មានហេតុការណ៍ដ៏រន្ធត់មួយកើតឡើងនៅប្រទេសថៃកាលពីពេលថ្មីៗនេះដោយសារសត្វដំរីឈ្មោល១ក្បាលឈ្មោះផាធូលូ (Pha Tulu) ដែលមានម្ចាស់ជាជនជាតិដើមភាគតិចការ៉េន (Karen) បានចាក់សម្លាប់ម្ចាស់នឹងភ្លុករបស់វា។ អ្នកដែលដឹងហេតុការណ៍នេះបង្ហើបឱ្យដឹងថាសត្វដំរីនេះមានកំហឹងយ៉ាងខ្លាំងនៅពេលដឹងថាម្ចាស់របស់វាមានគម្រោងលក់វាទៅឱ្យអ្នកផ្សេង។ ហេតុការណ៍នេះកើតឡើងនៅក្នុងភូមិម៉ៃ (Mai) ស្រុកថាសុងយ៉ាង (Tha Song Yang) ខេត្តតាក (Tak) ប្រទេសថៃ។
បុរសជាម្ចាស់ដំរី និងត្រូវជាជនរងគ្រោះឈ្មោះផាភីឌូ (Ph Phi Du) វ័យ៥៧ឆ្នាំ។ គាត់ចាប់អាជីពជាហ្មដំរី និងបានទទួលអនិច្ចកម្មយ៉ាងអាណោចអាធ័មដោយសារការរងរបួសធ្ងន់ធ្ងរនៅលើដងខ្លួនរបស់គាត់ក្រោយការចាក់១ទំហឹងរបស់ដំរី។ សាក្សីនិយាយថាសត្វដំរីនេះលែងស្ដាប់បង្គាប់ម្ចាស់របស់ខ្លួននៅពេលហ្មដំរីឈ្មោះផាភីឌូប្រើវាឱ្យដឹកគាត់ទៅរកយានជំនិះដើម្បីបន្តដំណើរទៅផ្ទះរបស់ម្ចាស់ថ្មីរបស់ដំរីនេះនៅខេត្តសុរិន្ទ។
បុរសជាម្ចាស់សម្រេចចិត្តលក់ដំរីរបស់ខ្លួនក្នុងតម្លៃជាង២លាន ៧សែនបាត ឬស្មើនឹងជាង៧ម៉ឺន ៨ពាន់ដុល្លារ។ នៅពេលឃើញដំរីមិនស្ដាប់បង្គាប់បែបនេះ, អ្នកហ្មដំរីមានកំហឹងយ៉ាងខ្លាំង។ គាត់យករបស់ដែលនៅក្បែរខ្លួនវាយសំពងដំរីនោះខ្លាំងៗ។ ដល់ពេលវាយវាឈឺពេក ដំរីទ្រាំលែងបាន។ វាក៏ងាកមកវាយបកដាក់ម្ចាស់ខ្លួនឯងវិញម្ដង។ ក្រៅពីចាក់អ្នកហ្មដំរីនេះនឹងប្រមោយ មើលទៅមិនទាន់ដាច់ខ្យល់ស្លាប់, ដំរីក៏ដើរជាន់ពីលើ១ទំហឹងៗរហូតដល់គាត់ដាច់ខ្យល់ស្លាប់ទើបវាអស់ចិត្ត។
បន្ទាប់មក, ដំរីនេះក៏ចិត្តសឿងសម្បើមណាស់ដែរ។ វាមិនត្រូវការរត់គេចខ្លួនទេ។ វានៅរេរាចុះឡើងៗក្បែរសាកសពរបស់ម្ចាស់វា។ បន្ទាប់ពីទទួលដំណឹងនេះ, សមត្ថកិច្ចមូលដ្ឋានក៏ចុះទៅកន្លែងកើតហេតុ។ ពួកគេមិនទាន់ហ៊ានចាត់ការភ្លាមៗទេ។ ពួកគេត្រូវការជំនួយពីក្រុមអ្នកអភិរក្សសត្វព្រៃដើម្បីធ្វើកិច្ចការនេះ។ ក្រុមអ្នកជួយសង្គ្រោះត្រូវប្រើពេលជាច្រើនម៉ោងដើម្បីបង្វែរស្ថានការណ៍ឱ្យមានភាពស្ងប់ស្ងាត់បន្តិច។ បន្ទាប់មក ពួកគេដើរចូលទៅយកសាកសពជនរងគ្រោះចេញពីក្នុងព្រៃ។
គេបានប្រើប្រាស់ម្ជុលដែលមានដាក់ថ្នាំសណ្ដំដើម្បីបាញ់ទៅលើសត្វដំរីនោះ។ បាញ់អស់ជាច្រើនម្ជុលទម្រាំដំរីស្រងល់ និងលែងកម្រើកខ្លួនតទៅទៀត។ ពួកគេកំពុងពិគ្រោះគ្នាថាតើត្រូវបន្តដឹកដំរីនេះនៅក្នុងឡានទ្រុងយកទៅឱ្យម្ចាស់ថ្មីនៅខេត្តសុរិន្ទ ឬយ៉ាងណា។ អ្នកភូមិដែលរស់នៅម្ដុំនោះប្រាប់ថាសត្វដំរីនេះបន្ទាប់ពីរស់នៅជាមួយម្ចាស់វាយូរៗទៅ វាអាចកាត់យល់ភាសានិយាយ និងកាយវិការរបស់មនុស្ស។ ដូច្នេះ នៅពេលម្ចាស់វានិយាយគ្នាពីរឿងលក់វាទៅឱ្យអ្នកថ្មី ប្រហែលជាវាស្ដាប់យល់ទាំងអស់ ទើបបានជាវាងឿកមិនព្រមទៅណា។ នៅដំណាក់កាលចុងក្រោយ, វាសុខចិត្តសម្លាប់ម្ចាស់ខ្លួនឯងចោល៕
ប្រភព៖ Khaosod English
https://www.khaosodenglish.com/news/2023/08/27/an-elephant-stabs-his-master-to-death-after-being-sold/

ចែករំលែកព័តមាននេះ