ខេត្តស្វាយរៀង ៖ រថយន្តទេសចរណ៍វៀតណាម MAILINH មួយគ្រឿងបានផ្តាច់ជីវិតស្ត្រីម្នាក់នៅនឹងកន្លែងកើតហេតុដោយសារតែបុកពីក្រោយកិនបែកក្បាល និងបាក់.កស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីដ៏រន្ធត់នោះបានកើតឡើងកាលពីថ្ងៃទី១១ ឧសភា វេលាម៉ោង៩និង៣០នាទីព្រឹក នៅលើកំណាត់ផ្លូវជាតិលេខ១ ត្រង់ចំណុចផ្លូវចូលតំបន់សេដ្ឋកិច្ចពិសេស «មេនហាតធេនស្វាយរៀង» ស្ថិតក្នុងភូមិវតាពៅ សង្កាត់បាវិត ក្រុងបាវិត ។
រថយន្តបង្កហេតុម៉ាក UNIVERSE XPRESS ពណ៌ខៀវ ពាក់ស្លាកលេខ 53S-1558 ដឹកអ្នកទេសចរណ៍ហូជីមិញ ភ្នំពេញ-សៀមរាប ដែលអ្នកបើកបរជាជនជាតិវៀតណាមឈ្មោះវ៉ាង ង៉ុកធៀង អាយុ៤១ឆ្នាំ មានទីលំនៅសង្កាត់លេខ១០ ខណ្ឌតាំងប៉ិន ក្រុងហូជីមិញ ប្រទេសវៀតណាម។ រីឯស្ត្រីរងគ្រោះឈ្មោះម៉ៅ ណាវី អាយុ២៦ឆ្នាំ ស្រុកកំណើតផ្សារកំពង់ត្រាច ស្រុកកំពង់ត្រាច ខេត្តកំពត មានប្តីឈ្មោះខ្វាន់ សុធារីសំរេច អាយុ២៩ឆ្នាំ មានទីលំនៅភូមិតាពៅ សង្កាត់បាវិត មានកូនប្រុសម្នាក់ឈ្មោះខ្វាន់ សំរេចស័ក្តិ អាយុ២ឆ្នាំ។
បើតាមលោកខ្វាន់ ច័ន្ទជីឡា អាយុ៥២ឆ្នាំ ត្រូវជាឪពុកក្មេងស្ត្រីរងគ្រោះបានប្រាប់កោះសន្តិភាពថា កូនប្រសារបស់គាត់នាងម៉ៅ ណាវី ជាបុគ្គលិកផ្នែកគណនេយ្យ និងអ្នកបកប្រែភាសាចិនឱ្យក្រុមហ៊ុនចាក់បេតុងតំបន់សេដ្ឋកិច្ចពិសេស។ មុនពេលកើតហេតុនាងជិះម៉ូតូម៉ាកអែរ៍ភ្លែត ចេញពី តំបន់សេដ្ឋកិច្ចពិសេសដើម្បីយកប្រាក់របស់ក្រុមហ៊ុនទៅប្តូរយកប្រាក់រៀល មកបើកឱ្យកម្មករ គឺទៅដូរនៅផ្ទះប្តូរប្រាក់មុខផ្សារតាពៅ ខាងកើតពីកន្លែងកើតហេតុចម្ងាយ១.០០០ម៉ែត្រ។ ក្រោយពេលប្តូរប្រាក់បានហើយ ក៏ត្រឡប់ទៅក្រុមហ៊ុនវិញ ដោយជិះម៉ូតូដល់ផ្លូវបត់ចូលក្រុមហ៊ុនក៏ជួបគ្រោះថ្នាក់តែម្តង។
អ្នកឃើញហេតុការណ៍ផ្ទាល់បាននិយាយថា ស្ត្រីរងគ្រោះជិះម៉ូតូពីកើតទៅលិច លុះមកជិតដល់ផ្លូវបត់ចូលក្រុមហ៊ុនមេនហាតធេន ចម្ងាយ១០០ម៉ែត្រ ក៏ឱ្យភ្លើងស៊ីញ៉ូបត់ឆ្វេងស្របពេលនោះក៏មានរថយន្តទេសចរណ៍វៀតណាមដឹកអ្នកដំណើរពេញរថយន្តបើកស្របទិសគ្នាយ៉ាងលឿនបានជាន់ហ្វ្រាំងអូសចម្ងាយជិត៥០ម៉ែត្រ ស្រាប់តែបត់ឆ្វេងដែរ ពេលនោះម៉ូតូឆ្លងហួសគំនូសលឿងមកដល់ក្បែរចិញ្ចើមថ្នល់ខាងត្បូងក៏ប៉ះដៃចង្កូតម៉ូតូជាមួយទ្វាររថយន្តខាងមុខ ធ្វើឱ្យម៉ូតូដួលទៅខាងស្តាំ រីឯស្ត្រីរងគ្រោះដួលមកខាងឆ្វេងចូលក្រោមកង់រថយន្តខាងក្រោយកិនចំក្បាលបែកមួកសុវត្ថិភាព និងបែកក្បាលបាក់កស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។
ក្រោយមកសមត្ថកិច្ចប៉ូលិសក្រុងបាវិត មកធ្វើអន្តរាគមន៍ហើយចាប់អ្នកបើកបរ និងរថយន្តនាំទៅអធិការដ្ឋាននគរបាលក្រុងដើម្បីដោះស្រាយតាមផ្លូវច្បាប់។ សមត្ថកិច្ចបាននិយាយថា ក្រុមរថយន្តទេសចរណ៍នេះគឺបើកលឿនណាស់មិនគោរពច្បាប់ចរាចរណ៍ ឬស្លាកសញ្ញានោះទេ ព្រោះពួកគេអាងក្រុមហ៊ុនធានារ៉ាប់រង ៕
ចែករំលែកព័តមាននេះ