ខេត្តព្រៃវែង ៖ លោក តី វណ្ណៈ មេបញ្ជាការយោធា (ក.បី) នៃច្រកព្រំដែន (កម្ពុជា-វៀតណាម) កោះរកា និងកោះសំពៅ បានប្រើអំណាចចាក់ដីរំលោ.ភលើចំណីទន្លេតូច នៅត្រង់ចំណុចភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង ធ្វើជាឃ្លាំងឯកជនសម្រាប់ស្តុបទំនិញ (ស្ករ.ស) នាំចេញទៅលក់អោយឈ្មួញនៅប្រទេសវៀតណាម ដោយក្នុងមួយថ្ងៃៗរាប់រយតោនណោះ សង្ស័យអត់បង់ពន្ធជូនរដ្ឋទេមើលទៅ។

ប្រភពព័ត៌មានបានប្រាប់អ្នកសារព័ត៌មានអោយដឹងនាព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣នេះថា ឃ្លាំងនេះ គឺជាកម្មសិទ្ធិរបស់លោក តី វណ្ណៈ មេបញ្ជាការយោធា (ក.បី) កោះរកា និងកោះសំពៅ បានសាងសង់ជាយូរណាស់មកហើយ និងធ្លាប់ត្រូវបានអាជ្ញាធរស្រុក-ខេត្ត គេចុះមកផ្អាកមិនអោយធ្វើម្តងរួចមកហើយដែរ ប៉ុន្តែមិនដឹងជា លោក តី វណ្ណៈ គាត់ចេះមន្តអាគមន៍អ្វីនោះទេ បានជាបន្តការសាងសង់នេះឡើងវិញដដែល។

ប្រភពដដែលបន្តថា នេះគឺជាឃ្លាំងស្តុបស្ករ.ស របស់លោកតី វណ្ណៈ ដឹកពីរាជធានីភ្នំពេញ ចេញទៅលក់អោយឈ្មួញបន្តនៅប្រទេសវៀតណាម។ ឃើញតែឡានធំៗសណ្តោងកន្ទុយដឹកស្ករ.សក្នុងមួយថ្ងៃៗមិនក្រោម៣០០ទៅ៤០០តោននោះទេ គឺយកមកទម្លាក់ស្តុបទុកនៅក្នុងឃ្លាំងនេះ។

មិនត្រឹមតែប៉ុណ្ណោះ រថយន្តធំៗដឹកស្ករ.ស របស់លោក តី វណ្ណៈ នេះ ក៏កំពុងបំផ្លិចបំផ្លាញផ្លូវលំនៅក្នុងភូមិពោធិ៍ថ្មី ធ្វើឱ្យរងការខូចខាត ក្លាយទៅជាជង្ហុកដូចរន្ធបាយខុម បង្កឱ្យការលំបាកដល់អ្នកធ្វើដំណើរផងដែរ ។ ប៉ុន្តែដោយសារតំបន់ភាគច្រើន គឺសុទ្ធតែជនជាតិវៀតណាមរស់នៅ ខ្លាចអំណាចលោក តី វណ្ណៈ គ្មានអ្នកណាហ៊ានតវ៉ាឡើយ។ ជាការពិតណាស់ រាល់ការនាំទំនិញឆ្លងដែនចេញចូល ប្រសិនបើមិនមានការត្រួតពិនិត្យបង់ពន្ធអោយបានត្រឹមត្រូវស្របតាមច្បាប់ទេនោះ ប្រាកដជាបំផ្លាញជាតិសម្បើមណាស់។

បញ្ហាខាងលើនេះ លោក តី វណ្ណៈ ម្ចាស់ឃ្លាំងស្ករ.ស បានប្រាប់អោយដឹងតាមទូរស័ព្ទដែរថា ស្ករ.សនេះ គឺរូបលោកនាំមកពីរាជធានីភ្នំពេញ គឺខាងក្រុមហ៊ុនគេបង់ពន្ធគ្រប់ចំនួន។ ហើយការនាំចេញទៅលក់នៅប្រទេសវៀតណាម ទាល់តែឈ្មួញខាងគេកុម្មង់ ទើបយើងដឹកតាមទូកចូលទៅលក់អោយម្តង៤ទៅ៥តោន វាមិនទៀងនោះទេ ជួនកាលត្រឹម១០ទៅ២០តោនតែប៉ុណ្ណោះ មិនដល់ថ្នាក់រាប់រយតោនដូចគេនិយាយនោះទេ។

ចំណែកលោក វ៉ា ធីម អភិបាលស្រុកពាមជរក៍ បានលើកឡើងថា រូបលោកឆ្ងល់អ្នករកស៊ីណាស់ ផលប្រយោជន៍ខ្លួនឯង ម៉េចក៏ចូលចិត្តធ្វើអោយប៉ះពាល់ផ្លូវសាធារណៈម្ល៉េះ ហើយការរកស៊ីម៉េចក៏មិនបង់ពន្ធជូនរដ្ឋអោយបានត្រឹមត្រូវទៅ។ រូបលោកទើបឡើងកាន់តំណែងក្រោយនេះទេ មិនទាន់បានដឹងទេ រូបលោកអោយអាជ្ញាធរមន្ត្រីជំនាញពាក់ព័ន្ធចុះទៅត្រួតពិនិត្យមើល សូមអរគុណអ្នកសារព័ត៌មានដែលបានរាយការណ៍ជូន៕
ចែករំលែកព័តមាននេះ