រាជធានីភ្នំពេញ ៖ ម៉ាស៊ីនហ្គាសរោងចក្រផលិតទឹកកកបានផ្ទុះឡើងលាន់កក្រើកដីបណ្តាលឱ្យមនុស្សពីរនាក់រងរបួស ហើយក្រោយមកបាត់បង់ជីវិតម្នាក់ បន្ទាប់ពីបញ្ជូនទៅសង្គ្រោះទៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។ ហេតុការណ៍នោះកើតឡើងកាលពីវេលាម៉ោង១១ និង១០នាទីព្រឹក ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១១ នៅក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។
អ្នកស្លាប់ឈ្មោះអ៊ឹង ម៉េងសៀង ភេទប្រុស អាយុ៤៩ឆ្នាំ ជាជាងម៉ាស៊ីន ស្នាក់នៅផ្ទះលេខ៤៥៩E1 វិថីព្រះស៊ីសុវត្ថិ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ស្រុកកំណើតនៅក្រុងសួង ស្រុកត្បូងឃ្មុំ ខេត្តកំពង់ចាម ។ ជនរងគ្រោះរូបនេះស្លាប់ចោលប្រពន្ធដែលទើបតែសំរាលកូនបានរយៈពេល២អាទិត្យប៉ុណ្ណោះ ។ ចំណែកឯជនរងគ្រោះម្នាក់ទៀតឈ្មោះសាវ វុត្ថា ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅក្នុងសង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រងរបួសធ្ងន់កំពុងសំរាកព្យាបាលរបួសនៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមប្រភពព័ត៌មានឱ្យដឹងថា រោងចក្រទឹកកកនោះមិនមានស្លាកយីហោឡើយ ។ នៅមុនពេលកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវថៅកែប្រើឱ្យបញ្ឆេះម៉ាស៊ីនហ្គាសសាកល្បង ព្រោះម៉ាស៊ីននោះទើបដំឡើងរួចរាល់ក្នុងពេលថ្មីៗនេះ។ ក្នុងខណៈពេលម៉ាស៊ីនកំពុងដំណើរការជនរងគ្រោះទាំងពីរស្ថិតនៅក្បែរម៉ាស៊ីនដើម្បីត្រួតពិនិត្យទៅតាមលក្ខណៈបច្ចេកទេស។ លុះមួយសន្ទុះក្រោយមកស្រាប់តែម៉ាស៊ីននោះបានផ្ទុះឡើងលាន់យ៉ាងកក្រើកបណ្តាលឱ្យអំបែងម៉ាស៊ីនខ្ទាតត្រូវជនរងគ្រោះរងរបួសដេកដួលក្នុងថ្លុកឈាម និងបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលមានលំនៅឋាននៅនោះ។
ប្រភពដដែលបន្តទៀតថា ម៉ាស៊ីនដែលផ្ទុះនោះ គឺជាម៉ាស៊ីនបង្កើតខ្យល់ហ្គាសសំរាប់បាញ់បញ្ចូលឱ្យទឹកកកក្នុងពុម្ពហើយការផ្ទុះនោះសង្ស័យបណ្តាលមកពីខុសលក្ខណៈបច្ចេកទេស។ ម្យ៉ាងទៀតកំលាំងផ្ទុះនោះខ្លាំងណាស់ សូម្បីជញ្ជាំងថ្មក៏ធ្លុះធ្លាយដូចត្រូវគ្រាប់ផ្លោងដែរ ។ ជនរងគ្រោះត្រូវអ្នកគ្រប់គ្រងដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយពេលទៅដល់បានស្លាប់ម្នាក់។
ប៉ូលិសនិយាយថា ក្រោយពេលកើតហេតុសមត្ថកិច្ចទៅកាន់កន្លែងកើតហេតុដើម្បីត្រួតពិនិត្យ តែអ្នកនៅទីនោះមិនសហការទេ សូម្បីតែឈ្មោះជនរងគ្រោះក៏លាក់លៀមមិនប្រាប់សមត្ថកិច្ចដែរ ។ ទោះបីជាយ៉ាងណាក្តី សមត្ថកិច្ចត្រូវតែធ្វើការតាមច្បាប់ ហើយគណៈអភិបាលខណ្ឌដង្កោរួមជាមួយប៉ូលិសបច្ចេកទេសបានត្រួតពិនិត្យរកមូលហេតុនៃការផ្ទុះនោះ ៕
ចែករំលែកព័តមាននេះ