នាយឧត្តមសេនីយ៍ នេត សាវឿន ឱ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ
- តាកែវ
ខេត្តតាកែវ ៖ នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានធ្វើការណែនាំដល់លោកស្នងការនគរបាលខេត្ត ឲ្យពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកបានល្អប្រសើរឡើងវិញ ខណៈដែលអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តតាកែវ មានការកើនឡើងគួរឲ្យព្រួយបារម្ភ ។

ឯកឧត្តមអគ្គស្នងការ បានណែនាំបែបនេះ ខណៈអញ្ជើញជាអធិបតីភាព នៅក្នុងពិធីសម្ពោធសមិទ្ធផលនានារបស់ស្នងការដ្ឋាននគរបាលខេត្តកាលពីព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ។

នាយឧត្តមសេនីយ៍ នេត សាវឿន មានប្រសាសន៍ថា ខណៈដែលអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកនៅទូទាំងប្រទេសមានការធ្លាក់ចុះប្រមាណ៩ភាគរយ បែរជាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តតាកែវមានការកើនឡើងរហូតដល់៣៥ករណី ។ គ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមាននៅផ្លូវជាតិលេខ២ និងផ្លូវជាតិលេខ៣ ដោយសារបើកបរលឿន ជែងមិនគោរពសិទ្ធិអាទិភាព បើកបរមិនពាក់មួកសុវត្ថិភាព ក្នុងនោះគ្រោះថ្នាក់ដោយការជិះម៉ូតូមានរហូតដល់ជិត៧០ភាគរយ ។

ឯកឧត្តមអគ្គស្នងការ មានប្រសាសន៍បន្តថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទាមទារឲ្យមានការចូលរួមពីអ្នកពាក់ព័ន្ធ និងសង្គមទាំងមូលផងដែរ ទើបអាចកាត់បន្ថយបាន គឺយើងមិនត្រូវពឹងតែទៅលើនគរបាលចរាចរណ៍នោះទេ ។ ទោះបីជាយ៉ាងណាក៏ដោយ កម្លាំងនគរបាលចរាចរណ៍ត្រូវរិះរកវិធានការថ្មី ដើម្បីទប់ស្កាត់ការរីករាលដាលនៃគ្រោះថ្នាក់ចរាចរណ៍ កុំឲ្យមានការកើនឡើង ។

ឯកឧត្តម នេត សាវឿន ក៏បានស្នើដល់កងកម្លាំងនគរបាលទាំងអស់ ត្រូវថែរក្សាសុខសុវត្ថិភាព ទប់ស្កាត់កុំឲ្យមានបទល្មើលចោ.រលួ.ច ចោ.រប្ល.ន់ ការប្រើប្រាស់គ្រឿងញៀនកើតមាននៅក្នុងមូលដ្ឋាន ។ ជាពិសេស កម្លាំងនគរបាលនៅមូលដ្ឋាន ដែលនៅកៀកនឹងប្រជាពលរដ្ឋ ប្រឹងប្រែងបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានលឿននិងឆាប់រហ័ស ។ ពិសេស គឺត្រូវតែផ្លាស់ប្តូរឥរិយាបថរបស់ខ្លួនក្នុងនាមជាមន្ត្រីនគរបាលជាតិ ដោយបង្កើនការយកចិត្តទុកដាក់ចំពោះកង្វល់របស់បងប្អូនប្រជាពលរដ្ឋដូចជា បញ្ហាបទល្មើសព្រហ្មទណ្ឌ គ្រឿ.ងញៀ.ន និងចរាចរណ៍ ។

លោកឧត្តមសេនីយ៍ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត បានឲ្យដឹងថា ចំពោះអគារធ្វើការងារដែលឯកឧត្តមអគ្គស្នងការនឹងធ្វើការកាត់ខ្សែបូសម្ពោធនៅពេលនេះ មានកម្ពស់២ជាន់មានបន្ទប់ធ្វើរបស់ស្នងការ ស្នងការរង ការិយាល័យជំនាញចំនួន២៤បន្ទប់ ដោយមានបំពាក់តុ កៅអី សម្រាប់ធ្វើការងារ ។ អគារដ្ឋបាលនេះ បានបញ្ចុះបឋមសិលាសាងសង់ក្នុងខែសីហា ឆ្នាំ២០២២ រួចហើយជាស្ថាពក្នុងខែសីហា ឆ្នាំ២០២៣ ។ ចំណែកអគាររបស់កងកម្លាំងអន្តរាគមន៍មានកម្ពស់២ជាន់ រួមជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀត ៕









ចែករំលែកព័តមាននេះ