ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពន្ធដារ សម្រេចបញ្ចុះអត្រាពន្ធអាករពិសេស លើផលិតផលភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងស្រុក​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ អគ្គនាយកដា្ឋនពន្ធដារ បានសម្រេច​កែសម្រួលអត្រាអាករពិសេស​ លើផលិតផល​ភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងសុក។ សេចក្តីសម្រេចនេះ នឹងអនុវត្ត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣…

ភ្នំពេញ៖ អគ្គនាយកដា្ឋនពន្ធដារ បានសម្រេច​កែសម្រួលអត្រាអាករពិសេស​ លើផលិតផល​ភេសជ្ជៈគ្មានជាតិសុរា ដែលផលិតក្នុងសុក។ សេចក្តីសម្រេចនេះ នឹងអនុវត្ត ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ។

សេចក្តីប្រកាស ចុះថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ បង្ហាញថា ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ តទៅ អត្រាអាករពិសេសលើភេសជ្ជៈគ្មានជាតិសុរា ដែលផលិត និងផ្គត់ផ្គង់​ក្នុងស្រុក ត្រូវបាន​កែសម្រួល និងកំណត់ ដូចខាងក្រោម៖ ១)​ ១៥ភាគរយ លើភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទ។ ២) ៥ភាគរយ លើភេសជ្ជៈគ្មានជាតិសុរាមួយចំនួន រួមមាន៖ ភេសជ្ជៈ​បន្ថែមជាតិ​ទឹកដោះគោ ដែលឆ្លងកាត់​កំដៅអ៊ុយត្រាខ្ពស់ ទឹកសណ្តែក ភេសជ្ជៈ​មានមូលដ្ឋានពីទឹកដូង ភេសជ្ជៈ​មានមូលដ្ឋានពីកាហ្វេ ឬភេសជ្ជៈ ដែលបន្ថែមរសជាតិកាហ្វេ និងភេសជ្ជៈគ្មានឧស្ម័ន​ សម្រាប់​ពិសាភ្លាមៗ ដោយពុំចាំបាច់​ពង្រាវ​។ ៣) ១០ភាគរយ លើភេសជ្ជៈ គ្មានជាតិសុរា ក្រៅពីភេសជ្ជៈ ដែលបានកំណត់ក្នុងចំណុចទី១ និងទី២ ខាងលើ។

សេចក្តីប្រកាស ក៏បានបន្តថា មូលដ្ឋានគិតអាករពិសេស ត្រូវអនុវត្តស្របតាមខ្លឹមសារ ប្រកាស​លេខ ០១២ សហវ.ប្រក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ស្តីពី ការកែសម្រួល​ការកំណត់មូលដ្ឋាន គិតអាករពិសេសលើមុខទំនិញមួយចំនួន ដែលផលិត​ក្នុងស្រុក ដូចដែលបាន និងកំពុង​អនុវត្ត នាពេលបច្ចុប្បន្ន​។

ប្រកាស ស្តីពី ការកែសម្រួល​ការកំណត់​មូលដ្ឋានគិតអាករពិសេស លើមុខទំនិញមួយចំនួន ដែលផលិតក្នុងស្រុក ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ប្រការ៥ បានចែងពី «មូលដ្ឋាន​គិតអាករ» បង្ហាញថា មូលដ្ឋានគិតអាករពិសេស​លើមុខទំនិញមួយចំនួន ដែលផលិត​ក្នុងស្រុក ដូចជា៖ ស្រាបៀរ ស្រា បារី និងបារីស៊ីហ្គាគ្រប់ប្រភេទ ភេសជ្ជៈគ្មាន​ជាតិសុរា ដូចមានចែង​ក្នុងប្រការ ៤ នៃប្រកាសនេះ និងមុខទំនិញជាប់អាករពិសេស​ដទៃទៀត ត្រូវកំណត់ស្មើនឹង ៩០ភាគរយ នៃតម្លៃផ្គត់ផ្គង់​ ដែលបានកត់ត្រា ក្នុងវិក្កយបត្រ ឱ្យទៅអតិថិជន ដោយមិនរួមបញ្ចូល​អាករលើ​តម្លៃបន្ថែម អាករសម្រាប់បំភ្លឺសាធារណៈ និងអាករពិសេសខ្លួន​ឯង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ