រាជធានីភ្នំពេញ ៖ រថយន្តកាមរីដឹកឈើគ្រញូងបើកលឿនស្លេវបានបើកបុកម៉ូតូ៣គ្រឿង បន្តបន្ទាប់គ្នា បណ្តាលឱ្យដួលរេលនៅលើចិញ្ចើមថ្នល់ និងកណ្តាលថ្នល់ ហើយភ្លាមនោះបុរស៣នាក់រងរបួសធ្ងន់ និង១នាក់ទៀតរបួសស្រាល បង្កឱ្យអ្នកដំណើរភ្ញាក់ផ្អើល និងរន្ធត់យ៉ាងខ្លាំង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៤៥នាទីព្រឹកព្រលឹមថ្ងៃទី១២ ឧសភា ២០១១ លើកំណាត់ផ្លូវហាណូយ ហៅផ្លូវ១០១៩ ស្ថិតក្នុងភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
យោងតាមសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌសែនសុខបានប្រាប់អ្នកយកព័ត៌មានកោះសន្តិភាពថា មុនពេលកើតហេតុ មានរថយន្តម៉ាកកាមរីមួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2B-2606 បើកពីជើងទៅត្បូង ក្នុងល្បឿនលឿនដណ្តើមវ៉ាគេវ៉ាឯង និងរេពេញផ្លូវដោយសារតែអ្នកបើកបរងងុយដេក ក៏ជ្រុលចង្កូតទៅបុកម៉ូតូដែលបើកមកចំពីមុខ១គ្រឿង ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ-១៣៧១ ភព១ បណ្តាលឱ្យខ្ទេចម៉ូតូខ្ទាតទៅម្ខាង។
ពេលនោះរថយន្តក៏ព្យាយាមបើករត់គេច ស្រាប់តែទៅបុកម៉ូតូពីរគ្រឿង ទៀតនៅពីមុខ (បើកបរបញ្ច្រសទិសគ្នា) ម៉ាកសង់កូរ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1F-5822 និងម៉ូតូម៉ាកឌ្រីម C125 ស៊េរី២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ តាកែវ 1D-0204 ជាម៉ូតូរបស់ប៉ូលិសអធិការដ្ឋានខណ្ឌសែនសុខ ផ្នែកអន្តរាគមន៍ បណ្តាលឱ្យខ្ទាតរដូករណែល ហើយភ្លាមនោះគេឃើញបុរស៣នាក់របួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ និងប៉ូលិសម្នាក់របួសស្រាល ។ ចំណែកអ្នកបើកបររថយន្តដឹកឈើគ្រញូងបានរត់គេចខ្លួនបាត់ស្រមោល នៅសល់តែរថយន្តផ្ទុកឈើគ្រញូងឡើងណែន ត្រូវបានសមត្ថកិច្ចអធិការដ្ឋានយកទៅរក្សាទុក ៕
ចែករំលែកព័តមាននេះ