ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុប ច័ន្ទ​សិរី​វុធ ជាប់​ទោស​១៩​ឆ្នាំ ពេជ គង់​យូ ១៨​ឆ្នាំ ឈិត​ វុទ្ធី ១៦​ឆ្នាំ និង​រស់​ សំណាង​១៥​ឆ្នាំ​

14 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់​​ ៖ សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​នា​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា បាន​ធ្វើ​ពិធី​ប្រកាស​សាល​ក្រម​តាម​ការ​គ្រោង​ទុក​លើ​ជន​ជាប់​ចោទ​​ តុប ច័ន្ទ​សិរី​វុធ អតីត​ព្រះ​រាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់​ ពេជ គង់​យូ ម្ចាស់​ហាង​រាត្រី​ រីក​រាយ​ពោធិ៍​សាត់​ជា​ប្អូន​ថ្លៃ​ រស់​ សំណាង​ ហៅ​វិត​ អង្គ​រក្ស​ជា​ប្អូន​ថ្លៃ​ និង​ឈិត វុទ្ធី អ្នក​បើក​បរ​រថ​យន្ត​

ខេត្ត​ពោធិ៍​សាត់​​ ៖ សាលា​ដំបូង​ខេត្ត​ពោធិ៍​សាត់​នា​ព្រឹក​ថ្ងៃ​ទី​១២ ឧសភា បាន​ធ្វើ​ពិធី​ប្រកាស​សាល​ក្រម​តាម​ការ​គ្រោង​ទុក​លើ​ជន​ជាប់​ចោទ​​ តុប ច័ន្ទ​សិរី​វុធ អតីត​ព្រះ​រាជ​អាជ្ញា​ខេត្ត​ពោធិ៍សាត់​ ពេជ គង់​យូ ម្ចាស់​ហាង​រាត្រី​ រីក​រាយ​ពោធិ៍​សាត់​ជា​ប្អូន​ថ្លៃ​ រស់​ សំណាង​ ហៅ​វិត​ អង្គ​រក្ស​ជា​ប្អូន​ថ្លៃ​ និង​ឈិត វុទ្ធី អ្នក​បើក​បរ​រថ​យន្ត​។ ពិធី​ប្រកាស​បានធ្វើ​ឡើង​ក្នុង​រយៈ​ពេល​កន្លះ​ម៉ោង​​ប៉ុណ្ណោះ ដោយ​មាន​ការ​ចូល​រួម​ពី​អ្នក​សារ​ព័ត៌​មាន​ និង​អង្គ​ការ​សង្គម​ស៊ីវិល​ផង​ដែរ​។

លោក​ចៅ​ក្រម ឌុច ចន្ថា ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជំរះ​បាន​អាន​ដំណើរ​រឿង​សាជា​ថ្មី​ឱ្យ​ជន​ជាប់​ចោទ​ទាំង​៣​នាក់​ដែល​ឈរ​នៅ​ពី​មុខ​រង្វង់​ក្រចក​សេះ​ស្តាប់ ​រួច​ហើយ​អាប៉ោង​បាន​ចាប់​ផ្តើម​បើក​គ្រប​។ ១-តុប ច័ន្ទ​សិរី​វុធ​ ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត បង្ខាំង​មនុស្ស​​ខុស​ច្បាប់​ និង​ស៊ី​សំណូក​​ត្រូវ​បាន​ផ្តន្ទា​ទោស​ឱ្យ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៩​ឆ្នាំ​​ គិត​ពី​ថ្ងៃ​​ឃុំ​ខ្លួន​​តាម​ច្បាប់​ស្ថាន​ទម្ងន់​ទោស​នៃ​បទ​ឧក្រិដ្ឋ​។ ២-ពេជ គង់​យូ ដែល​រត់​គេច​ខ្លួន​ត្រូវ​កាត់​ទោស​កំបាំង​មុខ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៨​ឆ្នាំ​ គិត​ពី​ថ្ងៃ​ចាប់​ខ្លួន​បាន​។ ៣-ឈិត វុទ្ធី ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​​១៦​ឆ្នាំ​ គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន និង​៤-រស់​ សំណាង​ ហៅ​វិត​ ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៥​ឆ្នាំ​ គិត​ពី​ថ្ងៃ​ឃុំ​ខ្លួន​។ ទាំង​៣​នាក់​ដែល​ចាប់​ខ្លួន​នេះ​ចោទ​ប្រកាន់​ពី​បទ​ចាប់​ជំរិត​ទារ​ប្រាក់​ និង​បង្ខាំង​មនុស្ស​ខុស​ច្បាប់​។ ជាមួយ​គ្នា​នេះ​ច្បាប់​ក៏​តំរូវ​ឱ្យ​ទណ្ឌិត​ទាំង​៤​រូប​រួម​គ្នា​សង​ជំងឺ​ចិត្ត​ទៅ​​ដើម​បណ្តឹង​ចំនួន​៤.០០០.០០០រៀល និង​បើក​ឱ្យ​​ប្តឹង​ជំទាស់​ទៅ​សាលា​ឧទ្ធរណ៍​ផង​ដែរ​។

សវនា​ការ​បាន​បញ្ចប់​នៅ​ម៉ោង​៨ និង​៣០​នាទី​ព្រឹក​ មន្ត្រី​អនុ​រក្ស​បាន​ដឹក​ទណ្ឌិត​ទាំង​៣​នាក់​យក​ទៅ​បញ្ចូល​ក្នុង​ពន្ធ​នា​គារ​វិញ​។ ខណៈ​ពេល​គ្រាហ៍​ចូល​ក្នុង​រថ​យន្ត​នោះ​គេ​ឃើញ​តុប ច័ន្ទ​សិរីវុធ សើច​ញញឹម​ ហាក់​បី​ដូច​ជា​មិន​តក់​ស្លុត​​អ្វី​ទាំង​អស់​ ប៉ុន្តែ​មិន​ដឹង​ថា ភាព​ញញឹម​របស់​គាត់​ផុស​ចេញ​​ពី​ដួង​ចិត្ត​ ឬ​មួយ​ក៏​​បង្ខំ​ចិត្ត​ឱ្យ​ញញឹម​ដើម្បី​បិទ​បាំង​ភាព​អាម៉ាស់​ចំពោះ​មុខ​មហា​ជន​នោះ​ទេ​។ ចំណែក​នៅ​ខាង​ក្រៅ​បន្ទប់​សវនា​ការ​​វិញ​មេធាវី​របស់​តុប ច័ន្ទ​សិរីវុធ​ និយាយ​ថា ការ​កាត់​ក្តី​នេះ​អយុត្តិ​ធម៌​ណាស់​ចំពោះ​កូន​ក្តី​របស់​គាត់​ដូច​នេះ​គាត់​នឹង​ប្តឹង​បន្ត​ទៅ​ឧទ្ធរណ៍​ទៀត​។

តាម​ការ​ស្ទាប​ស្ទង់​ពី​មតិ​ខាង​ក្រៅ​ខ្លះ​និយាយ​ថា​ ការ​កាត់​ទោស​តុប ច័ន្ទ​សិរី​វុធ​ ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​១៩​ឆ្នាំ និង​ពេជ គង់​យូ ១៨​ឆ្នាំ គឺ​សម​រម្យ​​នឹង​ទង្វើ​របស់​ពួក​គេ​។ ប៉ុន្តែ​ឱ្យ​ឈិត វុទ្ធី ជាប់​១៦​ឆ្នាំ​ និង​រស់​ សំណាង ១៥​ឆ្នាំ ហាក់​បី​ដូច​ជា​ច្រើន​បនិ្តច​ ព្រោះ​ពួក​គេ​គ្រាន់​តែ​ជា​អ្នក​ចូល​ដៃ​ចូល​ជើង​ប៉ុណ្ណោះ​។ ទោះ​ជា​យ៉ាង​ណា​តុប ច័ន្ទ​សិរី​វុធ​ នៅ​មាន​ពាក្យ​បណ្តឹង​ជា​បន្ត​បន្ទាប់​ទៀត​អាច​សំរាក​ក្នុង​ពន្ធ​នា​គារ​រហូត​ក៏​មិន​ដឹង​ គួប​ផ្សំ​​នឹង​ជំងឺ​ដុន​ដាបរបស់​គាត់​ផង​នោះ​។ សូម​បញ្ជាក់​ថា តុប ច័ន្ទ​សិរីវុធ មាន​អាយុ​៥៦ឆ្នាំ, ពេជ គង់​យូ អាយុ​៤២ឆ្នាំ​, រស់ សំណាង ហៅ​វិត​ អាយុ​៤០ឆ្នាំ និង​ឈិត​ វុទ្ធី អាយុ​៤០​ឆ្នាំ៕