អង្គការអូតង់បានបដិសេធព័ត៌មានទាំងឡាយដែលថា ស្ថានទូតកូរ៉េខាងជើងប្រចាំក្រុងទ្រីប៉ូលីរងការខូចខាតដោយសារការវាយប្រហារតាមអាកាសរបស់អូតង់លើរដ្ឋធានីលីប៊ី។
ក្នុងសេចក្តីប្រកាសមួយអូតង់និយាយថា អូតង់ទទួលការចោទប្រកាន់ថា វាយប្រហារលើស្ថានទូតកូរ៉េខាងជើងដែលជារឿងពុំពិតឡើយ។ តាមការពិតស្ថានទូតនោះស្ថិតនៅចម្ងាយប្រមាណជា៥០០ម៉ែត្រពីគោលដៅដែលយើងវាយប្រហារ។
យោងតាមសេចក្តីប្រកាសនោះអូតង់បានវាយប្រហារកាលពីយប់ថ្ងៃទី១១មកទី១២ ឧសភា លើប្លុកទីបញ្ជាការ និងត្រួតពិនិត្យនាភាគកណ្តាលក្រុងទ្រី ប៉ូលី។ ការវាយប្រហាររបស់យើងគឺច្បាស់លាស់ណាស់។
ទូរទស្សន៍ជាតិលីប៊ីរាយការណ៍កាលពីថ្ងៃទី១២ ឧសភា ថា ការវាយប្រហារតាមអាកាសមួយរបស់អូតង់បានធ្វើឱ្យខូចខាតដល់ស្ថានទូតរបស់កូរ៉េខាងជើងក្នុងទីក្រុងទ្រីប៉ូលី តែពុំបានផ្តល់ភាពលំអិតឡើយ។
យោងតាមតុល្យការផ្លូវការរបស់បណ្តាអ្នកទទួលខុសត្រូវលីប៊ីថា ការវាយប្រហារតាមអាកាសនានារបស់អូតង់បានសំដៅលើប្លុកនិវេសនដ្ឋានរបស់មេដឹកនាំលីប៊ី លោកមូអាម៉ា កាដាហ្វី នៅក្រុងទ្រីប៉ូលីបណ្តាលឱ្យមនុស្សស្លាប់៣នាក់ ក្នុងនោះមានអ្នកកាសែត២នាក់ហើយមនុស្ស២៧នាក់ទៀតត្រូវរបួស។
ចំណែកបារាំងវិញបញ្ជាក់ថា អ្នកកាសែតបារាំងម្នាក់បានត្រូវស្លាប់នៅមន្ទីរពេទ្យ JALAA ក្រុងបេនហ្គាហ្ស៊ីជាទីតាំងធំរបស់ពួកបះបោរលីប៊ី។ ក្រុងប៉ារីសបញ្ជាក់កាលពីយប់ថ្ងៃទី១២ ឧសភា ថា អ្នកកាសែតបារាំងអាយុ៤៩ឆ្នាំរូបនេះត្រូវស្លាប់ក្នុងពេលមានការត្រួតពិនិត្យមួយរបស់ប៉ូលិសក្នុងទីក្រុងនោះ ចំណែកជនជាតិបារាំង៤នាក់ទៀតត្រូវចាប់ខ្លួននៅត្រង់កន្លែងត្រួតពិនិត្យនេះដែរ៕
ចែករំលែកព័តមាននេះ