កាសែតបាងកកប៉ុស្តិ៍របស់ថៃនៅថ្ងៃទី១៣ ឧសភា ផ្សាយឱ្យដឹងថា លោកចាទុផន ព្រំផាន់ មេដឹកនាំដ៏សំខាន់មួយរូបរបស់ក្រុមអាវក្រហមដែលគាំទ្រលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ដែលមានប្រជាប្រិយភាពត្រូវបាននាំខ្លួនដាក់ពន្ធនាគារក្នុងទីក្រុងបាងកក ក្រោយពីតុលាការបានសម្រចលុបចោលវិញនូវការនៅក្រៅឃុំដោយការបង់ប្រាក់់ធានាសម្រាប់លោកមក ។ អ្នកវិភាគពីស្ថានការណ៍នយោបាយក្នុងប្រទេសថៃនិយាយថា ការនាំខ្លួនលោកចាទុផន ដាក់ពន្ធនាគារនេះជាការសំពងយ៉ាងដំណំមួយ ចំពោះគណបក្សប្រឆាំងរបស់ថៃ គឺគណបក្សភឿថៃ សម្រាប់ការបោះឆ្នោតទូទៅដែលត្រូវគ្រោងរៀបចំឡើងនៅខែកក្កដា ខាងមុខនេះ ។ សមាជិកគណបក្សភឿថៃជាច្រើនរូបយល់ឃើញថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់គណបក្សខ្លួននឹងប្រព្រឹត្តទៅយ៉ាងលំបាកបំផុត បើគ្មានលោកចាទុផន ព្រោះពុំមានអ្នកណាល្អជាងលោកឡើយ ។
លោក Chalerm Yabumrung ជាមនុស្សមួយរូបដែលគេសង្ឃឹមថា នឹងក្លាយជាបេក្ខជនដ៏មានសក្តានុពលដើម្បីឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់គណបក្សភឿថៃនិយាយថា ការធ្វើយុទ្ធនាការឃោសនាបោះឆ្នោតរបស់គណបក្សភឿថៃ និងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបើគ្មានលោកចាទុផន ។ ក្រុមអាវក្រហមគ្រោងប្រមូលផ្តុំគ្នាក្នុងទ្រង់ទ្រាយធំមួយនៅថ្ងៃទី១៩ ឧសភា ខាងមុខនេះ ដើម្បីរំឭកខួបនៃការប៉ះទង្គិចគ្នារវាងក្រុមបាតុករអាវក្រហមជាមួយកងទាហានដែលមានភក្តីភាពចំពោះរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត ហើយគេរំពឹងថា ការជាប់ពន្ធនាគាររបស់លោកចាទុផន នឹងមិនប៉ះពាល់ដល់ការប្រមូលផ្តុំនោះឡើយ ។
លោកចាទុផន ព្រំផាន់ ត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគារពីបទរំលោភបំពានច្បាប់គ្រាអាសន្នក្នុងអំឡុងពេលនៃការធ្វើបាតុកម្មរបស់ក្រុមអាវក្រហម ប្រឆាំងរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីត កាលពីខែមេសា និងខែ ឧសភា ឆ្នាំ២០១០ កន្លងមក ៕
ចែករំលែកព័តមាននេះ