តាមទីភ្នាក់ងារវ៉ាស៊ីនតោនប៉ុសិ៍្តកាលពីថ្ងៃទី១៣ ឧសភា បានផ្សាយអត្ថបទមួយដែលមានចំណងជើងថា «ប្រទេសថៃបែកបាក់នៅពេលប្អូនស្រីលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា ចូលរួមបោះឆ្នោត ។ អត្ថបទវិភាគនេះបានធ្វើឡើង ខណៈពេលនយោបាយថៃបានឈានឆ្ពោះទៅរកការបោះឆ្នោត ក្រោយពីលោកអាប់ភីស៊ីត វេចាជីវ៉ា ប្រកាសរំលាយសភា និងកំណត់ឱ្យមានការបោះឆ្នោតនៅថ្ងៃទី៣ កក្កដា ខាងមុខ ។
ចាត់ទុកថា នឹងក្លាយជាការប្រឈមមុខរវាងលោកអាប់ភីស៊ីត វេចាជីវ៉ា ប្រធានគណបក្សប្រជាធិបតេយ្យ និងលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃដោយក្នុងរយៈពេល ចុងក្រោយនេះ លោកថាក់ស៊ីនបានប្រកាសឱ្យលោកស្រីយីងឡាក ស៊ីណាវ៉ាត្រា ដែលជាប្អូនស្រីធ្វើជាប្រធានគណបក្ស ដើម្បីប្រជែងតំណែងជានាយករដ្ឋមន្ត្រីថៃ ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោត ។
ទោះជាយ៉ាងណា លោកហ្វេដេរីហ្គោ ហ្វើរ៉ារ៉ា អ្នកជំនាញក្នុងមហាវិទ្យាល័យ នៅហុងកុងបានធ្វើការវិភាគថា មានឱកាសតិចតួចដែលការបោះឆ្នោតលើកនេះនឹងគ្មានការ «ឆបោក ឬកិបកេង» កើតឡើង ឬដំណើរការដោយ «ភាពបរិសុទ្ធ-យុត្តិធម៌» ។ លោកហ្វេដេរីហ្គោ បានបញ្ជាក់ថា បេក្ខភាពក្នុងគណបក្សភឿថៃនឹងត្រូវបានប្រកាសពីការកិបកេងការបោះឆ្នោត ដូច្នេះធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានប្រៀបជាងដោយជំនឿរបស់ប្រជាពលរដ្ឋ។
ចំណែកលោកសាស្ត្រាចារ្យ ស៊ុម ឆាយ ផាកាផាស់ វីវ៉ាត់ ផ្នែកសេដ្ឋសាស្ត្រ និងនយោបាយប្រចាំមហាវិទ្យាល័យថាម៉ាសាស្ត្រ (ធម្មសាស្ត្រ) បានថ្លែងថា ការបោះឆ្នោតលើកនេះ នឹងមានតែការបង្កើនស្ថានការណ៍ប្រឈមមុខ និងការបែងចែកបក្សពួក ព្រោះលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានសន្យាដល់អ្នកគាំទ្រថា លោកនឹងត្រឡប់ចូលប្រទេសវិញ ។ ចំណែកសត្រូវរបស់លោក ក៏មានការបារម្ភខ្លាចមានការសងសឹក ហើយខំព្យាយាមរារាំងលោកថាក់ស៊ីន តាមតែអាចធ្វើទៅបាន ដូច្នេះក្រោយពីការបោះឆ្នោតការប្រឈមមុខដាក់គ្នានឹងកើតឡើងជាថ្មី។
វ៉ាស៊ីនតោនប៉ុសិ៍្តបានផ្សាយបន្តថា តាមការធ្វើប្រជាមតិស្ទាបស្ទង់បានបង្ហាញថា ការបោះឆ្នោតរវាងគណបក្សភឿថៃ និងប្រជាធិបតេយ្យមានដំណើរការយ៉ាងអធិកអធមដោយលទ្ធផលប្រជាមតិរបស់កាសែតបាងកកប៉ុសិ៍្តបញ្ជាក់ថា មាន២៣% ជ្រើសរើសយកគណបក្សភឿថៃ និង២០% យកគណបក្សប្រជាធិបតេយ្យ ។ ចំណែកការធ្វើប្រជាមតិក្នុងទស្សនៈផ្សេងៗ ទៀតក៏មានលក្ខណៈប្រកួតប្រជែងគ្នា ដោយអ្នកមានសិទ្ធិបោះឆ្នោតជាងពាក់កណ្តាលនៅមិនទាន់ធ្វើការសម្រេចចិត្តថា នឹងជ្រើសរើសយកគណបក្សណាមួយនៅក្នុងចិត្តរបស់ពួកគេរវាងគណបក្សទាំង២នេះនៅឡើយទេ ៕
ចែករំលែកព័តមាននេះ