ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

RFEF ស្វែងរក​ជម្រើស​បណ្តេញ​គ្រូបង្វឹក​ក្រុម​នារី ដែល​ទើបតែ​ឈ្នះ​ពាន World Cup 2023

8 ខែ មុន

អេ​ស្ប៉ា​ញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ កំពុង​ស្វែងរក​ជម្រើស​របស់​ខ្លួន​ថា តើ​ខ្លួន​គួរ​

អេ​ស្ប៉ា​ញ ៖ សហព័ន្ធ​កីឡាបាល់ទាត់​ប្រទេស​អេ​ស្ប៉ា​ញ កំពុង​ស្វែងរក​ជម្រើស​របស់​ខ្លួន​ថា តើ​ខ្លួន​គួរ​បណ្តេញ​លោក Jorge Vilda គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​នារី ដែល​ទើបតែ​ឈ្នះ​ពានរង្វាន់​បាល់ទាត់​ពិភពលោក​ថ្មី​ៗ​នេះ ដែរ​ឬទេ?

លោក Vilda នៅ​តែ​ស្ថិត​ក្នុង​តំណែង​ដដែល បើ​ទោះបីជា​ក្រុម​បុគ្គលិក​គ្រូបង្វឹក​ភាគច្រើន​របស់​គាត់​បាន​លាលែង​ពី​តួនាទី​ពួក​គេ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការ​បដិសេធ​លាលែង​ពី​តំណែង​ជា​ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ​របស់​លោក Luis Rubiales ដែល​បាន​បង្ករឿង​ដ៏​ចម្រូងចម្រាស​កក្រើក​ប្រទេស ក្រោយ​ទៅ​ថើប​មាត់​កីឡាការិនី Jenni Hermoso បន្ទាប់​ពី​ក្រុម​នារី​អេ​ស្ប៉ា​ញ​ឈ្នះ​ពានរង្វាន់ World Cup ឆ្នាំ​២០២៣ នៅ​ប្រទេស​អូស្ត្រាលី កាលពី​ថ្ងៃ​ទី​២០ ខែសីហា កន្លង​ទៅ​។

កីឡាករ​-​កីឡាការិនី​អេ​ស្ប៉ា​ញ​ចំនួន​៨១​នាក់ រួម​ទាំង​សមាជិក​ក្រុម​ទាំង​២៣​នាក់ ដែល​ឈ្នះ​ជើងឯក World Cup ឆ្នាំ​២០២៣ ក៏​បាន​ចូលរួម​តវ៉ា​ផង​ដែរ​ថា ពួក​គេ​នឹង​មិន​លេង​ឱ្យ​ក្រុម​ម្តងទៀត​ទេ ប្រសិនបើ​លោក Rubiales បន្ត​កាន់​តំណែង​។

លោក Vilda ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អបអរ​លោក Rubiales ក្នុង​សន្និបាត​វិសាមញ្ញ​របស់​សហព័ន្ធ​អេ​ស្ប៉ា​ញ ដែល​ហៅ​កាត់​ថា RFEF កាលពី​ថ្ងៃ​សុក្រ​ស​ប្តា​ហ៍​មុន នៅ​ពេល Rubiales បាន​ទទូច​ម្តង​ហើយ​ម្តងទៀត​ថា គាត់​នឹង​មិន​លាលែង​ពី​តំណែង​ទេ បើ​ទោះបីជា​លោក Vilda បាន​រិះគន់​អាកប្បកិរិយា​របស់​គាត់​យ៉ាងណា​ក៏​ដោយ​។ ដូច្នេះ​ហើយ RFEF ជឿ​ថា រឿង​កើតឡើង​កន្លង​មក​ទាំងអស់ ដែល​រួម​បញ្ចូល​គ្នា​អាច​ផ្តល់​ឱ្យ​ពួក​គេ​នូវ​ករណី​គ្រប់គ្រាន់ ដើម្បី​បណ្តេញ​លោកគ្រូ​ប​ង្វឹ​ល Vilda ចេញពី​តំណែង ។

បណ្តា​មេដឹកនាំ​ប្រចាំ​តំបន់​របស់ RFEF បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​ជាមួយ​លោក Pedro Rocha ដែល​ជា​ប្រធាន​បណ្ដោះអាសន្ន កាលពី​ថ្ងៃ​ទី​២៨ ខែសីហា កន្លង​ទៅ ជា​កន្លែង​ដែល​ពួក​គេ​បាន​អំពាវនាវ​ឱ្យ​រៀបចំ​រចនាសម្ព័ន្ធ​សហព័ន្ធ​ឡើង​វិញ ដើម្បី​ចាប់ផ្តើម​យុគសម័យ​ថ្មី​។ ទោះជា​យ៉ាងណា​ក៏​ដោយ មួយ​ភាគ​បី​នៃ​ប្រធាន​សមាគម​បាល់ទាត់​ក្នុងស្រុក​មិន​ចង់​រុញ​លោក Rubiales ចេញពី​តំណែង​នោះ​ទេ ដូច្នេះ​ពួក​គេ​បាន​ត្រឹមតែ​ចេញ​សេចក្តីថ្លែងការណ៍​អំពាវនាវ​ឱ្យ​គាត់​លាលែង​ពី​តំណែង​ដោយ​ខ្លួនឯង ដែល​រហូត​មក​ដល់​ពេល​នេះ បុរស​វ័យ​៤៦​ឆ្នាំ​រូប​នេះ បាន​បដិសេធ​។

គួរ​រំលឹក​ថា លោក Rubiales រង​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់​ពី​សំណាក់​បណ្តា​ថ្នាក់ដឹកនាំ​កំពូល​ៗ នៃ​រដ្ឋាភិបាល​អេ​ស្ប៉ា​ញ រួម​នឹង​មហាជន បន្ទាប់​ពី​បាន​ទៅ​ថើប​មាត់​កីឡាការិនី Hermoso អាយុ​៣៣​ឆ្នាំ អំឡុង​ពេល​ពិធី​បំពាក់​មេដាយមាស​ជូន​ម្ចាស់​ជើងឯក World Cup ឆ្នាំ ២០២៣ ដែល​ក្រោយមក Hermoso លេង​ក្នុង​តំណែង​ខ្សែប្រយុទ្ធ បាន​និយាយ​ថា ការ​ថើប​របស់​លោក Rubiales លើ​បបូរមាត់​របស់​នាង គឺ​មិនមែន​ជា​ការ​យល់ព្រម​នោះ​ទេ​។ បើ​ទោះបីជា​លោក Rubiales ចេញ​មុខ​សុំ​ទោស​ជា​សាធារណៈ និង​បញ្ជាក់​ថា​ជា​ការ​ថើប​ដោយ​អ​ចេតនា ដោយសារ​តែ​ការ​រំភើប​ខ្លាំង​ពេក​យ៉ាងណា​ក៏​ដោយ ក៏​មិន​អា​ចប​ញ្ឃ​ប់​សកម្មភាព​តវ៉ា​បាន​ឡើយ​។

ពាក់ព័ន្ធ​បញ្ហា​នេះ រដ្ឋ​អាជ្ញា​អេ​ស្ប៉ា​ញ​បាន​បើក​ការ​ស៊ើបអង្កេត​បឋម​មួយ​ថា តើ​រឿងហេតុ​នោះ​ទាក់ទង​នឹង​ឧក្រិដ្ឋកម្ម​នៃ​ការ​រំលោ.ភ​បំពា.នផ្លូវភេ.ទ ដែរ​ឬទេ? ខណៈ​ដែល​លោក Rubiales ត្រូវ​បាន​ផ្អាក​ការងារ កាលពី​ថ្ងៃ​សៅរ៍​ស​ប្តា​ហ៍​មុន ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ដែល​ហៅ​កាត់​ថា FIFA ៕ (​ប្រភព​ពី BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ