ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មែរសឺដេស​ដេញ​បុក​កាមរី​បាឡែន​វេលា​ទៀបភ្លឺ​យ៉ាង​សាហា.វ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿង មួយ​គ្រឿង​ម៉ាកកាមរី​ធុន​បាឡែន ពណ៌ស្ករ ស៊េរី​​ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2J-7281 និង​មួយ​គ្រឿងទៀតម៉ាកមែរសឺដេស ពណ៌ខ្មៅ ស៊េរី​អេស៤៣០ ពាក់ស្លាកលេខ ភ្នំពេញ 2M-2827 បានបើកដេញគ្នាលើកំណាត់​មហាវិថី​សហ​ព័ន្ធរុស្ស៊ីឆ្ពោះទៅទិសខាងកើតបង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​

រាជធានីភ្នំពេញ ៖ រថយន្តពីរគ្រឿង មួយ​គ្រឿង​ម៉ាកកាមរី​ធុន​បាឡែន ពណ៌ស្ករ ស៊េរី​​ឆ្នាំ២០០៣ ពាក់ស្លាកលេខភ្នំពេញ 2J-7281 និង​មួយ​គ្រឿងទៀតម៉ាកមែរសឺដេស ពណ៌ខ្មៅ ស៊េរី​អេស៤៣០ ពាក់ស្លាកលេខ ភ្នំពេញ 2M-2827 បានបើកដេញគ្នាលើកំណាត់​មហាវិថី​សហ​ព័ន្ធរុស្ស៊ីឆ្ពោះទៅទិសខាងកើតបង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ ដោយ​សារ​តែ​ការ​ប្រដេញ​គ្នា​នោះ​​មិន​ខុស​ពីខ្សែ​ភាព​យន្ត​​បរទេស​ទេ។

នៅទី​បញ្ចប់រថយន្តកាមរីបាឡែនត្រូវរថយន្តមែរ​សឺដេសបុកពីក្រោយពេញទំហឹង នៅចំណុច​ភ្លើង​ស្តុបមន្ទីរពេទ្យ​ព្រះ​អង្គឌួង កែងមហាវិថី​ព្រះ​នរោត្តម និងផ្លូវលេខ១១៤ ស្ថិតក្នុងសង្កាត់ផ្សារ​ចាស់ ខណ្ឌ​ដូនពេញ ​ហើយ​រថយន្ត​កាមរី​បាឡែន​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ស្តុបមួយដើមដាច់​ដល់​គល់ និងទៅបុកបង្គោល​តាំងព្រះឆាយា​លក្ខណ៍​ព្រះមហាក្សត្រ​ថែម​ទៀត។ ដោយ​ឡែក រថយន្តមែរសឺដេស ដែល​បុក​រថយន្ត​កាមរី​បាឡែន​ពីក្រោយនោះ ក៏​បានខ្ទេចមុខដែរ តែ​ទាំង​អ្នកបើក​បរ និងអ្នករួមដំណើរ​នៃ​រថយន្ត​ទាំង​២​គ្រឿង ពុំមាន​នរណា​ម្នាក់រងរបួសទេ ​ដោយ​​សារ​បាន​ពោង​ការ​ពារ​សុវត្ថិ​ភាព។

សាក្សីដែលឃើញហេតុការណ៍និយាយ​ថា ក្នុងការបើករថយន្ត​ដេញ​បុកគ្នានៅកណ្តាលរាជ​ធានីនេះ គេឃើញ​ភាគីខាងរថយន្តមែរសឺដេស ដែលជិះគ្នាពីរនាក់​សុទ្ធ​​តែ​បុរសបានដកកាំភ្លើងខ្លី​មិន​​ស្គាល់​ម៉ាក​ភ្ជង់​គំរាមទៅលើភាគីរថយន្តកាមរី​បាឡែន ប៉ុន្តែ​ពុំ​មានការផ្ទុះអាវុធទេ​ គ្រាន់តែធ្វើ​ឲ្យ​ទាំង​អ្នកបើក និងអ្នករួមដំណើរខាង​រថយន្ត​កាមរី​បាឡែនដែលមានគ្នាបួននាក់​រត់ចែកផ្លូវគ្នា​ទាំងព្រលឹងចុងសក់ ។

បុរសម្នាក់ដែលរួមដំណើរជាមួយភាគី​រថយន្ត​កាមរីបាឡែន​និយាយប្រាប់សមត្ថ​កិច្ច​ថា រថយន្តមែរសឺដេសបានបើក​ដេញ​បំបុក​រថយន្ត​របស់គាត់តាំងពីនៅភ្លើងស្តុបអំបាសាឌ័រ ស្ថិត​ក្នុង​ខណ្ឌទួលគោកម៉្លេះ ដោយមិនដឹងថា មក​ពី​មូល​ហេតុ​អ្វីទេ។ ពេលនោះរថយន្ត​គាត់​បានព្យា​យាម​បើក​គេច ព្រោះ​មិនចង់ឲ្យមានបញ្ហាដាក់​គ្នា ដោយ​បើកតាម​កំណាត់មហាវិថីសហព័ន្ធ​រុស្ស៊ី​ឆ្ពោះទៅទិសខាង​កើត ស្រាប់តែរថយន្តមែរ​សឺ​ដេស​នោះ​​នៅតែបើក​ដេញតាមពីក្រោយ។ លុះ​ពេល​​បើកមក​ដល់​ភ្លើងស្តុបមន្ទីរពេទ្យព្រះអង្គឌួង កែងមហាវិថី​ព្រះនរោត្តម ក៏បន្ថយ​ល្បឿន​បម្រុង​បត់ទៅខាង​​ស្តាំ ស្រាប់តែរថយន្តមែរសឺដេស​នោះ​បុកពី​ក្រោយមួយទំហឹងដូចខឹងពីកាលណា បណ្តាល​ឱ្យ​​រថយន្តរបស់គាត់​ជ្រុលទៅបុក​បង្គោល​​ភ្លើង​​ស្តុប​ដែលនៅម្ខាងផ្លូវក្បែរ​របង​អតីតក្រសួង​ពាណិជ្ជ​កម្ម បាក់ដល់គល់ និង​ជ្រុល​ទៅបុក​បង្គាល​​តាំង​ព្រះឆាយាលក្ខណ៍ ព្រះ​ករុណា​ព្រះ​ព្រះមហាក្សត្រ​បន្ត​ទៀត។

ភាគីម្ចាស់រថយន្តមែរសឺដេស​ត្រូវបានគេ​ស្គាល់​ថា ឈ្មោះចាន់ គង់់ ភេទប្រុស អាយុ៣៧​ឆ្នាំ ស្នាក់នៅក្នុងខណ្ឌទួលគោក ។ បុរសនេះមិន​បាន​​និយាយ​ប្រាប់សមត្ថកិច្ចពី​ដើមចមដែល​ឈាន​​ដល់​ការបើករថយន្តដេញបុកកាមរី​បាឡែន​នោះទេ គឺអង្គុយយ៉ាងស្ងៀមស្ងាត់ និង​មាន​​ទឹកមុខមាំ។ រីឯម្ចាស់​រថយន្តកាមរី​បាឡែន​មាន​ឈ្មោះ​ខេង បូរា៉ ភេទ​ប្រុស អាយុ២៦ឆ្នាំ ស្នាក់​នៅក្នុងសង្កាត់​អូរ​ឫស្សីទី៤ ខណ្ឌ៧មករា ។

ចំណែកសមត្ថកិច្ចមូលដ្ឋានដែលចុះដល់​ចំណុចកើត​ហេតុបានបង្ហើបឲ្យដឹងថា មូល​ហេតុ​ឈាន​ដល់​បើករថយន្តដេញបុកគ្នាដូច​ក្នុង​រឿង​វីដេអូ​បរទេសនេះ គឺផ្ដើមចេញពីរឿង​ស្រីនៅក្នុង​ក្លឹប​កម្សាន្តមួយម្តុំអគ្គនាយកដ្ឋានពន្ធដារ ស្ថិតក្នុង​ខណ្ឌ​ទួលគោក។ ហេតុការណ៍​នេះ ពិតជា​សំណាង​​​មួយ​ដែរ ​​ដែលមិនមានមនុស្សណាម្នាក់​ស្លាប់ ឬរបួស​ ហើយរថយន្តទាំងពីរគ្រឿង​ត្រូវ​បាន​ស្ទូចយកទៅរក្សាទុកនៅការិយា​ល័យនគរ​បាល​ចរាចរផ្លូវគោកនៃស្នងការដ្ឋាន​នគរបាល​រាជ​ធានីភ្នំពេញ ក្រោយពីសមត្ថកិច្ច​ជំនាញ​ធ្វើ​ការ​វាស់វែងរួច ៕