ក្រុងប៉ោយប៉ែត ៖ តាំងពីថ្ងៃទី៧ ឧសភា មន្ត្រីជំនាញកាំកុងត្រូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានហាមឃាត់រទេះកម្មករមិនឱ្យដឹកទឹកបរិសុទ្ធសញ្ញារូបនាគដែលផលិតនៅស្រុកសៀម ឱ្យនាំចូលតទៅទៀតឡើយ ។
តាមការបំភ្លឺពីមន្ត្រីជំនាញកាំកុងត្រូលឈរជើងក្រោមប្រាសាទកំពូលបីមាត់ច្រកប៉ោយប៉ែត បានឱ្យដឹងថា ទឹកបរិសុទ្ធសញ្ញារូបនាគដែលក្រុមឈ្មួញនាំចូលពីប្រទេសសៀមតាមច្រកត្រង់នេះគឺសង្ស័យថា ជាទឹកមានមេរោគ និងគ្មានអនាម័យត្រឹមត្រូវទេ ព្រោះមន្ត្រីកាំកុងត្រូលបានយកទឹកបរិសុទ្ធ សញ្ញារូបនាគមួយប៊ីដុងដែលមានចំណុះ២០លីត្រកាលពីថ្ងៃទី២៤ មេសា កន្លងមកនោះ ទៅពិនិត្យនៅអគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញអាហរ័ណ នីហរ័ណ និងបង្ក្រាបការក្លែងបន្លំនៅរាជធានីភ្នំពេញ ហើយលទ្ធផលបានបង្ហាញថា ទឹកបរិសុទ្ធសញ្ញារូបនាគនេះគ្មានអនាម័យត្រឹមត្រូវ និងមានមេរោគនាំឱ្យប៉ះពាល់ដល់សុខភាពអ្នកពិសា ដូច្នេះមន្ត្រីជំនាញមិនអនុញ្ញាតឱ្យឈ្មួញនាំចូលតទៅទៀតឡើយ។
លោកស៊ាន ស៊ីណាត អនុប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ឱ្យដឹងថា ក្រោយពីទទួលដំណឹងពីអគ្គនាយកដ្ឋានកាំកុងត្រូលភ្លាម មន្ត្រីជំនាញរបស់លោកដែលឈរជើងនៅមាត់ច្រកប៉ោយប៉ែតនេះ បានឃាត់រទេះកម្មករអូសដឹកទឹកបរិសុទ្ធសញ្ញារូបនាគចំនួន៨០ប៊ីដុង ដោយមួយប៊ីដុងមានចំណុះ២០លីត្រនោះ យកទៅរក្សាទុកមិនឱ្យធ្វើចរាចរ និងចែកចាយលើទីផ្សារទេ ។ លោកអ៊ុត សុភាព ប្រធានសាខាកាំកុងត្រូលឱ្យដឹងថា ចំពោះទឹកបរិសុទ្ធមួយចំនួន ដែលក្រុមឈ្មួញបាននាំចូលពីប្រទេសសៀមយកមកចែកចាយ ក្នុងស្រុកនាពេលកន្លងមកនោះ តែងត្រូវមន្ត្រីជំនាញរបស់លោកធ្វើការត្រួតពិនិត្យជាប្រចាំ ហើយបើមើលឃើញថា គ្មានអនាម័យត្រឹមត្រូវ និងមានមេរោគនោះ លោកមិនអនុញ្ញាតឱ្យនាំចូលជាដាច់ខាត។ មិនតែប៉ុណ្ណោះ លោកប្រធានបានបញ្ជាក់យ៉ាងច្បាស់ថា រាល់មុខទំនិញដែលគ្មានគុណភាព និងខូចគុណភាព ជាពិសេសសាច់មាន់ ឆ្អឹងមាន់នោះ លោកមិនអនុញ្ញាតឱ្យនាំចូលមកក្នុងប្រទេសកម្ពុជា តាមច្រកដែលមន្ត្រីជំនាញរបស់លោកឈរជើងនោះឡើយ ។
ចំពោះទឹកបរិសុទ្ធសញ្ញារូបនាគចំនួន៨០ប៊ីដុងខាងលើនេះ ក្រោយពីឃាត់ទុកអស់រយៈប្រមាណ២ម៉ោងប៉ុណ្ណោះ ម្ចាស់គេក៏មកសួរនាំនៅកន្លែងមន្ត្រីជំនាញឈរជើងមាត់ច្រកនោះ ប៉ុន្តែត្រូវបានលោកស៊ាន ស៊ីណាត អប់រំ និងណែ នាំឱ្យបញ្ឈប់ការនាំចូលទឹកបរិសុទ្ធប្រភេទនេះទៀត ។ លោកបានបញ្ជាក់ប្រាប់អ្នកយកព័ត៌មានថា នេះជាលើកទី១ គឺក្រោយពេលប្រាប់ និងណែនាំរួចហើយនោះ បើពួកគេនៅតែចចេសលួចនាំចូលមកទៀត លោកនឹងចាប់យកទៅទាំងទំនិញ ទាំងម្ចាស់កសាងសំណុំរឿងតាមនីតិវិធីច្បាប់តែម្តង៕
ចែករំលែកព័តមាននេះ