ខេត្តស្ទឹងត្រែង ៖ គ្រឿងញៀនជាង១៤គីឡូក្រាមប្រមូលមកពីខេត្តស្ទឹងត្រែងមណ្ឌលគិរី រតនគិរី ត្រូវបានដុតបំផ្លាញចោលនៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ក្នុងពិធីទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំឡើងនៅខេត្តស្ទឹងត្រែង។

ពិធីដុតបំផ្លាញគ្រឿងញៀននេះ បានធ្វើឡើងក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត លោក ស្វាយ សំអ៊ាងមអភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តស្ទឹងត្រែង ព្រមទាំងមានការចូលរួមរបស់ប្រតិភូមកពីខេត្តមណ្ឌលគិរី ខេត្តរតនគិរី ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំតុលាការទាំង៣ខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ សិស្សានុសិស្ស អ្នកពាក់ព័ន្ធសរុប១២០០នាក់។

លោក ជេត ខេមរា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង បានលើកឡើងពីរបាយការណ៍ ការ អនុវត្តផែនការលេខ ០១ ផក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៨ របស់រាជរដ្ឋាភិបាលកម្ពុជា មន្ត្រីអនុវត្តច្បាប់បានបង្ក្រាបដកហូតវត្ថុតាងនិងបំផ្លាញចោលតាមអំណាចសាលក្រមស្ថាពររបស់សាលាដំបូងខេត្តទាំង០៣មានទម្ងន់សរុប ប្រភេទមេតំហ្វេតាមីនម្សៅក្រាម ទម្ងន់ ១៤៦៥៤.២៨ ក្រាម ប្រភេទមេតំហ្វេតាមីន (WY) មានទម្ងន់ ១៧.២៨ ក្រាម ថ្នាំញៀនប្រភេទកេតាមីន មានទម្ងន់ ៣.៧១ក្រាម ថ្នាំញៀនប្រភេទ ស៊ិចស្តាស៊ី(MDMA) ចំនួន០៣គ្រាប់។

ក្នុងឱកាសនោះ លោក ស្វាយ សំអ៊ាង បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់មន្ត្រី កងកម្លាំងប្រដាប់អាវុធគ្រប់ខេត្ត/ក្រុង រួមទាំងសមត្ថកិច្ចតុលាការ ដែលបានខិតខំប្រឹងប្រែងទប់ស្កាត់ បង្ក្រាបរាល់សកម្មភាពប្រព្រឹត្ត ជួញដូរ និងផលិតកើតមាននាពេលកន្លងមក និងស្នើសុំដល់គ្រប់សមាសភាពទាំងអស់ត្រូវជួយបង្កើនការងារផ្សព្វផ្សាយអប់រំផ្តល់ការយល់ដឹងពីបញ្ហាគ្រឿងញៀន ដល់ប្រជាពលរដ្ឋយុវជន ឱ្យចៀសចាកឆ្ងាយពីគ្រឿងញៀនដែលបង្កអសន្តិសុខ ព្រមទាំងបំផ្លាញយ៉ាងធន់ធ្ងរដល់សង្គមជាតិ ចូលរួមឱ្យមានប្រសិទ្ធភាពនូវទិសស្លោកប្រឆាំងគ្រឿងញៀន ៣កុំ៖ កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែង មួយរាយការណ៍ត្រូវរាយការណ៍ដល់សមត្ថកិច្ចគ្រប់បទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន ។





ចែករំលែកព័តមាននេះ