ខេត្តប៉ោយប៉ែត ៖ ប៉ូលិសក្រុងប៉ោយប៉ែត ឆែកឆេររថយន្តសង្ស័យ១គ្រឿងដែលមានមនុស្សជិះលើសចំណុះកាលពីវេលាម៉ោងជាង៩យប់ ថ្ងៃទី១១ ឧសភា ហើយរកឃើញបទល្មើសមួយផ្សេងទៀតគឺដឹកពលករចំណាកស្រុកប្រុងចេញទៅទឹកដីសៀមដោយខុសច្បាប់ ព្រមទាំងឃាត់បានជនសង្ស័យជាមេខ្យល់ម្នាក់។
រថយន្តនោះម៉ាកកាមរី ស៊េរី១៩៩៥ ពណ៌សម្បកឪឡឹក ចង្កូតឆ្វេង ពាក់ស្លាកលេខភ្នំពេញ 2G-8175 បើកបរដោយឈ្មោះគឹម ពិសិដ្ឋ ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិល្វា ឃុំព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង។ រថយន្តនោះបើតាមការឱ្យដឹងពីប៉ូលិសក្រុងថា ក្រោយពេលឆែកឆេរឃើញមានកំហុស២ដាច់ដោយឡែកពីគ្នា ទី១-ដឹកមនុស្សលើសចំណុះ ដល់ទៅ១០នាក់ និងទី២-ដឹកពលករខុសច្បាប់។
មន្ត្រីប៉ូលិសបន្តទៀតថា ស្ត្រីជាមេខ្យល់ឈ្មោះអន សុធី អាយុ២៩ឆ្នាំ ជាប្រពន្ធរបស់អ្នកបើកបរ។ ពលករដែលជិះក្នុងរថយន្តមានចំនួន៨នាក់ បុរស៤នាក់ មកពីភូមិជាមួយស្ត្រីជាមេខ្យល់។ យោងតាមការសួរនាំពីពលករទាំង៨នាក់ថា ពួកគេមានគោលបំណងឆ្លងទៅដីសៀមដើម្បីធ្វើជាកម្មករសំណង់នៅក្រុងបាងកក។ ពួកគេធ្លាប់ទៅប្រទេសសៀមម្តងមកហើយ ដោយលើកទី១ ចូលទៅតាមច្រករបៀងក្នុងស្រុកថ្មពួក ដោយមេខ្យល់យកថ្លៃផ្លូវក្នុងម្នាក់២.៨០០បាត។
លោកអនុសេនីយ៍ឯក អ៊ុំ សុផល អធិការនគរបាលក្រុងប្រាប់កោះសន្តិភាពថា ពលករទាំង៨នាក់នោះក្រោយពេលសួរនាំធ្វើកំណត់ហេតុ និងអប់រំឱ្យឈប់ឆ្លងដែនខុសច្បាប់ រួចមកបានឱ្យពួកគេត្រឡប់ទៅស្រុកកំណើតវិញ។ ដោយឡែកស្ត្រីជាមេខ្យល់ត្រូវបានលោកអធិការប្រាប់ថា នឹងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្ត។ ចំពោះរថយន្ត និងប្តីរបស់ស្ត្រីជាមេខ្យល់ ក្រោយពេលសួរនាំមិនជាប់ពាក់ព័ន្ធទេ ដូច្នេះគ្រាន់តែពិន័យ និងអប់រំកុំឱ្យដឹកលើសចំណុះទៀតប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ