ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទី​ផ្សារ​គ្រឿង​ញៀន ATS រីក​រាល​ដាល​ពីព្រោះ​ងាយ​ស្រួល​ផលិត​

14 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​កែ​ គឹម​យ៉ាន ប្រធាន​អាជ្ញា​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អនុញ្ញាត​ឱ្យ​លោក​ស្រី​ Penny Rechard ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រា​លី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​អំពី​បញ្ហា​គ្រឿង​ញៀន​

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ទី​ស្តី​ការ​គណៈ​រដ្ឋ​មន្ត្រី​កាល​ពី​ថ្ងៃ​ទី​១១ ឧសភា លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​កែ​ គឹម​យ៉ាន ប្រធាន​អាជ្ញា​ធរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​អនុញ្ញាត​ឱ្យ​លោក​ស្រី​ Penny Rechard ឯក​អគ្គ​រដ្ឋ​ទូត​អូស្ត្រា​លី​ថ្មី​ប្រចាំ​នៅ​កម្ពុជា​ចូល​ជួប​សម្តែង​ការ​គួរ​សម​ និង​ពិភាក្សា​អំពី​បញ្ហា​គ្រឿង​ញៀន​។

​ក្នុង​ឱកាស​នោះ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​កែ​ គឹម​យ៉ាន បាន​ជំរាប​ជូន​ភ្ញៀវ​អំពី​សភាព​ការណ៍​ទូទៅ​ពី​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា​ថា កម្ពុជា​មិន​មែន​ជា​កន្លែង​ផលិត​គ្រឿង​ញៀន​ទេ ប៉ុន្តែ​ជា​កន្លែង​ដែល​​ឧក្រិដ្ឋ​ជន​ជួញ​ដូរ​គ្រឿង​ញៀន​ឆ្លង​កាត់​ ។ ​បញ្ហា​គ្រឿង​ញៀន​នៅ​កម្ពុជា​បាន​ចាប់​ផ្តើម​មាន​សកម្ម​ភាព​នា​អំឡុង​ឆ្នាំ​១៩៩០​ដែល​ជា​ដំបូង​ស្ថាប័ន​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​របស់​កម្ពុជា​​ដឹក​នាំ​ដោយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ បន្ទាប់​មក​សម្តេច​បាន​ផ្ទេរ​ការ​ដឹក​នាំ​ឱ្យ​ទៅ​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ស ខេង ហើយ​បច្ចុប្បន្ន​ត្រូវ​បាន​ដឹក​នាំ​ដោយ​រូប​លោក​ផ្ទាល់​។

​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​​បាន​លើកឡើង​ពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប្រទេស​អូស្ត្រា​លី​ និង​កម្ពុជា ពិសេស​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រវាង​ប៉ូលិស​សហ​ព័ន្ធ​អូស្ត្រា​លី​ជា​មួយ​និង​ប៉ូលិស​កម្ពុជា​។ បញ្ហា​គ្រឿង​ញៀន​ជា​បញ្ហា​សកល ​ជា​បញ្ហា​របស់​ពិភព​លោក​ទាំង​មូល​។ ប្រទេស​អូស្ត្រាលី​បាន​រួម​ចំណែក​យ៉ាង​ធំ​ធេង​ក្នុង​ការ​គាំ​ទ្រ​អនុវត្ត​យុទ្ធ​សាស្ត្រ​ពហុ​វិស័យ​ស្តី​ពី​ការ​ត្រួត​ពិនិត្យ​គ្រឿង​ញៀន​ ដែល​ក្នុង​នោះ​បាន​​គាំ​ទ្រ​ទៅ​លើ​យុទ្ធ​សាស្ត្រ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ឱ្យអនុវត្ត​កម្ម​វិធី​ផ្លាស់​ប្តូរ​ម្ជុលសឺរ៉ាំង​​សំរាប់​អ្នក​ប្រើ​ប្រាស់​គ្រឿង​ញៀន​ដោយ​ចាក់​ និង​ការ​អនុវត្ត​កម្ម​វិធី​ប្រើ​ឱសថ​ជំនួស​ដែល​ហៅ​ថា​កម្ម​វិធី​មេតា​ដូន​។

លោក​កែ​ គឹម​យ៉ាន បាន​លើក​ឡើង​ថា ទី​ផ្សារ​គ្រឿង​ញៀន​ ATS កំពុង​រីក​រាល​ដាល​ ព្រោះ​ជា​ប្រភេទ​គ្រឿង​ញៀន​ដែល​ស្រួល​ផលិត​ បញ្ហា​នេះ​បាន​និង​កំពុង​រាល​ដាល​ដល់​កម្ពុជា​។ លោក​​បាន​ស្នើ​សុំ​ឱ្យ​ភាគី​អូស្ត្រាលី​​ពិនិត្យ​លទ្ធ​ភាព​គាំ​ទ្រ​ដល់​កម្ពុជា​​លើ​ការ​ងារ​ចំពោះ​មុខ​មួយ​ចំនួន​ ដូច​ជា​ការ​ផ្សព្វ​ផ្សាយ​ការ​អប់​រំ​ពី​​គ្រោះ​ថ្នាក់​របស់​គ្រឿង​ញៀន និង​ពង្រឹង​យន្ត​ការ​ព្យា​បាល​អ្នក​ញៀន​គ្រឿង​ញៀន​ឱ្យ​មាន​​​និរន្តរ​ភាព​ជា​ដើ​ម។

ក្នុង​ឱកាស​នោះ​ លោក​ជំទាវ​ឯក​អគ្គ​រដ្ឋ​ទូត​ថ្មី​បាន​កោត​សរ​សើរ​​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន​កម្ពុជា ហើយ​សន្យា​បន្ត​ការ​គាំ​ទ្រ​សម្ភារ​​បច្ចេក​ទេស មន្ត្រី​អនុវត្ត​ច្បាប់​ និង​ពង្រីក​កម្ម​វិធី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ឱ្យ​បាន​ទូលំ​ទូលាយ​​ ៕