ខេត្តកំពង់ឆ្នាំង ៖ កម្លាំងគណៈបញ្ជាការឯកភាពស្រុកជលគីរី នៅតែបន្តចុះធ្វើការរុះរើ និងកា.ប់បំផ្លាញចោលរបាំងស្បៃមុងនៅក្នុងភូមិសាស្ត្រ ឃុំពាមឆ្កោក ស្ថិតក្នុងស្រុកជល់គីរី ខណៈពេលដែលក្រុមជនល្មើសនៅតែលបលួ.ចដាក់បន្លំភ្នែកសមត្ថកិច្ច នៅក្នុងរដូវទឹកឡើង និងជារដូវត្រីពងកូនផងដែរ។

លោក មុត ម៉េង អភិបាលរងស្រុកជលគីរី បានឱ្យដឹងថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣នេះលោកបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះមានគ្នាសរុប៩នាក់ ប្រើប្រាស់កាណូតបាឡាស្មាច់ចំនួន៣គ្រឿង ចុះធ្វើការបង្ក្រាប ដោយរុះរើកា.ប់បំផ្លាញចោលឧបករណ៍នេសាទ របាំងស្បៃមុង និងរបាំងសាច់អួន នៅចំណុចព្រែកតាសួស ស្ថិតក្នុងភូមិពាមឆ្កោក. ឃុំពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។

កិច្ចការចុះប្រតិបត្តការបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទខាងលើនេះ សមត្ថកិច្ចចម្រុះបានធ្វើការរុះរើ និងបំផ្លាញចោលរបាំងស្បៃមុងចំនួន១៣កន្លែង ប្រវែងម៉ែត្រ៥០០ម៉ែត្រ បំផ្លាញចោលលបលូស្បៃមុង១៣មាត់ បង្គោល២០០ដើមចោល ហើយបានចាក់លែងកូនត្រីទៅក្នុងបឹងធម្មជាតិវិញ និងរុះរើរបាំងសាច់អួន ៦កន្លែង លបលូសាច់អួន ៦មាត់ ផងដែរ។

ពាក់ព័ន្ធក្នុងកិច្ចប្រតិបត្តការការបង្ក្រាបបទល្មើសនេសាទក្នុងរដូវទឹកទន្លេឡើងត្រីពងកូនខាងលើនេះ គេនៅមិនដែលឃើញសមត្ថកិច្ចខាងណាឃាត់ខ្លួនជនល្មើសបានម្តងណាឡើយហើយក្រុមជនល្មើស រកសនេសាទខុសច្បាប់ តែងតែដឹងខ្លួនជាមុន ហើយបានគេចខ្លួនបាត់ពីកន្លែងរបាំងទាំងនោះរហូត៕





ចែករំលែកព័តមាននេះ