ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តកំពង់ស្ពឺឱ្យ​អាជីវករ​ បញ្ឈប់​ការ​លក់ដូរ​នៅ​បរិវេណ​សួន​ដើម​លៀប​ជា​កំហិត​

8 ខែ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​អាជីវករ​ទាំងអស់​ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ផ្សារ​កំពង់ស្ពឺ ដើម្បី​លក់ដូរ​ទំនិញ​ផ្សេង​ៗ ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូរ​ត្រឹម​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ជា​កំហិត…

ខេត្តកំពង់ស្ពឺ​ ៖ អាជ្ញាធរ​ខេត្តកំពង់ស្ពឺ បាន​ប្រាប់​ឱ្យ​អាជីវករ​ទាំងអស់​ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ផ្សារ​កំពង់ស្ពឺ ដើម្បី​លក់ដូរ​ទំនិញ​ផ្សេង​ៗ ត្រូវ​បញ្ឈប់​សកម្មភាព​លក់ដូរ​ត្រឹម​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ខាង​មុខ​នេះ​ជា​កំហិត ដោយ​ចាត់​ទុក​ថា ការ​យក​ទីតាំង​សាធារណៈ​ធ្វើការ​លក់ដូរ​យ៉ាង​អនាធិបតេយ្យ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ និង​ការ​កកស្ទះ​ចរាចរណ៍ ​។

​ប៉ុន្តែ​ជាក់ស្តែង ​កាលពី​​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០២៣ ​ស្រាប់តែ​មានការ​ចម្រូងចម្រាស់​គ្នា​រវាង អាជីវករ​ និង​ក្រុម​សន្តិសុខ​សណ្តាប់ធ្នាប់ ដែល​តែងតែ​រៀបចំ​នៅ​លើ​ផ្លូវ​ជុំវិញ​ផ្សារ​នោះ​ ។ ការ​ជូន​ដំណឹង​នេះ ​ធ្វើ​ឡើង​តាម​រយៈ​សេចក្តីណែនាំ​ស្ដី​ពី​ការ​រៀបចំ​សណ្ដាប់ធ្នាប់​របស់​អភិបាលក្រុង​ច្បារ​មន​នៃ​ខេត្តកំពង់ស្ពឺ លោក ទឹម ផា​នូ ចុះ​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ដែល​បាន​ជម្រាប​ជូន​ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រី សាច់ និង​គ្រឿង​ឧបភោគ បរិភោគ​ ទាំងអស់ ដែល​បាន​យក​ទីតាំង​សួន​ដើម​លៀប ដើម្បី​ដាក់​លក់ទំនិញ​ផ្សេង​ៗ យ៉ាង​អនាធិបតេយ្យ ​។

​ក្នុង​សេចក្តីជូនដំណឹង​បញ្ជាក់​ថា​៖ «​ការ​លក់ដូរ​នេះ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សា​ធារណៈ បាត់បង់​សោភ័ណ​ភាព​ក្រុង បើ​ទោះបីជា​មានការ​ជូនដំណឹង និង​ចុះ​រៀប​សណ្តាប់ធ្នាប់​ជា​រៀងរាល់ថ្ងៃ ក៏​បងប្អូន​អាជីវករ​មិន​ព្រម​ចូលរួម​អនុវត្ត​តាម​ការ​ណែនាំ​របស់​អាជ្ញាធរ​ឡើយ​»​ ។

ក្នុង​ន័យ​នេះ រដ្ឋបាល​ក្រុង​ច្បារមន ជូនដំណឹង​ជា​ថ្មី ដល់​បងប្អូន​ប្រជាពលរដ្ឋ ម្ចាស់​អាជីវកម្ម លក់​បន្លែ ត្រី​សាច់ និង​គ្រឿង​ឧបភោគបរិភោគ​ទាំងអស់ សូម​បញ្ឈប់​ការ​លក់ដូរ នៅ​បរិវេណ​សួន​ដើម​លៀប ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ រហូត​ដល់​ថ្ងៃ​ទី​៤ ខែកញ្ញា ឆ្នាំ ២០២៣​ជា​កំហិត​ ។

រដ្ឋបាល​ក្រុង​បញ្ជាក់​ទៀត​ថា ការ​រៀបចំ​សណ្តាប់ធ្នាប់​នេះ គឺ​ដើម្បី​ចូលរួម​សហការ​រក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ ឱ្យ​មាន​របៀបរៀបរយ ក្នុង​ន័យ​ដោះស្រាយ ការ​កកស្ទះ​ចរាចរណ៍ និង​លើកកម្ពស់​សោភ័ណ​ភាព​ក្រុង​ផង​។

ពាក់ព័ន្ធ​សេចក្តីជូនដំណឹង​នេះ​ដែរ អភិបាលខេត្ត​កំពង់ស្ពឺ​ ឯកឧត្តម វ៉ី សំណាង បានឱ្យ​ដឹង​ថា ការ​ជូនដំណឹង​ជា​ថ្មី​ម្តងទៀត​នេះ គឺ​ដើម្បី​រៀបចំ​ការ​គ្រប់គ្រង​សណ្តាប់ធ្នាប់​សារ​ធារ​ណៈ និង​សោភ័ណ​ភាព​ខេត្ត​ឱ្យ​មាន​របៀបរៀបរយ សំដៅ​លើកកម្ពស់​វិស័យ​ទេសចរណ៍​ខេត្ត​ឱ្យ​រីក​ចម្រើន​បន្ថែម
​ទៀត​។

ឯកឧត្តម​អភិបាលខេត្ត​បាន​បញ្ជាក់​ថា​៖ «​កន្លង​មក​រដ្ឋបាល​ខេត្តកំពង់ស្ពឺ បាន​រៀបចំ​កន្លែង​លក់ដូរ​នៅ​ផ្សារ​ខេត្ត​ពង់​ស្ពឺ​ឱ្យ​ពួក​គាត់​លក់ដូរ​រួច​ហើយ តែ​ពួក​គាត់​មិន​ព្រម​លក់ ចេះ​តែ​នាំ​គា្ន​មក​លក់​នៅ​ខាងក្រៅ​ផ្សារ តាម​ដងផ្លូវ​ទៅ​វិញ ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​សណ្តាប់ធ្នាប់ និង​បង្ក​ការ​កកស្ទះ​ផង​ដែរ ហេតុនេះ​សូម​ឱ្យ​អាជីវករ​ទាំងអស់​ចូលរួម​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​»​។

តាម​រយៈ​សេចក្តីណែនាំ​របស់​រដ្ឋបាល​ក្រុង​ច្បារមន ក៏​បាន​ប្រកាស​ថា នឹង​មាន​វិធានការ​ចុះ​រុះរើ ឬ​ដកហូត​ដោយ​មិន​ទទួលខុសត្រូវ​រាល់​ការ​បាត់បង់ ខូចខាត​ទ្រព្យសម្បត្តិ និង​សម្ភារ​ផ្សេង​ៗ ដែល​មាននៅ​ទីតាំង​នោះ​ឡើយ​។ ទន្ទឹម​គ្នា​នេះ រដ្ឋបាល​ក្រុង​ច្បារមន សង្ឃឹម​ជឿជាក់​យ៉ាង​មុតមាំ​ថា បងប្អូន​អាជីវករ ទាំងអស់​នឹង​ចូលរួម​សហការ និង​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្ដីណែនាំ​នេះ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចាប់ពី​ពេល​នេះ​ទៅ​។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ