ខេត្តកណ្តាល ៖ បន្ទាប់ពីមានជនមិនស្គាល់មុខឌុបយុវជនម្នាក់ឈ្មោះភី សុផាត អាយុ១៩ឆ្នាំ នៅភូមិព្រែកហូរខាងលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ដែលមានរបួសធ្ងន់ធ្ងរសន្លប់យកទៅប្លុងចោលនៅខាងមុខអគារសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យជ័យជំនះ កាលពីយប់ថ្ងៃទី៨ ឧសភា កន្លងមក ហើយជនរងគ្រោះបានស្លាប់នៅវេលាម៉ោង៤ទៀបភ្លឺឈានចូលថ្ងៃទី៩ ឧសភា រួចមក ប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅ បានធ្វើការស៊ើបអង្កេត និងស្វែងរកសាក្សីមកបំភ្លឺជុំវិញករណីនេះ ។
រហូតមកដល់ថ្ងៃទី១២ ឧសភា ប៉ូលិសមិនទាន់រកឃើញមូលហេតុច្បាស់លាស់ដែលបណ្តាលឱ្យជនរងគ្រោះរងរបួសរហូតដល់ស្លាប់ និងជនដែលឌុបជនរងគ្រោះយកមកប្លុងចោលនៅមន្ទីរពេទ្យនោះឡើយ ។ ប៉ុន្តែបើតាមស្តាប់ការបំភ្លឺរបស់សាក្សី គឺមានការទាក់ទងជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថក្រុងតាខ្មៅ ដែលតាមការអះអាងថា បានចាប់ជនរងគ្រោះយកទៅកាន់ទីបញ្ជាការរបស់ខ្លួន កាលពីល្ងាចថ្ងៃកើតហេតុ (ថ្ងៃ៨ ឧសភា) ទាក់ទិនរឿងទំនាស់វាយតប់គ្នាមួយដែលបានកើតឡើងនៅកន្លែងលក់ទឹកត្នោតជូរក្បែរវត្តព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ហើយក្នុងនោះក៏មានយុវជនឈ្មោះភី សុផាត ជាជនរងគ្រោះនៅក្នុងហេតុការណ៍នោះដែរ ។ នេះបើតាមសម្តីរបស់សាក្សីនៅកន្លែងលក់ទឹកត្នោតជូរ និងជាកន្លែងកើតមានទំនាស់នោះ ។
សាក្សីដែលសុំមិនបញ្ចេញឈ្មោះបានបន្តឱ្យដឹងទៀតថា ក្រោយពេលមានទំនាស់ គេបានឃើញសមត្ថកិច្ច៦នាក់ដែលគេស្គាល់ជាកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅ ក្នុងនោះពីរនាក់ស្លៀកពាក់ឯកសណ្ឋាន និង៤នាក់ទៀតស្លៀកពាក់ស៊ីវិល បានទៅចាប់យុវជន២នាក់នៅកន្លែងកើតហេតុ ឌុបតាមម៉ូតូយកទៅបាត់ ។ សាក្សីដដែលបន្តទៀតថា នៅពេលកើតមានទំនាស់វាយតប់គ្នានោះ ឈ្មោះភី សុផាត មិនមានរងរបួសនោះទេ ប៉ុន្តែមិនដឹងថាយ៉ាងម៉េចពេលព្រឹកឡើងឮគេនិយាយថា ឈ្មោះភី សុផាត រងរបួសធ្ងន់ហើយស្លាប់នៅមន្ទីរពេទ្យ។
ចំណែកសាក្សីម្នាក់ទៀតឈ្មោះមឿន វិបុល ហៅហូរ អាយុ១៩ឆ្នាំ ដែលនៅក្នុងហេតុការណ៍វាយតប់គ្នានោះដែរ បានបំភ្លឺប្រាប់ប៉ូលិសថា ខ្លួនគេ និងឈ្មោះភី សុផាត ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងតាខ្មៅចាប់ខ្លួននៅកន្លែងលក់ទឹកត្នោតជូរ ក្បែរវត្តព្រែកសំរោង ក្រោយពីមានការឈ្លោះប្រកែកវាយតប់គ្នាជាមួយពួកយុវជនមួយក្រុមទៀត ហើយឈ្មោះភី សុផាត មិនមានរងរបួសធ្ងន់ទេ ។ គេនិយាយថា នៅពេលកម្លាំងកងរាជអាវុធហត្ថចាប់នោះ គឺឌុបតាមម៉ូតូផ្សេងពីគ្នា ដោយមានអ្នកជិះក្រៀកពីក្រោយ។ ពេលទៅដល់ម្តុំខាងមុខវត្តព្រែកសំរោង គេឃើញឈ្មោះភី សុផាត និងប៉េអឹមអ្នកឌុបនោះប្រវាយប្រតប់គ្នា ពេលខ្លួនទៅដល់ទីបញ្ជាការប៉េអឹមក្រុងមិនបានឃើញឈ្មោះភី សុផាត នៅទីនោះទេ។ លុះព្រឹកឡើងក្រោយពីប៉េអឹមធ្វើការអប់រំរួច ក៏ដោះលែងខ្លួនវិញ ហើយបានឮដំណឹងថា ឈ្មោះភី សុផាត បានស្លាប់នៅមន្ទីរពេទ្យជ័យជំនះ ក្រុងតាខ្មៅ ។
ប្រភពពីមន្ត្រីប៉ូលិសមួយរូបសុំមិនបញ្ចេញឈ្មោះនិយាយថា នៅយប់កើតហេតុគាត់បានស្តាប់ឮតាមវិទ្យុទាក់ទង មានមន្ត្រីប៉េអឹមក្រុងតាខ្មៅបាននិយាយរហស្សនាម «អាឆ្មា» ទាក់ទងគ្នាថា ឱ្យកម្លាំងយកម៉ូតូទៅឌុបមនុស្សនៅវត្តព្រែកសំរោង ទៅមន្ទីរពេទ្យ ព្រោះមានរបួសធ្ងន់ណាស់ តែមិនបាននិយាយពីមូលហេតុដែលមនុស្សនោះរបួសទេ ។
ទោះជាយ៉ាងណា តាមការឆ្លើយបំភ្លឺរបស់សាក្សីជាច្រើនគឺបញ្ជាក់ថា ជនរងគ្រោះឈ្មោះភី សុផាត បានរងរបួសធ្ងន់ បន្ទាប់ពីប៉េអឹមចាប់បាន មិនដឹងជាប៉េអឹមវាយ ឬលោតធ្លាក់ពីលើម៉ូតូដោយខ្លួនឯង ឬក៏ដួលម៉ូតូនោះទេ។
លោកហៀង ចន្ធី មេបញ្ជាការកងរាជអាវុធហត្ថក្រុងតាខ្មៅបានប្រាប់អ្នកយកព័ត៌មានតាមទូរស័ព្ទថា កម្លាំងរបស់លោកមិនបានចាប់ឈ្មោះភី សុផាត នោះទេ គឺនៅយប់ថ្ងៃកើតហេតុនោះ លោកបានទទួលព័ត៌មានថា មានក្មេងៗទាស់គ្នានៅម្តុំក្បែរវត្តព្រែកសំរោង ហើយលោកបានបញ្ជាឱ្យកម្លាំងចុះទៅមើល។ ពេលទៅដល់ក្រុមក្មេងៗទាំងនោះទាស់គ្នារួច និង បែកគ្នាអស់ ហើយអ្នករងរបួសត្រូវបក្សពួកនាំយកទៅមន្ទីរពេទ្យ ។ នៅយប់នោះដែរ កម្លាំងរបស់លោកបានចាប់ក្រុមក្មេងជិះម៉ូតូវាយចន្ទល់បែកផ្កាភ្លើងតាមផ្លូវពីរនាក់យកមកកាន់ទីបញ្ជាការ ហើយធ្វើការអប់រំឱ្យត្រឡប់ទៅវិញមែន ។ ចំណែកបក្សពួកក្មេងទាស់គ្នានៅក្បែរវត្តព្រែកសំរោងនោះ គឺកម្លាំងរបស់លោកទៅមិនទាន់ទេ។ លោកបញ្ជាក់ទៀតថា រឿងនេះគឺវាហាក់ដូចជាជាន់លើគ្នាធ្វើឱ្យមានការយល់ច្រឡំលើរឿងគេយកមនុស្សមានរបួសទៅប្លុងចោលនៅមន្ទីរពេទ្យជ័យជំនះនោះ ។
ទោះបីជាបែបណា ប៉ូលិសព្រហ្មទណ្ឌក្រុងតាខ្មៅបានរកសាក្សីមកបំភ្លឺជុំវិញករណីខាងលើ នេះរួចរាល់ហើយដែរ គឺសាក្សីសុទ្ធតែនិយាយថា បានឃើញកម្លាំងប៉េអឹមមកចាប់ឈ្មោះភី សុផាត យកទៅពិតមែននៅយប់កើតហេតុនោះ ។ ប៉ូលិសបានឱ្យដឹងទៀតថា បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងរៀបចំសំណុំរឿងនេះបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ