ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​រោងចក្រ​ផលិត​ទឹក​កក មនុស្ស​៣០​នាក់​រង​គ្រោះ

8 ខែ មុន
  • ភ្នំពេញ

មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣០​នាក់ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ បន្ទាប់​ពី​មានការ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​ក្នុង​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង នៅ​ខណ្ឌ​

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា មនុស្ស​ក្មេង​ចាស់​ប្រុស​ស្រី​ចំនួន​៣០​នាក់ បាន​ដួល​សន្លប់​ជា​បន្ដបន្ទាប់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​យក​ទៅ​សង្គ្រោះ​ភ្លាម​ៗ​នៅ​ឯ​មន្ទីរពេទ្យ បន្ទាប់​ពី​មានការ​ធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​ក្នុង​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង នៅ​ខណ្ឌ​ឬ​ស្សី​កែវ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៧​និង​១០​នាទី​យប់ ថ្ងៃ​ទី​១ ខែកញ្ញា ឆ្នាំ​២០២៣ នៅ​ត្រង់​ចំណុច​រោងចក្រ​ផលិត​ទឹកកក​យីហោ «​ឈាង មួ​» នៅ​តាម​ផ្លូវ​បេតុង ក្រុម​ទី​៥ ស្ថិត​ក្នុងភូមិ​ខ​១ សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឬ​ស្សី​កែវ ។

បើ​តាម​ប្រភព​នៅ​នឹង​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រោងចក្រ​ផលិត​ទឹកកក​មួយ​កន្លែង​យីហោ «​ឈាង មួ​» កំពុង​ដំណើរការ​ផលិត​ទឹកកក ដោយ​មាន​កម្មករ​ធ្វើការ​ជា​ធម្មតា​។ លុះ​មួយសន្ទុះ​ក្រោយមក ក៏​ស្រាប់តែ​មានការ​ផ្ទុះ​ធុង​ឧស្ម័ន​អាម៉ូញ៉ាក់ បណ្ដាល​អោយ​​សាយភាយ​ក្លិន​ពេញ​តំបន់​ក្បែរ​ៗ​នោះ និង​បង្ក​ឱ្យ​មាន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ ដួល​សន្លប់​ជា​បន្តបន្ទាប់​រហូត​ដល់​៣០​នាក់​ឯណោះ​។

ប្រភព​ដដែល​បន្ត​ថា ករណី​ផ្ទុះ​ធុង​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញពី​រោងចក្រ​ផលិត​ទឹកកក​ខាងលើ​នេះ បាន​ធ្វើ​ឱ្យ​អ្នកដំណើរ​ខ្លះ កំពុង​តែ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ សុខ​ៗ ធុំក្លិន​ចំហាយ​ឧស្ម័ន​ខ្លាំង​ពេក ទ្រាំ​មិន​បាន​ផ្ដួល​ម៉ូតូ​ចោល រួចរ​ត់រក​ទី​សុវត្ថិភាព និង​អ្នកខ្លះ​ទៀត​ហូរ​ទឹកភ្នែក​ពិបាក​ដកដង្ហើម រហូត​ដួល​សន្លប់​តែ​ម្ដង​ទៅ ។ ហើយ​ជន​រង​គ្រោះ​ខ្លះ​ត្រូវ​បាន​សាច់ញាតិ​ដឹក​ទៅ​សង្គ្រោះ​បន្ទាន់ ហើយ​ខ្លះ​ទៀត​ត្រូវ​រថយន្ដ​សង្គ្រោះ​មក​ដឹក​យក​ទៅ​សង្គ្រោះ​ភា្ល​ម​ៗ​នៅ​ឯ​មន្ទីរពេទ្យ​សម្ដេចឪ និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ក្រោយ​ពេល​កើតហេតុ ក៏​មាន​សមត្ថកិច្ច ក៏​ដូច​ជា​អ​ជ្ញា​ធរ​មូលដ្ឋាន ចុះ​ទៅ​ធ្វើការ​អន្តរាគមន៍ និង​បាន​បិទ​ធុង​ឧស្ម័ន​នោះ​ផង​ដែរ ។

បើ​តាម​លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម​ៗ លោក​បាន​ដឹកនាំ​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ ចុះ​អន្តរាគមន៍​សម្របសម្រួល​លើ​ករណី​នេះ និង​មានការ​ចូលរួម​ពី​រថយន្ដ​សង្គ្រោះ​បន្ទាន់​របស់​មន្ទីរពេទ្យ​សម្ដេចឪ និង​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ព្រមទាំង​រថយន្ដ​ពន្លត់​អគ្គិភ័យ​ផង​ដែរ ដើម្បី​រង់ចាំ​អន្តរាគមន៍​ជួយ​ពលរដ្ឋ​ក្នុង​ករណី​បន្ទាន់​ណាមួយ​កើតឡើង​។

លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​អោយ​ដឹង​បន្ត​ទៀត​ថា លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០២៣ លោក ឯក ឃុន​ដឿ​ន អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ពិនិត្យ​មើល​ទីតាំង​រោងចក្រ​ផលិត​ទឹកកក​ខាងលើ ក្រោយ​ពី​មានការ​បែកធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​ចេញ​មក​ក្រៅ បណ្តាល​ឲ្យ​មនុស្ស​ចំនួន​៣០​នាក់​រង​របួស​ផ្លូវដង្ហើម ហើយ​ត្រូវ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មន្ទីរពេទ្យ​សម្តេចឪ និង​មន្ទីរពេទ្យ​គីឡូម៉ែត្រ​លេខ​៦ ។ ចំណែក​ម្ចាស់​ទីតាំង​ខាង​លើ​នេះ​មានឈ្មោះ ឈាង ប៉ោ ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ចំណុច​កើតហេតុ​។

លោក​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​មានការ​បែកធ្លាយ​ឧស្ម័ន​អាម៉ូញ៉ាក់​នៅ​ក្នុង​រោងចក្រ​ផលិត​ទឹកកក​ខាងលើ​នេះ លោក​ក៏​បាន​បញ្ជា​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ផ្អាក​ទីតាំង​រោងចក្រ​ផលិត​ទឹកកក​ជា​បណ្ដោះអាសន្ន ដើម្បី​រង់ចាំ​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​ធ្វើការ​ត្រួតពិនិត្យ​ជា​ថ្មី និង​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជូន​ពួក​គាត់​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

លោក​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​ទៀត​ថា ហើយ​នៅ​ព្រឹក​នេះ​ដែរ អាជ្ញាធរ​បាន​ចុះ​មក​ធ្វើ​កំណត់​ហេតុ​អោយ​ម្ចាស់​ទីតាំង​ពង្រឹង​សុវត្ថិភាព បច្ចេកទេស​អោយ​បាន​ខ្ពស់ និង​មិន​អោយ​មាន​បញ្ហា​ជា​លើក​ទី​២​ទេ​។ បើសិនជា​មាន​បញ្ហា​បែប​នេះ​កើតឡើង​ម្តងទៀត អាជ្ញាធរ​នឹង​សម្រេច​បិទ​ទីតាំង​ខាងលើ​នេះ ដោយ​អោយ​ម្ចាស់​រក​ទីតាំង​ថ្មី ដែល​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ហើយ​ការ​ចំណាយ​ថ្លៃ​ព្យាបាល​អាកា​រៈ​ផ្លូវដង្ហើម​របស់​ប្រជាពលរដ្ឋ គឺ​ម្ចាស់​ទីតាំង​ជា​អ្នក​ទទួលខុសត្រូវ​ទាំងអស់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ