ខេត្តបន្ទាយមានជ័យ ៖ កាលពីព្រឹកថ្ងៃទី ១២ ឧសភា ២០១១កន្លងទៅនេះ មានប្រជាពលរដ្ឋប្រមាណជាង១០០នាក់ រស់នៅភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ បាននាំគ្នាមកជួបជុំនៅមុខសាលាខេត្តជាលើកទី២ ដើម្បីតវ៉ាសុំឱ្យអាជ្ញាធរខេត្តជួយដោះស្រាយកុំឱ្យមានការឈូសឆាយ ដាំដុះ និងកសាងអ្វីនៅលើដីដែលកំពុងមានវិវាទ ។ ជាមួយនេះក៏សុំឱ្យមានការលើកលែងចំពោះការចោទប្រកាន់របស់តុលាការទៅលើពលរដ្ឋជាច្រើននាក់ ដែលកំពុងរត់គេចពីការតាមចាប់របស់សមត្ថកិច្ច ហើយដែលកន្លងមកអាជ្ញាធរក៏ធ្លាប់ធានាអះអាងថាលែងមានការចាប់ខ្លួនទៀតហើយ ។
ប្រជាពលរដ្ឋទាំងនោះអះអាងថា ដីស្រែចម្ការរបស់ពួកគាត់សរុបទំហំ១៣.៥៥៥ហិកតា សម្រាប់២៤៦គ្រួសារ បានកាន់កាប់តាំងពីឆ្នាំ១៩៩៨មក លុះដល់ឆ្នាំ២០១០ ក៏ត្រូវភាគីម្ខាងរំលោភបំពានយកដែលមានក្រុមហ៊ុនចំនួន២ និងមានការចូលរួមពីមន្ត្រីអាជ្ញាធរភូមិផង ។
កាលពីខែមេសា ២០១១ ពួកគាត់បានមកតវ៉ាសុំឱ្យជួយដោះស្រាយម្ដង លុះមកដល់ថ្ងៃទី៦ ឧសភា ឆ្នាំ២០១១ក៏នាំគ្នាមកតវ៉ានិងសុំអន្តរាគមន៍ពីខេត្តម្ដងទៀតរួចបានការធានាពីអាជ្ញាធរខេត្តថា បើគ្មានបទល្មើសធ្ងន់ធ្ងរទេ ជនត្រូវចោទគួរត្រូវនិរាករណ៍ពីការតាមចាប់ខ្លួនរបស់តុលាការនិងនគរបាល ។ ជនត្រូវចោទរួមមាន១-ឈ្មោះ ថា ទន មេភូមិថ្នល់បត់ ២-ឈ្មោះ ជី សីលា ភេទប្រុស ៣-ឈ្មោះអ៊ុន ក្រោត ភេទប្រុស ៤-ឈ្មោះទឹម ណាំ ភេទប្រុស និង៥-ឈ្មោះ សុខ ទួន ភេទប្រុស ជាពលរដ្ឋ និងជាតំណាងអ្នកភូមិតវ៉ារឿងដីធ្លី ។
ស្រ្តីឈ្មោះ ជា ចន្ធូ អាយុ៤៩ឆ្នាំ និងបុរសឈ្មោះរស់ រុន អាយុ៣៥ឆ្នាំ ក្នុងចំណោមអ្នកតវ៉ាបានឱ្យដឹងថា ពួកគាត់នាំគ្នាមកនេះគឺដើម្បីតវ៉ាជំទាស់នឹងភាគីម្ខាងទៀតដែលបានយកត្រាក់ទ័រ៦គ្រឿងចូលទៅភ្ជួរឈូសឆាយលើដីទំនាស់ក្នុងបំណងព័ទ្ធធ្វើកម្មសិទ្ធិកាលពីថ្ងៃទី១០ ឧសភា ។ ដីត្រូវឈូសឆាយគឺមានឈ្មោះជា ភួងម៉ាឡៃ ទំហំ៨ហិកតា ដែលឈ្មោះហួត និងឈ្មោះថុង បាននាំកម្លាំងប្រមាណ១០នាក់ មានកាំភ្លើងខ្លី និងកាំភ្លើងបាញ់សត្វស្ពាយទៅជាមួយមើលត្រាក់ទ័រទាំងនោះភ្ជួរលើដីទំនាស់ ។
ប្រភពពីស្រ្តីដដែលបានបន្តទៀតថា ការសុំទាមទាររបស់ពួកគាត់ឱ្យលោកអភិបាលខេត្តជួយដោះស្រាយពុំបានលទ្ធផលអ្វីឡើយ ហើយពេលនេះពួកគាត់សំណូមពរដល់សម្ដេចទាំងបី គឺសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចអគ្គមហាពញាចក្រីហេង សំរិន និងសម្ដេចអគ្គមហាធម្មពោធិសាល ជា ស៊ីម មេត្តាជួយដល់ប្រជាពលរដ្ឋដែលរស់នៅភូមិថ្នល់បត់នេះផង ពីព្រោះពួកគាត់សព្វថ្ងៃចូលធ្វើស្រែចម្ការត្រូវគេហាមឃាត់គំរាមកំហែងដោយប្រើប្រាស់អាវុធជាដើម ។
នៅព្រឹកនោះដែរ លោកឃូ ពៅ អភិបាលស្រុកស្វាយចេក ក៏បានឱ្យតំណាង៦នាក់ក្នុងនោះមានស្រី្តម្នាក់ផងចូលទៅក្នុងសាលាខេត្ត ប៉ុន្តែជាលទ្ធផលបានតែត្រឹមសុំឱ្យមានការវិលត្រឡប់ទៅលំនៅឋានវិញ រីឯដំណោះស្រាយនៅតែគ្មានបានការ ។ ដូចនេះហើយពួកគាត់នៅតែប្រមូលគ្នាតវ៉ាកាន់តែច្រើននៅមុខសាលាខេត្តមិនព្រមទៅណាទាំងអស់ លុះត្រាតែមានដំណោះស្រាយសម្រាប់ពួកគាត់ទាំងអស់គ្នា ៕
ចែករំលែកព័តមាននេះ