ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! យក​ដុំ​ថ្ម​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​ផ្អើល​ផ្លូវជាតិ​លេខ​៣ ក្រោយ​ស្ងប់ស្ងាត់​មួយ​រយៈ

1 ឆ្នាំ មុន
  • តាកែវ

​ករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​មួយ​ករណី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​

ខេត្តតាកែវ ៖ ក្រោយ​ស្ងប់ស្ងាត់​ករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​តាម​ដងផ្លូវ​នៅ​ក្នុង​ទឹកដី​ខេត្តតាកែវ​មួយ​រយៈ ពេល​នេះ​បាន​កើត​មាន​មួយ​ករណី​ទៀត​ហើយ​នៅ​ដើមខែ​កញ្ញា​នេះ​។

តាម​ការ​បង្ហាញ​ពី​ក្រុមការងារ​តាមដាន​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ បាន​បញ្ជាក់​ថា មាន​ករណី​គប់​កញ្ចក់​រថយន្ត​អ្នកដំណើរ​មួយ​ករណី បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​៥០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ភូមិ​ព្រៃ​ញឹក ឃុំ​ខ្វាវ ស្រុក​សំរោង ខេត្តតាកែវ ដែល​បង្ក​ឡើង​ដោយ​ជនល្មើស​មិន​ស្គាល់​អត្តសញ្ញាណ​មួយ​ក្រុម មាន​គ្នា​៤​នាក់ ជិះ​ម៉ូតូ​២​គ្រឿង បើកបរ​ក្នុង​ទិស​ដៅ​ពី​ជើង​មក​ត្បូង​។

ប្រភព​ដដែល​បន្ត​ថា ក្រុម​ជនល្មើស​ទាំងនោះ​បាន​ធ្វើ​សកម្មភាព​គប់​ដុំ​ថ្ម​ទៅ​លើ​រថយន្ត​របស់​ជន​រង​គ្រោះ​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​3B-9147 បើកបរ​ពី​ត្បូង​ទៅ​ជើង បណ្តាល​ឱ្យ​ត្រូវ​ត្រង់​កញ្ចក់​ខាង​មុខ ហើយ​បែក​អំបែង​ត្រូវ​ចំ​អ្នក​បើ​របរ​ឈ្មោះ សុខ ពៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឈ្មួញ សង្កាត់​ដង្កោរ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​រង​បួស​ត្រង់​ចិញ្ចើម​ខាងឆ្វេង និង​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

ក្រោយ​ពេល​កើត​មាន​ករណី​ខាងលើ​នេះ កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង រួម​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ខ្វាវ បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម​ៗ ហើយ​ប្រមូល​ព័ត៌មាន និង​សហការ​ជាមួយ​បណ្តា​ប៉ុស្តិ៍​រដ្ឋបាល ពាក់ព័ន្ធ​ទាំង​ខេត្តកំពង់ស្ពឺ និង​ខេត្តតាកែវ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ប៉ុន្តែ​ដោយសារ​ទីតាំង​កើតហេតុ ពុំ​មាន​កាមេរ៉ា​សុវត្ថិភាព ទើប​មិន​អាច​ទាន់​កំណត់​មុខ​សញ្ញាណ​ជន​បង្ក​បាន​។

លោក​ឧត្តមសេនីយ៍ទោ ឈាង ផា​ន់​ណា​រ៉ា ស្នងការ​នគរបាល​ខេត្តតាកែវ នៅ​ព្រឹក​ថ្ងៃ​ទី​០២ ខែកញ្ញា ឆ្នាំ​២០២៣​នេះ ក៏​បាន​បញ្ជា​កម្លាំង​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ចុះ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សំរោង ស្រុក​ត្រាំកក់ ស្រុក​បាទី និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​ពាក់ព័ន្ធ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដើម្បី​ប្រមូល​ព័ត៌មាន ស្វែងរក​ជន​បង្ក​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។

ក្រុមការងារ​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ក៏​សុំ​ចិត្ត​ប្រជាពលរដ្ឋ​សហការ​ផ្តល់​ព័ត៌មាន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ តាម​រយៈ messenger , Comment) នៅ​លើ​ទំព័រ Facebook page និង​តាម​រយៈ​លេខ​ទូរស័ព្ទ​ប្រចាំ​បញ្ជា​២៤​ម៉ោង​លើ​២៤​ម៉ោង (០៩៧ ៧៧៨ ០០០៥) របស់​ស្នងការដ្ឋាន​នគរបាល​ខេត្តតាកែវ ដើម្បី​ឱ្យ​សមត្ថកិច្ច​ជំនាញ​មាន​ចំណាត់ការ​ស្រាវជ្រាវ​បង្ការ បង្ក្រាប​បទល្មើស​ឱ្យ​បាន​ទាន់​ពេលវេលា និង​ទទួលយក​នូវ​ការ​រិះគន់​ក្នុង​ន័យ​ស្ថាបនា ដើម្បី​ចូលរួម​បម្រើ​ផលប្រយោជន៍​ជូន​ប្រជាពលរដ្ឋ រក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សង្គម​ជាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ