ខេត្តរតនគិរី ៖ ទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់ និងឧបករណ៍មួយចំនួនសម្រាប់ខួងរុករករ៉ែត្រូវកម្លាំងចម្រុះរបស់ខេត្តរឹបអូសក្នុងការបង្ក្រាបនៅព្រឹកថ្ងៃទី១១ ឧសភា ដែលដឹកនាំដោយលោកហ៊ុន ប៊ុនថាន អនុប្រធានមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត និងមានការចូលរួមពីលោកទី ណាដែន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកសុខ មីន មេបញ្ជាការកងរាជអាវុធហត្ថស្រុកអូរយ៉ាដាវ ព្រមទាំងអភិបាលរងស្រុក អធិការប៉ូលិសស្រុក យោធាស្រុក និងកម្លាំងសហការចូលរួមចំនួន៣៦នាក់។ ការបង្ក្រាបដល់ទីតាំងផ្ទាល់ស្ថិតក្នុងតំបន់ភ្នំបាំង ឃុំបរខាំ ស្រុកអូរយ៉ាដាវ និងរឹបអូសឧបករណ៍យកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថស្រុក ហើយប្រគល់ដល់សាលាស្រុកជាអ្នកគ្រប់គ្រងរក្សាទុកបន្តនៅព្រឹកថ្ងៃទី១២ ឧសភា។
មន្ត្រីសមត្ថកិច្ចដែលទៅបង្ក្រាបឱ្យដឹងថា ទីតាំងធ្វើអាជីវកម្មរ៉ែមាសខុសច្បាប់នោះ គេសង្កេតឃើញមានរណ្តៅជីករុករករ៉ែមាសជាច្រើនកន្លែងដែលធ្វើសកម្មភាពរួចហើយ ឯកម្មករជំនាញសុទ្ធតែជាជនជាតិវៀតណាមបានរត់ប្រសេចប្រសាចក្នុងពេលកម្លាំងទៅដល់។ មុនពេលបង្ក្រាបគេឃើញមានគ្រឿងចក្រជាច្រើនដូចជាអេស្កាវ៉ាទ័រសម្រាប់កាយយកអាចម៍ដីចេញ ត្រាក់ទ័រ និងម៉ាស៊ីនភ្លើង រួមទាំងឧបករណ៍ជាច្រើនទៀត ។ ប៉ុន្តែក្នុងថ្ងៃកម្លាំងចម្រុះទៅបង្ក្រាបនោះរឹបអូសបានតែឧបករណ៍មួយចំនួនតូចប៉ុណ្ណោះ ព្រោះត្រូវគេដឹកជញ្ជូនចេញមុនអស់ទៅហើយ ដោយសារមានការឃុបឃិតផ្តល់ដំណឹងមុនពីការចុះបង្ក្រាបនោះដែលជាល្បិចខូចរបស់អ្នករួមគំនិតដែលសង្ស័យថា ជាអ្នកមានអំណាចនៅក្នុងខេត្តផងដែរ ។
ប្រភពព័ត៌មានបង្ហើបឱ្យដឹងទៀតថា ក្នុងពេលគេកំពុងធ្វើសកម្មភាពល្មើសមានកម្លាំងប៉ូលិសនៅកាងមិនឱ្យមនុស្សផ្សេងក្រៅពីបក្សពួករបស់គេចូលឡើយ។ ការធ្វើសកម្មភាពនេះមានការឃុបឃិតពីមន្ត្រីជាកងកម្លាំងដែលមានបុណ្យស័ក្តិធំ និងមន្ត្រីថ្នាក់ខេត្ត បើពុំដូច្នេះទេ គេមិនអាចនាំគ្រឿងចក្រ និងឧបករណ៍ខួងថ្មភ្នំចូលធ្វើសកម្មភាពល្មើសនេះបានឡើយ។ ចំពោះរឿងបែកធ្លាយដោយសារមានទំនាស់ផ្ទៃក្នុងដែលចែកលាភសក្ការៈគ្នាមិនស្មើរវាងអ្នកឃុបឃិត និងអ្នកកាងឱ្យក្រុមហ៊ុនខុសច្បាប់នេះ។
យោងតាមបទបញ្ជារបស់ខេត្តឱ្យបង្ក្រាបទីតាំងរុករករ៉ែមាសល្មើសច្បាប់របស់ក្រុមហ៊ុនឈ្មោះមេគង្គ និងសំណង់ថ្មីតាំងពីថ្ងៃទី៩ ខែឧសភា ម្ល៉េះ តែរហូតរដល់ថ្ងៃទី១១ ឧសភា ទើបដឹកនាំកម្លាំងទៅបង្ក្រាប ដូច្នេះបង្កលក្ខណៈងាយស្រួលដល់បក្សពួកជនល្មើសផ្តល់ដំណឹងឱ្យគ្នា និងទុកឱកាសឱ្យក្រុមហ៊ុនលួចលាក់នោះជំលៀសគ្រឿងចក្រ និងឧបករណ៍សំខាន់ៗចេញអស់ គឺនៅសល់តែឧបករណ៍តិចតួចប៉ុណ្ណោះ ដែលរឹបអូសបាន។ ឯអ្នកប្រព្រឹត្តល្មើសចាប់ខ្លួនបានម្នាក់ តែទំនងដោះលែងវិញ ។ ឧបករណ៍រឹបអូសបាន នោះគេពុំទាន់ប្រើប្រាស់នៅឡើយទេ គឺទុកក្នុងរោងបំរុងប្រើប្រាស់ ៕
ចែករំលែកព័តមាននេះ