ការិយាល័យពួកអ្នកស៊ើបអង្កេតអេហ្ស៊ីបបញ្ជាក់ថា អតីតប្រធានាធិបតីអេហ្ស៊ីបលោកហូស្នី មូបារ៉ាក់ និងភរិយាលោកស្រីស៊ូហ្សានបានត្រូវសួរចម្លើយកាលពីថ្ងៃទី១២ ឧសភា អំពី ទ្រព្យសម្បត្តិដែលប្រមូលបានដោយខុសច្បាប់។ អ្នកស៊ើបអង្កេតមួយក្រុមបច្ចុប្បន្នបានសួរចម្លើយអតីតប្រធានាធិបតី និងភរិយានៅ CHARM EL-CHEIKH ជាទីក្រុងកម្សាន្ត មាត់សមុទ្រស្ថិតនៅជាប់មាត់សមុទ្រក្រហម ។
នេះជាលើកដំបូងដែលលោកមូបារ៉ាក់ត្រូវសួរចម្លើយដោយក្រុមនេះរបស់ក្រសួងយុត្តិធម៌ ដែលស្រាវជ្រាវរកភស្តុតាងនានាអំពីការរំលោភបំពានអំណាច ដើម្បីប្រមូលទ្រព្យសម្បត្តិដោយខុសច្បាប់ ។
ទីភ្នាក់ងារព័ត៌មាន AP ដែលដកស្រង់ប្រភពរបស់អង្គការត្រួតពិនិត្យហិរញ្ញវត្ថុគូសបញ្ជាក់ថា គ្រួសារលោកមូបារ៉ាក់អាចមានគណនីជាច្រើនក្នុងធនាគារ មានទ្រព្យសម្បត្តិជាអចលនទ្រព្យ ទំនើបៗ ព្រមទាំងដីធ្លី ស្ទើរគ្រប់ទីកន្លែងនៃពិភពលោក ។ ការវាយតម្លៃមួយចំនួនលើទ្រព្យសម្បត្តិ របស់អតីតប្រមុខរដ្ឋអេហ្ស៊ីបនេះថា ទ្រព្យសម្បត្តិរបស់លោកមានជាច្រើនសិបពាន់លានដុល្លារ ។
លោកមូបារ៉ាក់ និងលោកស្រីស៊ូហ្សានមូបារ៉ាក់ កូនប្រុសអ្នកទាំង២គឺលោក ALAA និងលោក GAMAL ព្រមទាំងបណ្តាសមាជិកគ្រួសារត្រូវហាមឃាត់មិនឱ្យចាកចេញពីអេហ្ស៊ីប ហើយទ្រព្យសម្បត្តិទាំងឡាយរបស់ពួកគេក្នុងប្រទេសត្រូវផ្អឹបទុក ។ លោកហូស្នី មូបារ៉ាក់និងភរិយា ក៏នឹងត្រូវសួរចម្លើយផងដែរ លើទ្រព្យសម្បត្តិរបស់កូនប្រុសទាំង២ ដែលត្រូវបានសួរចម្លើយម្តងរួចហើយកាលពីខែមុន ។
មានអាយុ៨៣ឆ្នាំអតីតមេដឹកនាំអេហ្ស៊ីបត្រូវបានព្យាបាលខ្លួនចាប់តាំងពីថ្ងៃទី១២ មេសា មកក្នុងមន្ទីរពេទ្យអន្តរជាតិក្រុង CHAEM-EL CHEIKH ក្រោយពីលោកត្រូវសន្លប់ដោយកាំងបេះដូង ក្នុងឱកាសនៃការសួរចម្លើយមួយ ៕
ចែករំលែកព័តមាននេះ