រាជធានីភ្នំពេញ ៖ ជនជាតិខ្មែរអ៊ិស្លាមម្នាក់បានត្រូវប៉ូលិសប៉ុស្តិ៍ជ្រោយចង្វាចាប់ខ្លួន កាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី១២ ឧសភា បន្ទាប់ពីធ្វើសកម្មភាពលបចូលក្នុងផ្ទះអ្នកភូមិក្បែរគ្នាលួចយកប្រាក់ និងគ្រឿងអលង្ការកាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ឧសភា ហើយគេចខ្លួនទៅខេត្តកំពង់ចាមបាន៥ថ្ងៃត្រឡប់មកវិញត្រូវចាប់ខ្លួនតែម្តង ។ ជនសង្ស័យរូបនោះឈ្មោះអះ ម៉ាត់រំលី ភេទប្រុស អាយុ២៣ឆ្នាំ ជាកម្មករសំណង់ រស់នៅក្នុងភូមិទី២ សង្កាត់ជ្រោយចង្វា ខណ្ឌឫស្សីកែវ ។
តាមមន្ត្រីប៉ូលិសខណ្ឌឫស្សីកែវ បានឱ្យដឹងថា កាលពីថ្ងៃទី៧ ឧសភា វេលាម៉ោង១រំលងអធ្រាត្រ ជនសង្ស័យបានលបចូលទៅក្នុងផ្ទះរបស់ឈ្មោះកូប សាលី ភេទប្រុស អាយុ៤០ឆ្នាំ គឺផ្ទះលេខ៣៥៧ ក្រុមទី២ សង្កាត់ជ្រោយចង្វា លួចយកប្រាក់អស់៣លានរៀល និងគ្រឿងអលង្ការមានខ្សែដៃមាស២ខ្សែ ទម្ងន់៤តម្លឹង ខ្សែ.កមាស១ខ្សែទម្ងន់២តម្លឹង បន្តោងមាស១ ទម្ងន់២ជី កងដៃប្លាទីន២ ទម្ងន់១ជី២ហ៊ុន និងខ្សែ.កប្លាទីនកូនក្មេង១ខ្សែទម្ងន់៥ជី ។ ពេលជននេះធ្វើសកម្មភាព លួចម្ចាស់ផ្ទះទាំងប្តីទាំងប្រពន្ធមិននៅទេ ជាប់រវល់ទៅកាប់គោ នៅសល់តែកូនតូច ។ តាមមន្ត្រីប៉ូលិសបន្តទៀតថា បន្ទាប់ពីធ្វើសកម្មភាពលួចបានសម្រេច ជននោះបានគេចខ្លួនទៅខេត្តកំពង់ចាមបាត់ ។ ទោះបីជាយ៉ាងណា សកម្មភាពលួចរបស់ជនសង្ស័យត្រូវបានកូនម្ចាស់ផ្ទះឃើញ និងបានប្រាក់ឪពុកម្តាយឱ្យប្តឹងសមត្ថកិច្ច ។ លុះដល់ថ្ងៃទី១២ ឧសភា វេលាម៉ោង១០ព្រឹក ពេលជននោះត្រឡប់មកផ្ទះវិញ ក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
នៅមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះអះ ម៉ាត់ រំលី បានសារភាពថា ខ្លួនពិតជាលួចលុយ និងគ្រឿងអលង្ការរបស់គេមែន ដោយលួចលុយបានតែ៨០ម៉ឺនរៀល រួមទាំងគ្រឿងអលង្ការដែលទុកក្នុងកូនកាបូប ។ ពេលលួចបានខ្លួនក៏ធ្វើដំណើរទៅខេត្តកំពង់ចាម យកកូនកាបូបនោះឱ្យម្តាយទុក ហើយក៏ត្រូវចោរលួចបន្តទៀត ៕
ចែករំលែកព័តមាននេះ