ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​ឡេ​ស៊ី​ផ្ដល់​យុត្ដិធម៌ បើ​ថៃ​អនុញ្ញាត​ឱ្យ​​មាន​​អ្នក​​សង្កេត​ការណ៍ ​ការ​វាយ​​ប្រយុទ្ធ​​គ្នា​ក៏​​មិន​​អាច​​កើត​​ឡើ​ង​​បាន​ទេ

12 ឆ្នាំ មុន

ជំហរ​យុត្តិធម៌​​របស់ម៉ាឡេស៊ី​ស្តីពី​ជម្លោះ​​កម្ពុជា-ថៃ ពិត​ជា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សៀម​​បាក់មុខ​បាក់មាត់​មិនធម្មតា​​នោះទេ ​ដែល​ពុត​ត្បុត​ក្រឡិច​​ក្រឡុច​របស់ខ្លួន​ត្រូវ​បានមើលឃើញ ។ តាម​ប្រសាសន៍​​របស់អនុ​រដ្ឋ​មន្ត្រីការ​បរ​ទេស​​​ម៉ា​ឡេស៊ី​​​លោក​រីឆាត ​រ៉ៃអត ជែម ដែល​ត្រូវ​បាន​​ស្រង់​សម្តី​ចុះ​​ផ្សាយ​​ដោយបណ្តាញ​សារព័ត៌​មាន​នានា​កាលពីថ្ងៃទី៩ ​និងថ្ងៃទី១០ ឧសភា ​ឆ្នាំ ២០១១ ​មកនេះ

ជំហរ​យុត្តិធម៌​​របស់ម៉ាឡេស៊ី​ស្តីពី​ជម្លោះ​​កម្ពុជា-ថៃ ពិត​ជា​ធ្វើ​ឱ្យ​រដ្ឋាភិបាល​សៀម​​បាក់មុខ​បាក់មាត់​មិនធម្មតា​​នោះទេ ​ដែល​ពុត​ត្បុត​ក្រឡិច​​ក្រឡុច​របស់ខ្លួន​ត្រូវ​បានមើលឃើញ ។ តាម​ប្រសាសន៍​​របស់អនុ​រដ្ឋ​មន្ត្រីការ​បរ​ទេស​​​ម៉ា​ឡេស៊ី​​​លោក​រីឆាត ​រ៉ៃអត ជែម ដែល​ត្រូវ​បាន​​ស្រង់​សម្តី​ចុះ​​ផ្សាយ​​ដោយបណ្តាញ​សារព័ត៌​មាន​នានា​កាលពីថ្ងៃទី៩ ​និងថ្ងៃទី១០ ឧសភា ​ឆ្នាំ ២០១១ ​មកនេះ បាន​លើក​ឡើងថា «ប្រសិន​​បើ​ថៃ​ឯកភាព និងគោរព​តាមកិច្ចព្រមព្រៀង​​ដែល​អនុញ្ញាត​ឱ្យ​អ្នកសង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី មាន​វត្ត​មាន​នៅទីនោះ ​ការ​វាយប្រយុទ្ធ​គ្នា​មិន​អាច​កើត​​មានឡើង​បានទេ» ។

​កម្ពុជាក៏សូម​វាយតម្លៃ​ខ្ពស់ចំពោះការយល់​ដឹង​ជាក់ច្បាស់​ និងមិន​លំអៀង​អំពីប្ញសគល់​នៃជម្លោះ ​រវាងកម្ពុជា-ថៃ ដែល​​បាន​កើតឡើង​ជាបន្ត​បន្ទាប់​ចាប់​តាំង​ពីឆ្នាំ២០០៨មក និងអំពើ​ឈ្លាន​ពាន​ដោយ​ការ​វាយប្រហារ​ទ្រង់​ទ្រាយ​ធំរបស់​ទា​ហាន​ថៃ​មក​លើកម្ពុជា​នា​ពេល​ចុង​ក្រោយនេះ គឺ​​មានសភាព​ធ្ងន់ធ្ងរ​បំផុត មិន​ត្រឹម​តែ​បាន​បណ្តាល​​ឱ្យ​មានការស្លាប់បាត់​បង់អាយុ​ជីវិត​​កងទ័ព និង​ប្រជាពល​រដ្ឋ​​ស៊ីវិល​កម្ពុជា​ជា​ច្រើន​នាក់​ប៉ុណ្ណោះ​ទេ ថែម​ទាំង​មាន​ជន​ភៀស​​សឹក​រាប់ម៉ឺន​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពីផ្ទះ​សម្បែង​ដែល​រង​ការ​ខូច​ខាត​​​ជាតំណំ​នៃ​ការ​បាញ់​ផ្លោង​ពីសំណាក់​ទាហាន​ឈ្លាន​ពាន​ថៃ ។ ការ​វាយប្រហារ​នេះ ក៏​បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​យ៉ាង​ធ្ងន់ធ្ងរ​​​ដល់​ប្រា​សាទ​ព្រះ​វិហារ​​ដែលជាសម្បត្តិ​​​​បេតិក​ភណ្ឌ​​ពិភព​លោក ​ក៏​ដូច​ជា​ប្រាសាទ​​តា​មាន់ និងប្រាសាទ​តាក្របី​​របស់​កម្ពុជា​ផងដែរ ។

កម្ពុជា​ជា​និច្ច​​កាល​តែង​តែ​ស្វាគមន៍​វត្ត​មាន​របស់​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​​ដែល​បាន​ផ្តល់​​អាណត្តិ​ដោយអង្គ​​ប្រជុំ​ថ្នាក់​រដ្ឋ​មន្ត្រី​ការ​បរ​ទេស​អាស៊ាន ​កាលពី​ខែកុម្ភៈកន្លង​ទៅនេះ និង​​បានអំពាវនាវ​​បន្ថែម​ទៀត​​ដោយ​ប្រមុខ​​រដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​​នៅទីក្រុង​ហ្សាការតា​​​នា​ពេលថ្មី​ៗនេះ ។​ កម្ពុជា​បាន​ឯក​ភាព​ទទួល​យក​​​លក្ខខណ្ឌ​​ប្រតិបត្តិ​ (TOR) ដើម្បី​កំណត់​ឱ្យ​ឃើញ​ថា ​នរណា​ជា​អ្នក​ចាប់​ផ្តើម​វាយ​ប្រហារ​មុន​​ក៏​ដូច​ជា​ដើម្បី​បញ្ចប់​នូវអំពើឈ្លានពាន​របស់ថៃ​​មក​លើ​កម្ពុជា​ម្តង​ហើយ​ម្តង​ទៀត​ផង​ដែរ ។

​ដើម្បីសម្តែង​នូវឆន្ទៈ​របស់​ខ្លួន​កម្ពុជា​បាន​ទទួល​ការកែសម្រួល​លក្ខខណ្ឌ​​ប្រតិបត្តិ​​ដែល​សម្រប​សម្រួល​ដោយ​ប្រទេស​ឥណ្ឌូណេស៊ីជា​បន្ត​បន្ទាប់​ដូចខាង​ក្រោម៖
លើកទី១នៅថ្ងៃ​ទី២៦​ កុម្ភៈ ឆ្នាំ​២០១១ ហើយ​បាន​ឯក​ភាព​លើ​ខ្លឹម​សារ​ថ្ងៃទី២៧ កុម្ភៈ ។ លើកទី២នៅថ្ងៃទី៨ មីនា ឆ្នាំ២០១១ ហើយ​បាន​​ឯក​ភាព​លើខ្លឹមសារ​ថ្ងៃទី៩ មីនា ។ លើកទី​៣​នៅ​ថ្ងៃទី១៥ មីនា ឆ្នាំ​២០១១ ហើយ​បាន​ឯក​ភាព​លើ​ខ្លឹម​សារ​ថ្ងៃទី១៦ មីនា ។ លើកទី៤នៅ​ថ្ងៃទី៨ មេសា ​​ឆ្នាំ២០១១ ហើយ​បានឯក​ភាព​លើ​ខ្លឹម​សារ​ថ្ងៃទី៨ មេសា ។ លើកទី៥នៅ​ថ្ងៃទី​១១ មេសា ​ឆ្នាំ​២០១១ ហើយ​បានឯ​កភាព​​លើ​ខ្លឹម​សារ​ថ្ងៃទី១២ មេសា ។ លើក​ទី៦នៅ​ថ្ងៃទី​២៨ មេសា ​ឆ្នាំ​២០១១ ហើយ​បាន​ឯកភាព​លើ​ខ្លឹម​សារ​ថ្ងៃទី៣០ មេសា ។ លើកទី៧នៅថ្ងៃទី​១ ឧសភា ឆ្នាំ២០១១ ហើយ​បានឯក​ភាព​លើ​ខ្លឹម​សារ​ថ្ងៃទី២ ឧសភា ។

នៅ​ថ្ងៃទី៣ ឧសភា ​កម្ពុជ​ាបានចុះ​ហត្ថ​លេខា​​លើ​លិខិត​ទទួល​យក​នូវលក្ខខណ្ឌ​​ប្រតបត្តិ ដែល​អនុញ្ញាត​​ឱ្យ​អ្នក​សង្កេត​ការណ៍​​ឥណ្ឌូណេស៊ី មកបំពេញ​​បេសកកម្ម នៅ​តំបន់​​ប្រាសាទ​ព្រះ​វិហារ ។ ​ដើម្បីបិទ​​បាំង​នូវ​អំពើពុត​ត្បុត​របស់​ខ្លួន​នៅថ្ងៃទី២១ កុម្ភៈ ​ឆ្នាំ២០០១ ​មួយថ្ងៃ ​មុន​កិច្ច ​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការ​បរទេស​​នៅប្រទេស​​ឥណ្ឌូ ណេស៊ី​​ រដ្ឋាភិបាល​ថៃ​​បែរ​ជា​ប្រកាស​ថា ​ខ្លួន​អាច​​ស្វាគមន៍​​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​មក​កាន់​តំបន់​ជម្លោះ​​ព្រំ​ដែន ប៉ុន្តែ​ផ្ទុយ​ទៅវិញ ថៃ​​តែង​តែ​​​ប្រើប្រាស់ឧបាយកល​គ្រប់យ៉ាង​ ដើម្បី​អូស​បន្លាយ​ពេល​ដោយ​ធ្វើការ​កែសម្រួល​​លក្ខខណ្ឌ ប្រតិបត្តិ​​ម្តងហើយ​ម្ត​ង​ទៀត ​រហូតមកដល់ពេល​នេះ គឺ​មានចំនួន​៧ដង​រួចមកហើយ ហើយពុំ​ដែល​យល់​ព្រម​​លក្ខខណ្ឌ​​ប្រតិបត្តិនេះ​ម្តង​ណា​ឡើយ ។ ដូចការ​លើក​ឡើង​របស់​អនុ​រដ្ឋ​មន្ត្រី​ការបរទេស​ម៉ា​ឡេស៊ី ​ដែលបាន​ពោលថា «​ខ្ញុំ​សូម​បញ្ជាក់ថា ​ប្រទេស​ទាំង១០ រួម​ទាំង​កម្ពុជា​ និងថៃ​​ផង​បាន​ឯក​ភាព​​គ្នា​លើ​លក្ខខណ្ឌ​​ប្រតិ​បត្តិ​នេះ ប៉ុន្តែ​គួរ​ឱ្យ​សោកស្តាយ​ថា កិច្ចព្រមព្រៀង​​ត្រូវបាន​បញ្ជូន​​ទៅ​ប្រទេស​​ទាំងពីរ ​ហើយ​កម្ពុជា​បាន​ឯក​ភាព​លើ​កិច្ច​​ព្រមព្រៀង​នេះ ចំណែក​ថៃ​មិន​បាន​ឯក​​ភាព​ទេ» ។

​ទោះបី​ជា​មាន​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​​របស់​រដ្ឋ​មន្ត្រី​ការបរទេស​ និង​ប្រធានាធិបតី​​ឥណ្ឌូណេស៊ី ​ក្នុង​ការ​​សម្រប​សម្រួល​ឱ្យ​មាន​ការ​ប្រជុំពិភាក្សា ​​រវាង​​រដ្ឋ​មន្ត្រី​ការ​បរទេស​កម្ពុជា និង​ថៃ ដើម្បី​​ឈាន​ដល់ការ​ព្រមព្រៀងគ្នា​ក្នុងការ​ដោះ​ស្រាយ​​​ជម្លោះព្រំ​ដែន​​ជាកញ្ចប់ ក្នុង​នោះ​​រួម​មាន​ការ​បញ្ជូន​អ្នកសង្កេត​ការណ៍​​ឥណ្ឌូណេស៊ី​មក​កាន់​តំបន់​ប្រាសាទ​ព្រះវិហារ​​ផង​ដែរក៏ដោយ ​ប៉ុន្តែ​​​គំនិត​ផ្តួច​ផ្តើមនេះ បាន​ជាប់គាំង​ដោយ​សារ​តែ​នាយក​រដ្ឋ​មន្ត្រី​​ថៃ​អាប់​ភី​ស៊ីត បំផ្លាញ​ចោល​នូវ​​រាល់​កិច្ច​​ខិតខំ​ប្រឹងប្រែង​ទាំងនោះ ​ដោយ​បាន​ថ្លែង​កាលពីថ្ងៃទី១០ ​ឧសភា ​នេះ​ថា ​«ថៃ​នៅ​តែ​ប្រកាន់​​យកជំហរ​​ដូចពីមុន​ដដែល គឺ​ប្រសិនបើ​កម្ពុជា​មិន​ដក​ទ័ព​ចេញពីតំបន់​ជម្លោះទេ ​​អ្នក​សង្កេត​ការណ៍​​ក៏​មិន​ត្រូវ​បានបញ្ជូន​ទៅទីនោះ​ដែរ»។  ថៃ​ដឹង​យ៉ាងច្បាស់​ថា ​កម្ពុជា​មិន​អាច​ទទួលយក​លក្ខខណ្ឌ​​នេះបានទេ​ ពីព្រោះ​កម្ពុជា​​​មិន​អាច​ដកកងទ័ព​ និង​ប្រជាជន​របស់ខ្លួន​ចេញ​ពីទឹកដី​របស់កម្ពុជា​​ខ្លួន​ឯង​បានឡើយ ។ ​សេចក្តី​​ប្រកាស​របស់​នាយក​រដ្ឋ​​មន្ត្រី​ថៃ​បែបនេះ ​បញ្ជាក់​ឱ្យ​​ឃើញយ៉ាងច្បាស់​​អំពី​ល្បិច​​កល​ក្នុងការរារាំង​​មិន​ឱ្យ​​មាន​អ្នក​សង្កេត​ការណ៍​ឥណ្ឌូណេស៊ី​​ចូលម​ក​អង្កេត​ពី​បទឈប់បាញ់​គ្នា​អចិន្ត្រៃយ៍​​ដែលនេះ​ជានយោបាយ​បិទ​ទ្វារ​វាយ​ប្រហារ​កម្ពុជា ដើម្បី​សម្រេច​បាន​នូវអំពើ​​ឧក្រិដ្ឋ ដណ្តើម​កាន់​កាប់​ទឹកដី​មុននឹងអ្នក​សង្កេត​ការណ៍​ឥណ្ឌូ​ណេស៊ី​​មកដល់ ។ ​ពីមួយថ្ងៃទៅមួយថ្ងៃ សហគមន៍​អន្តរ​ជាតិ យល់​ដឹង​កាន់តែ​ច្បាស់​​ចំពោះ​​អំពើពុតត្បុត​​របស់​ថៃ ​ហើយ​ការបញ្ជូនអ្នកសង្កេត​ការណ៍​មកកាន់​តំបន់​ប្រាសាទ​​ព្រះវិហារ​ គឺជា​មធ្យោបាយ​តែ​មួយ​គត់ ​ដើម្បី​សម្រេច​បាន​នូវបទឈប់បាញ់គ្នា​ដ៏​មាន​ប្រសិទ្ធភាព និងជាស្ថាពរ ព្រមទាំង​​ដើម្បី​អាច​បញ្ចៀស​នូវការ​វាយប្រហារ​​សា​ជាថ្មី​ដោយ​យោ​ធា​​ថៃ​មក​លើ​កម្ពុជា​បន្ត​ទៀត ៕