ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិត្តល្អ​ជួយគ្នា​ក្នុង​គ្រាក្រ-​អរគុណ​ម៉ាឡេស៊ី ​ពិភព​​លោក​​​នៅ​​ស្ងៀម​​ស្ងាត់​​​ពេល​ជម្លោះ​​​​កម្ពុជា-ថៃ​​អូស​​បន្លាយ​​

12 ឆ្នាំ មុន

ពិភពលោក​ស្ថិត​នៅ​ស្ងៀម​ស្ងាត់​​នៅ​ពេល​​ដែល​​​ជម្លោះ​ព្រំដែន​រវាង​ថៃ​និ​ង​កម្ពុជាបាន​អូស​​បន្លា​យ​​ជា​ច្រើន​ឆ្នាំ​។ ពិភព​លោក​បាន​​នៅ​ស្ងៀម​​ស្ងាត់​នៅ​ពេល​ដែល​​ប្រជាជន​ស្លូត​ត្រង់​​កម្ពុជា​ ជាង​​បួន​ម៉ឺន​នាក់​ បាន​ត្រូវ​ជម្លៀស​​ចេញ​​ពី​​លំនៅ​​ឋាន​របស់​ពួក​គេ ​ដោយ​សារ​តែ​សកម្មភាព​​ក្បាល​​រឹងវាតទី​និយម​ និង​គួរ​ឱ្យ​ខ្មាស​អៀន​របស់​ថៃ ​ជា​​មួយ​​នឹង​កង​កម្លាំង​​

ពិភពលោក​ស្ថិត​នៅ​ស្ងៀម​ស្ងាត់​​នៅ​ពេល​​ដែល​​​ជម្លោះ​ព្រំដែន​រវាង​ថៃ​និ​ង​កម្ពុជាបាន​អូស​​បន្លា​យ​​ជា​ច្រើន​ឆ្នាំ​។ ពិភព​លោក​បាន​​នៅ​ស្ងៀម​​ស្ងាត់​នៅ​ពេល​ដែល​​ប្រជាជន​ស្លូត​ត្រង់​​កម្ពុជា​ ជាង​​បួន​ម៉ឺន​នាក់​ បាន​ត្រូវ​ជម្លៀស​​ចេញ​​ពី​​លំនៅ​​ឋាន​របស់​ពួក​គេ ​ដោយ​សារ​តែ​សកម្មភាព​​ក្បាល​​រឹងវាតទី​និយម​ និង​គួរ​ឱ្យ​ខ្មាស​អៀន​របស់​ថៃ ​ជា​​មួយ​​នឹង​កង​កម្លាំង​​ប្រដាប់​អាវុធ​ដ៏​​សាហាវ​​ឃោរ​ឃៅ​ដែល​ត្រួត​ត្រា​​រដ្ឋបាល​ស៊ីវិល​នៅ​ក្រុង​​បាង​កក​ ជា​ជាង​រដ្ឋាភិបាល​ស៊ីវិល​គ្រប់​គ្រង​​យោ​ធា​។

ពិភពលោក​ និង​អាស៊ាន​បាន​នៅ​ព្រងើយ​​កន្តើយ​​នៅ​ពេល​ដែល​មាន​ការ​វាយ​ប្រយុទ្ធ​បង្ហូរ ​ឈាម​គ្នា​រវាង​កម្ពុជា ​និងថៃ ​ដែលជា​សង្គ្រាម​​ដណ្ដើម​ទឹកដី​ពីភាគី​ម្ខាង ​ដែល​ទឹក​​ដី​នេះ​​ត្រូវ​បាន ​ប្រកាស​ដោយ​តុលាការ​​យុត្ដិធម៌​អន្ដរជាតិ​ថា ​ជា​​ដែន​ដី​អធិបតេយ្យ​របស់​កម្ពុជា​។ គោលនយោបាយ​មិន​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​អាស៊ាន​ ត្រូវ​បាន​​ប្រកាន់​​ខ្ជាប់​ រហូត​មក​ដល់​ខែ​កុម្ភៈ​ឆ្នាំ​នេះ ​គឺ​នៅ​ពេល​​ដែល​​មាន​​ការ​ផ្ទុះ​អាវុធ​ប្រយុទ្ធ​គ្នា​ដែល​​បាន​ជំរុញ​​ឱ្យ​​កម្ពុជា ​ប្ដឹង​ទៅ​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហ​​ប្រជាជាតិ​​ អង្គការ​យូណេស្គូ​ គណៈ​កម្មាធិការ​ បេតិក​ភណ្ឌ​ពិភពលោក​ លើ​ករណី​ការឈ្លាន​ពាន​​របស់​ថៃ ​និង​ការ​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្ដិ​ និង​​អាយុ​​ជីវិត​នៅ​កម្ពុជា​។

ឆ្លើយតប​ទៅ​នឹង​ការ​ផ្ដល់​អាណត្ដិ​ការងារ​​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អង្គការ​សហប្រជាជាតិ​ ឥណ្ឌូណេស៊ី​បាន​ចូល​មក​អន្ដរាគមន៍​ ដើម្បី​សម្រុះ​​សម្រួល ​និង​បាន​ឯកភាព​ជា​មួយ​នឹង​ការ​ព្រម​ព្រៀង​​គ្នា​រវាង​ថៃ ​និង​កម្ពុជា​ក្នុង​ការ​បញ្ជូន​អ្នក​​សង្កេត​​ការណ៍​គ្មាន​ប្រដាប់​អាវុធ​ទៅ​កាន់​​តំបន់​​ដែល​​ថៃ​​អះអាង​ថា​ ជា​តំបន់​ជម្លោះ ​ដើម្បី​រក​ឱ្យ​​ឃើញ​ការ​ពិត​ជា​​ជាង​ការ​ប្រឌិត​ ជា​ពិសេស​ការ​​ចូល​ចិត្ត​ចោទ​ប្រកាន់​របស់​ថៃ​មក​លើ​កម្ពុជា​ថា ​ជា​​អ្នក​ឈ្លានពាន​ក្នុង​ពេល​ដែល​អំណាច​សេដ្ឋកិច្ច​​ និង​យោធា​របស់​​កម្ពុជា​មិន​ដែល​ត្រូវ​បាន​​គេ​លើក​​យក​មក​និយាយ​ទាល់​តែ​សោះ ​នៅ​ក្នុង​របាយ​ការណ៍​​ជា​សាកល​ ដែល​ផ្ទុយ​ពី​នេះ​អំណាច ​សេដ្ឋ​កិច្ច​ និង​យោធា​របស់ថៃ ​ បាន​គេរាយការណ៍ថា ជា​អំណាចលំដាប់ទី២៨ ធំបំផុត​ក្នុងពិភព​លោក។

កន្លងមកមានតែភាពស្ងប់ស្ងាត់នៅគ្រប់ទិស​ទីទាំងអស់។ ទើបតែនៅ​ចុងសប្ដាហ៍កន្លង​ទៅនេះ មានសំលេងលើកឡើងក្នុងប្រទេសឥណ្ឌូណេស៊ី ដែលប្រទេស​ម៉ាឡេស៊ីបាន​និយាយថា ខ្លួនបាន​ឃើញនិងបានឮគ្រប់គ្រាន់ហើយ។ អាចជាការ​ងាកចេញពីប្រពៃណី​របស់អាស៊ាន​ដែល​ប្រទេស​ម៉ាឡេស៊ី បានអះអាងថា ថៃបានបំភ្លេច​ចោល​នូវ​កិច្ច​ព្រមព្រៀងក្នុង​ការបញ្ជូនអ្នក​សង្កេត​ការណ៍​ទៅកាន់តំបន់ជម្លោះ។

«ប្រទេសថៃបានបដិសេធចោលនូវកិច្ចព្រម​ព្រៀង​ក្នុងការបញ្ជូនអ្នកសង្កេតការណ៍ ទៅកាន់​តំបន់ជម្លោះ» ហើយនៅទីបញ្ចប់ភាគីប្រកប​ដោយការពិចារណាហើយ​ ដែលគ្មាន​ផល ​ប្រយោជន៍អ្វីនៅក្នុងការប្រយុទគ្នារវាងថៃ និង​កម្ពុជានោះ តែចង់បញ្ចេញឲ្យឃើញនូវព្រឹត្តិ​ការណ៍ដែលមានជាក់ស្តែងកន្លងមក។
អនុរដ្ឋមន្ត្រីការបរទេស​ម៉ាឡេស៊ី លោក Richard Riot Jaem បានប្រាប់អ្នកយក​ព័ត៌​មាន​ថា «កិច្ចព្រមព្រៀងមួយត្រូវបានយល់​ព្រម​រួច​ហើយ (ប្រទេសថៃ) ត្រូវតែគោរពកិច្ច​ព្រម​ព្រៀងនោះ ខ្ញុំមិនចង់និយាយថា ខ្វះជំនឿ​ទុក​ចិត្ត​ទេ… (ប៉ុន្តែ) ពួកគេ (ប្រទេសថៃ) មិនគោរព​តាម​កិច្ចព្រមព្រៀងនេះ»។

លោក Richard Riot Jaem បានចូលរួម​នៅ​ក្នុងកិច្ចប្រជុំអាស៊ាន ដែលក្នុងកិច្ចប្រជុំនោះ មានការព្រមព្រៀងគ្នាថា អ្នកសង្កេតការណ៍ចំនួន​៣០នាក់ នឹងត្រូវដាក់ឲ្យឈរជើង​នៅ​ព្រំដែន​ទាំង​សងខាង ហើយលោកបាននិយាយថា «ប្រទេសថៃបានបដិសេធ ហើយអ៊ីចឹងហើយ​បាន​ជាការ​ប៉ះទង្គិចគ្នានេះបានកើតឡើងជាថ្មី​ម្តង​ទៀត» ។

លោក Richard Riot Jaem បានបន្ថែម​ទៀត​ថា «ខ្ញុំសូមបញ្ជាក់ថា ប្រទេសទាំង​១០ រួមទាំងថៃ និងកម្ពុជាផង បានយល់ព្រមទៅលើ​កិច្ច​ព្រមព្រៀងនេះ ប៉ុន្តែខ្ញុំមានភាព​ក្រៀម​ក្រំ​ណាស់​ក្នុងការនិយាយ ដោយហេតុថា កិច្ចព្រមព្រៀង​នេះត្រូវបានបញ្ជូនត្រឡប់ ទៅប្រទេសទាំងពីរ​នេះ​វិញ។ កម្ពុជាបានទទួលយកកិច្ចព្រមព្រៀង​នេះ ប៉ុន្តែប្រទេស​ថៃមិនបានទទួលយកកិច្ច​ព្រម ព្រៀងនេះទេ»។

លោក Richard Riot Jaem បានបន្តទៀត​ថា «មុននេះប្រទេសកម្ពុជា បានចង្អុលដាក់​ប្រទេស​ថៃ​ថា ជាអ្នកចាប់ផ្តើមវាយមុន ហើយ​ថៃ​និយាយថា គឺកម្ពុជាទេ ដែលជាអ្នក​ចាប់​ផ្តើម… ដូច្នេះ​ដើម្បីរកឱ្យឃើញថា តើអ្នកណា​ជា​អ្នកចាប់ផ្តើមធ្វើការវាយប្រហារមុននោះ…. បណ្តារដ្ឋមន្រ្តីការបរទេសអាស៊ានបានសំរេចចិត្ត​ចាត់តាំងឱ្យមានអ្នក​សង្កេត​ការណ៍»។

ថៃដែលតែងតែឆ្លើយតបយ៉ាងហំហែងនោះ ​បាននិយាយថា ម៉ាឡេស៊ីមិនបានយល់​អំពីស្ថាន​ភាពរបស់ថៃ-កម្ពុជាទេ ហើយបានទាំងអះអាង​ដោយ​ហួសនិស្ស័យ​ថា បញ្ហាត្រូវ​បាន​ដោះ​ស្រាយ​ហើយ។ និយាយដូច្នេះ លោកអាប់ភីស៊ីត នាយករដ្ឋមន្ត្រីដែល​ត្រូវបានគេហ៊ុម​ព័ទ្ធពីគ្រប់​ទិស​ទី​មិនអាចត្រួតត្រានយោបាយ​បានទៅ​លើ​យោធាប្រកប​ដោយ​ការប្រទូស្តារ៉ាយ​របស់ថៃ​ដែលអគ្គមេបញ្ជាការនិងរដ្ឋមន្រ្តីការពារជាតិ ​របស់គេ​បានប្រឆាំងជាចំហទៅនឹងបទបញ្ជា និង​សេចក្តី​សម្រេចរបស់នាយករដ្ឋមន្រ្តី ។

បញ្ហាមួយក្នុងចំណោមបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងជម្លោះគឺថា វាបានក្លាយ​ទៅជា​អ្វី​ដែលគេហៅថា «ស្រីប្រកាន់ ប្រុសប្រកែក» ដែល​មានន័យថា កម្ពុជាបន្ទោសថៃ ហើយថៃ​បន្ទោស​កម្ពុជាវិញ។ ភាគីទាំងពីរមានរបៀបបក​ស្រាយការពិតរៀងៗខ្លួន។ ចំណែក​អ្នកខាង​ក្រៅ​វិញ បានរក្សាភាពស្ងាត់ស្ងៀមជាសាធារណៈ។ សេច​ក្តីថ្លែងការណ៍​ខាងលើ ដែលថ្លែងដោយ​អនុ​រដ្ឋមន្រ្តីម៉ាឡេស៊ី គឺជាការរិះគន់ថៃយ៉ាងច្បាស់​លាស់។

ជំហររបស់ម៉ាឡេស៊ីគឺសាមញ្ញណាស់។ មាន​កិច្ច​ព្រមព្រៀងគ្នា មួយពីគ្រប់ភាគី​ទាំងអស់​ក្នុង​រយៈពេលពីរ ឬបីខែ​កន្លងទៅនេះ ហើយឥឡូវ​ថៃបែរជាមិនមានចេតនាយល់​ស្រប​ទៅ​នឹងកិច្ច​ព្រមព្រៀងនោះទៅវិញ ។ ម៉ាឡេស៊ីមិនមែនស្តីបន្ទោសថៃ ព្រោះតែការ​ចាប់ផ្តើមឲ្យមានការប៉ះទង្គិចគ្នានោះទេ ប៉ុន្តែ​ថៃ​ត្រូវមានការទទួលខុសត្រូវនូវអ្វីដែលជា​ផល​វិបាក​នៃការវាយប្រហារ។

ពិភពលោកប្រហែលជាមិនអាចដឹងថា តើ​ភាគីខាងណាចាប់ផ្តើមការប៉ះទង្គិចគ្នាចុងក្រោយ នោះទេ ព្រោះថៃនៅតែបន្តទទូចមិនឲ្យមាន​អ្នក​អង្កេតការណ៍អន្តរជាតិ​មកត្រួត​ពិនិត្យ​​នៅតំបន់​នោះ។ តែទោះជាយ៉ាងណាក្តីគេមើលឃើញកាន់​តែច្បាស់ថាទាហានថៃ មិនបានធ្វើអ្វីទាល់តែ​សោះ ដើម្បីបន្ធូរបន្ថយភាពតានតឹងនេះ។ អ្វី​ដែល​យើងអាច​យល់បាននិងទទួលស្គាល់ថា ជា​ការ​ពិតនោះ គឺថាទាហានថៃ និងទី​ក្រុងបាងកក បានបន្តបដិសេធគំនិតផ្តួចផ្តើមទាំងឡាយ ដើម្បីនាំទៅរកការចរចាគ្នាជាទ្វេភាគីវិញ។

បន្ទាប់​ពី​ការវាយប្រហារគ្នាដ៏ធំកាលពីខែកុម្ភៈ កម្ពុជា បានទទួលជោគជ័យក្នុងការនាំ​យកបញ្ហា​ទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជា​ជាតិ ដែលបានបង្វែរ​បញ្ហានេះ​ភ្លាម​​ទៅឲ្យ​អាស៊ាន ដើម្បីជួយរកដំណោះស្រាយ។ ឥណ្ឌូ​ណេ​ស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះ បានដើរតួ​ដោះស្រាយការទូតដ៏មមាញឹកដោយព្យាយាមនាំ​ភាគីទាំងពីរ​ឲ្យជួបគ្នា ប៉ុន្តែក្រុងបាងកកនៅ​តែ​រួញ​រាដោយចោទប្រកាន់កម្ពុជាថា បាន​ធ្វើ​អន្តរ​កម្មលើបញ្ហានេះ ដែលថៃទទូចឲ្យមាន​ការចរចា​គ្នាជា​ទ្វេភាគី តាមរយៈយន្តការដែល​មាន​​​​​​ស្រាប់ ដែលគ្មានផ្តល់លទ្ធផលអ្វីទាល់តែសោះ លើក​លែង​តែមានការវាយប្រយុទ្ធគ្នា ការស្លាប់ និង​ភាពរងទុក្ខវេទនា។ ដូច្នេះ​ជំហររបស់ម៉ាឡេស៊ី ក្នុងការងាកចេញពីទ្រឹស្តី​នៃការមិនជ្រៀត​ជ្រែក​ចូលកិច្ចការ​ផ្ទៃក្នុងផងគ្នា គឺជាសកម្មភាពគួរ​ឲ្យ​សរសើរ និងត្រូវបានទទួលការអបអរសាទរ ហើយសង្ឃឹមថា កាយវិការ​នេះ នឹងត្រូវបាន​បណ្តា​ប្រទេសនានាផ្សេងទៀតនៃគ្រួសារ​អាស៊ាន​អនុវត្តតាម ។

ភាពគ្មានឆន្ទៈរបស់ថៃ សូម្បីតែក្នុងការ​សញ្ជឹង​គិតតែបន្តិចលើការសម្រុះសម្រួលនោះ អាច​បណ្តាលមកពីភាពទាល់ច្រកដ៏ធំធេងនៃ​នយោ​បាយក្នុងប្រទេសខ្លួន ។ ដរាបណា​យោធា ថៃ នៅតែត្រូវបានអនុញ្ញាតឲ្យដើរតួនាទីគន្លឹះនៅ​ក្នុងនយោបាយជាតិ ប្រទេសថៃនឹងបរាជ័យ​ក្នុង​ការ​ដើរតួនាទីដ៏ត្រឹមត្រូវដែលអាច​ជាកម្លាំងបង្ក​ឲ្យ​មានស្ថិរភាពមួយ​នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

    ដោយ សម សុត្ថា
{បទអត្ថាធិប្បាយក្នុងអត្ថបទនេះគឺជា​ទស្សនៈរបស់អ្នកនិពន្ឋសុទ្ឋសាធ}