រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលបានរៀបចំទិវាឆ្មបជាតិក្រោមប្រធានបទ«ឆ្មបជួយពិភពលោកឱ្យមានការថែទាំសុខភាពមាតាដោយសុវត្ថិភាព»ក្រោមអធិបតីភាពលោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ។ ពិធីនោះបានប្រារព្ធធ្វើឡើងកាលពីថ្ងៃទី១២ ឧសភា នៅសណ្ឋាគារអាំងទែរកុងទីណង់តាល់ ។
លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានថ្លែងថា ទិវាឆ្មបជាតិត្រូវបានអនុញ្ញាតឱ្យរៀបចំប្រារព្ធជារៀងរាល់ឆ្នាំនៅថ្ងៃទី៥ ខែឧសភា ស្របតាមទិវាឆ្មបអន្តរជាតិ និងតាមអនុក្រឹត្យស្តីពីទិវាឆ្មបជាតិរបស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០០៨ ដើម្បីរំលឹកគុណឆ្មបដែលបានបង្កើតទារក និងថែទាំសុខភាពមាតា-ទារក ជួយពង្រឹងនិងពង្រីកបណ្តាញឆ្មប ព្រមទាំងសមត្ថភាពរបស់ក្រុមឆ្មប បង្កើនទំនាក់ទំនងរវាងមន្ត្រីក្រសួងសុខាភិបាលគ្រប់ជាន់ថ្នាក់ និងដៃគូអភិវឌ្ឍន៍ និងសហគមន៍ ក្នុងទិសដៅថែទាំសុខភាពមាតា និងទារក ។ ឆ្នាំនេះយើងប្រារព្ធពិធីទិវាឆ្មបជាតិ ក្រោមប្រធានបទ «ឆ្មបជួយពិភពលោកឱ្យមានការថែទាំសុខភាពមាតាដោយសុវត្ថិភាព» ។
លោករដ្ឋមន្ត្រីក្រសួងសុខាភិបាលបានបន្តថា នៅឆ្នាំ២០០០ ប្រមុខនៃប្រទេសជាច្រើនដែលជាសមាជិករបស់អង្គការសហប្រជាជាតិបានរួមគ្នាអនុម័តលើសេចក្តីថ្លែងការណ៍របស់អង្គការនេះ រួមទាំងគោលដៅអភិវឌ្ឍន៍សហស្សវត្ស២០១៥។ រាជរដ្ឋាភិបាលកម្ពុជាបានកំណត់គោលដៅសហស្សវត្សចំនួន៩ ដែលជាគោលដៅសំខាន់បំផុតសម្រាប់កាត់បន្ថយភាពក្រីក្រ និងពន្លឿនការអភិវឌ្ឍមនុស្ស ។ ក្នុងចំណោមគោលដៅទាំង៩ មានគោលដៅគន្លឹះ២ ដែលពាក់ព័ន្ធនឹងខ្លឹមសារនៃការជួបជុំរបស់យើងទាំងអស់គ្នាក្នុងថ្ងៃនេះ គឺគោលដៅទី៤ និងទី៥ ដែលនិយាយអំពីការកាត់បន្ថយអត្រាស្លាប់របស់កុមារ និងការធ្វើឱ្យប្រសើរឡើងនូវសុខភាពមាតា ។ ដើម្បីសម្រេចបាននូវគោលដៅទាំងពីរនេះ ប្រទេសទាំងអស់ត្រូវធានាថា គ្រប់ស្ត្រី និងទារកទាំងអស់ត្រូវតែទទួលបានការថែទាំពីឆ្មប និងក្រុមឆ្មបជំនាញក្នុងរយៈពេលកំពុងមានគភ៌ ក្នុងពេលសម្រាលនិងក្រោយសម្រាល ។ តាមនិយមន័យជាសាកល ក្រុមឆ្មបជំនាញ គឺជាឆ្មប វេជ្ជបណ្ឌិត ឬគិលានុដ្ឋាកដែលបានទទួលការអប់រំ-បណ្តុះបណ្តាល និងមានជំនាញអំពីការពិនិត្យ ថែទាំគភ៌ ការពិនិត្យថែទាំក្នុងពេលសម្រាលកូន និងក្រោយពេលសម្រាល ជំនាញក្នុងការកំណត់ទាន់ពេលវេលានូវផលវិបាកដែលកើតមានក្នុងពេលមានគភ៌ ពេលឈឺពោះសម្រាល ឬក្រោយសម្រាលរួច និងជំនាញក្នុងការគ្រប់គ្រង-ព្យាបាលនូវផលវិបាកទាំងនោះ ឬក៏ធ្វើការបញ្ជូនស្ត្រី និងទារកទៅកន្លែងដែលអាចសង្គ្រោះបាន។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឥស្សរជនឆ្នើមថ្នាក់ជាតិនៃផែនការសកម្មភាពរួមអគ្គលេខាធិការអ.ស.ប ដើម្បីសុខភាពស្ត្រីនិងកុមារ និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ីប៉ាស៊ីហ្វិកឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំ នៅលើពិភពលោកយើងនេះ មានស្ត្រីជាមាតាច្រើនសែននាក់បានស្លាប់នៅក្នុងពេលមានផ្ទៃពោះ ពេលកំពុងប្រសូតបុត្រ និងក្រោយពេលប្រសូតរួច ហើយមានស្ត្រីច្រើនលាននាក់ទៀតបានទទួលរងនូវផលវិបាកផ្នែកសម្ភព រួមទាំងពិការភាពផង ដែលភាគច្រើនក្រោយពេលប្រសូតបុត្រ ។ ជាង៩០% នៃការស្លាប់របស់មាតាបានកើតឡើងនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍នៅទូទាំងសាកលលោក។ ការបាត់បង់ស្ត្រីជាមាតា ធ្វើឱ្យប្តី កូន និងគ្រួសារទាំងមូល ជួបនូវវិបត្តិ និងភាពសោកសៅគួរឱ្យសង្វេគណាស់ ។ គ្រួសារនឹងខ្វះនូវភាពសុខសាន្ត ខ្វះលំនឹងក្នុងការគ្រប់គ្រងការរស់នៅប្រចាំថ្ងៃ និងការរៀបចំអនាគតរបស់គ្រួសារ ។ កុមារកំព្រាម្តាយទាំងអស់ នឹងបាត់បង់នូវភាពកក់ក្តៅ ខ្វះការថ្នាក់ថ្នម ការបីបាច់ថែរក្សា និងអាចបោះបង់ការសិក្សាថែមទៀតផង ។ សោកនាដកម្ម ដែលបណ្តាលមកពីការស្លាប់នេះ រឹតតែកើនឡើងទ្វេថែមទៀត នៅពេលដែលស្ត្រីស្លាប់ក្រោយពេលប្រសូតបុត្ររួច ពីព្រោះទារកដែលប្រសូតមកភ្លាម ហើយម្តាយស្លាប់ នឹងខ្វះនូវទឹកដោះដំបូងដ៏មានសារសំខាន់សម្រាប់ជីវិតរស់នៅ ។ ទារកបែបនេះ ភាគច្រើនស្លាប់ទៅវិញ នៅមុនពេលមានអាយុគម្រប់១ខែ ក្រោយកំណើត ។ ហេតុនេះ ប្រទេសជាច្រើនរួមគ្នាស្វះស្វែងរកវិធីទប់ស្កាត់ ការស្លាប់របស់មាតានេះ។ ការសិក្សាជាក់លាក់ជាច្រើន បានធ្វើនិងបានបង្ហាញថា យើងអាចទប់ស្កាត់បានឬអាចកាត់បន្ថយបាននូវការស្លាប់របស់មាតាភាគច្រើន តាមរយៈការបង្កើនការប្រសូតបុត្រដោយឆ្មប ដែលទទួលបានការបណ្តុះបណ្តាល និងមានជំនាញឱ្យបានយ៉ាងតិច៨០% ការបញ្ជូនករណីដែលស្ត្រីមានផលវិបាក និងប្រឈមនឹងគ្រោះថ្នាក់ទៅកាន់មន្ទីរពេទ្យ ដែលមានវេជ្ជបណ្ឌិតជំនាញផ្នែកសម្ភព និងសង្គ្រោះបន្ទាន់ បន្ថយនូវការមានកូនដែលមិនតាមប្រាថ្នា បំបាត់ចោលនូវការរំលូតកូនគ្មានសុវត្ថិភាព ។ ដូចនេះ ក្រុមឆ្មបជំនាញ ជាក្រុមភ្នាក់ងារសុខាភិបាលចាំបាច់បំផុត ក្នុងការថែរក្សាសុខភាពស្ត្រី ទារក និងកុមារ ហើយដែលត្រូវចងចាំទុកជាប្រចាំថា គ្រូពេទ្យ គឺជាអ្នកជួយសង្គ្រោះជីវិតអ្នកជំងឺ ឯក្រុមឆ្មបជំនាញ គឺជាអ្នកសង្គ្រោះជីវិតមាតានិងទារក។ ប្រការសំខាន់ មិនត្រូវចាត់ទុកថា មាតាដែលមកសម្រាលបុត្រ ត្រឹមតែជាអតិថិជនរបស់ខ្លួននោះទេ តែមាតាទាំងនោះគឺជាជនរងគ្រោះ ប្រៀបដូចជាអ្នកដែលត្រូវធ្វើដំណើរឆ្លងទន្លេមួយ ដែលពុំមានកោះត្រើយ ហើយត្រូវការចាំបាច់នូវការជួយសង្គ្រោះជីវិត ការថែទាំសុខភាព ការយកចិត្តទុកដាក់ឱ្យបានដិតដល់បំផុត ដើម្បីធ្វើឱ្យមាតាទាំងនោះមានក្តីសង្ឃឹម មានជំនឿទុកចិត្ត និងមានភាពកក់ក្តៅចំពោះយើង ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបញ្ជាក់ថា ក្រៅពីផ្តល់សេវាថែទាំសុខភាពជូនដល់ស្ត្រី ទារក និងកុមារ ក្រុមឆ្មបជំនាញទាំងអស់ជាស្ត្រីដែលអាចជួយដោះស្រាយបាននូវបញ្ហាសុខភាពបន្តពូជជូនប្រជាជនទៅតាមកាលៈទេសៈ និងសភាពការណ៍ជាក់ស្តែងនៅនឹងកន្លែងផ្ទាល់ ។ ទាំងឆ្មប ទាំងក្រុមឆ្មប ដែលជាវេជ្ជបណ្ឌិតផ្នែកសម្ភពភាគច្រើន ច្រើនតែជាស្ត្រីភេទ ដែលមានអម្រែកពីរលើស្មា អម្រែកទីមួយ គឺស្ត្រីមានភារកិច្ចទទួលខុសត្រូវចំពោះគ្រួសារផ្ទាល់ ក្នុងការចិញ្ចឹមជីវិត ក្នុងការពពោះ និងចិញ្ចឹមបីបាច់ថែរក្សាគ្រួសារ និងកូនៗរបស់ខ្លួនឯងដែរ ។ ឯអម្រែកទីពីរ គឺការបំពេញការងារ ជាភ្នាក់ងារសុខាភិបាល ដែលទទួលខុសត្រូវលើការថែទាំសុខភាពស្ត្រី ក្នុងសហគមន៍ ទារក និងកុមារ ទាំងថ្ងៃទាំងយប់។ អម្រែកទាំងពីរនេះ មានបន្ទុកដូចគ្នា ។ អាស្រ័យហេតុនេះ គប្បីស្ត្រីក្រុមឆ្មបជំនាញទាំងអស់ ត្រូវចេះសម្របសម្រួល លៃលកពេលវេលាឱ្យបានត្រឹមត្រូវ និងបំពេញការងារឱ្យបានល្អបំផុត ដើម្បីទទួលបានជោគជ័យ ទាំងក្នុងគ្រួសារនិងការងារ ។ ដូចនេះ ឆ្មបជាធនធានមនុស្សដ៏សំខាន់នៅក្នុងសហគមន៍ មានតម្លៃពុំអាចកាត់ថ្លៃបាន ហើយត្រូវទទួលបាននូវការគោរព និងដឹងគុណនៅក្នុងសង្គម ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតបានមានប្រសាសន៍ថា យើងត្រូវរួមគ្នា ពួតដៃគ្នាធ្វើការជាមួយឆ្មប ក្រុមឆ្មបជំនាញ សំដៅកាត់បន្ថយការស្លាប់របស់មាតា-ទារក និងឈានទៅកាត់បន្ថយភាពក្រីក្ររបស់ប្រទេស និងទទួលបាននូវសង្គមកម្ពុជាមួយដែលមានសុខសន្តិភាព មានប្រជាជនប្រកបដោយចំណេះដឹងខ្ពស់ មានសេចក្តីថ្លៃថ្នូរ មានសុខភាពល្អ និងមានការអភិវឌ្ឍ ។ ជាការពិត ការងារផ្តល់សេវាកម្មថែទាំសុខភាព ជាបន្ទុកទទួលខុសត្រូវរបស់ក្រសួងសុខាភិបាល ប៉ុន្តែការងារនេះ មានចរិតប្រទាក់ក្រឡា និងផ្សារភ្ជាប់ជាមួយនឹងការទទួលបាននូវការអប់រំជាសាកល ការលើកកម្ពស់ស្ថានភាព និងការយល់ដឹងរបស់ស្ត្រី ការរីកចម្រើនផ្នែកសេដ្ឋកិច្ច-ហិរញ្ញវត្ថុ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ការចូលរួមសហគមន៍ ដែលជាបន្ទុកទទួលខុសត្រូវរបស់ស្ថាប័នផ្សេងៗទៀត ព្រមទាំងការគាំទ្រពីដៃគូអភិវឌ្ឍន៍ អ្នកផ្តល់ជំនួយ និងសហគមន៍អន្តរជាតិទៀតផង ។
លោកជំទាវកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានធ្វើការអំពាវនាវដល់ក្រសួងសុខាភិបាល ស្ថាប័ន-អង្គភាពពាក់ព័ន្ធ គ្រប់ដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តជួយឧបត្ថម្ភគាំទ្រ និងខិតខំប្រឹងប្រែងថែមទៀត ដោយប្រើប្រាស់គ្រប់មធ្យោបាយ លទ្ធភាព និងធនធានដែលមានស្រាប់ឱ្យបានចំទិសដៅ និងមានប្រសិទ្ធភាព ខ្ពស់ ។ ប្រការសំខាន់មួយទៀតនោះ គឺការចេះប្រមូលយកនូវគំនិតផ្តួចផ្តើម របកគំហើញថ្មីៗ បទពិសោធន៍ស្តីពីបញ្ហាសុខភាព ទាំងផ្នែកវិជ្ជាជីវៈ បច្ចេកវិទ្យា ដើម្បីឆ្លើយតបបានទៅនឹងបញ្ហាប្រឈមនានាដែលយើងត្រូវពុះពារ ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីៗថែមទៀត ក្នុងបណ្តាឆ្នាំខាងមុខ ក្នុងវិស័យសុខភាពមាតា កុមារ និងទារក ៕
ចែករំលែកព័តមាននេះ