមអាវក្រហមខ្ចីកៅអីរដ្ឋាភិបាលចាំផ្ទះរបស់លោកអង្គុយជា បណ្ដោះ អាសន្នដើម្បីរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌បានទេ នៅក្នុងពេលនេះ?
ចែករំលែកព័តមាននេះ