ក្រុងប៉ោយប៉ែត ៖ នាយកសាលាបឋមសិក្សាទួលពង្រ បានត្រូវប៉ូលិសក្រុងប៉ោយប៉ែត ឃាត់ខ្លួននៅព្រឹកថ្ងៃទី១២ ឧសភា ពីក្នុងសាលា ស្ថិតក្នុងភូមិទួលពង្រ សង្កាត់ប៉ោយប៉ែត ។ នាយកសាលារូបនេះ ឈ្មោះហេង ភារម្យ ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅក្នុងភូមិទួលពង្រ។
ពាក់ព័ន្ធទៅនឹងការឃាត់ខ្លួននាយកសាលារូបនេះ ត្រូវបានមន្ត្រីប៉ូលិសក្រុងប្រាប់ឱ្យដឹងថា គឺធ្វើឡើងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្ត ពីបទប៉ុនប៉ងមនុស្សឃាត ។ ទោះបីជាបែបណា មន្ត្រីប៉ូលិសពុំបានឱ្យដឹងពិស្តារពីការពាក់ព័ន្ធក្នុងរឿងប៉ុនប៉ងមនុស្សឃាតនេះទេ ដោយគ្រាន់តែប្រាប់ថា ការឃាត់ខ្លួននេះ គឺ អនុវត្តតាមដីកាឱ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរលោកអ៊ាក ផល្លា តែប៉ុណ្ណោះ។
ចំណែកលោកហេង ភារម្យ បានប្រាប់ថា បញ្ហាដែលមានគេចោទប្រកាន់លើរូបគាត់នោះគាត់អត់ដឹងទេ ប៉ុន្តែកាលពីឆ្នាំ២០០១ និងឆ្នាំ២០០២ គ្រួសារគាត់ធ្លាប់មានជម្លោះដីធ្លីជាមួយគ្រួសារមួយក្នុងភូមិជាមួយគ្នា រហូតប្តឹងប្តល់គ្នាទៅវិញទៅមក ស្រាប់តែលើកនេះបែរជាមានដីកាបង្គាប់ឱ្យនាំខ្លួនគាត់ទៅវិញហើយចោទពីបទប៉ុនប៉ងមនុស្សឃាត ។
លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់កោះសន្តិភាពថា ខាងសមត្ថកិច្ចរបស់លោកគឺ អនុវត្តតាមដីការបស់តុលាការតែប៉ុណ្ណោះ ក្នុងការឃាត់ខ្លួននាយកសាលារូបនេះ ឯចំពោះដំណើរដើមរឿងយ៉ាងណានោះលោកអត់ដឹងទេ៕
ចែករំលែកព័តមាននេះ