ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ចិន ព្រមាន​ពី​ការ​ខាតបង់ ៧.៦​ពាន់​លាន​ដុល្លារ

8 ខែ មុន

ចិន ៖ Country Garden ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន បាន​

ចិន ៖ Country Garden ដែល​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ដ៏​ធំ​បំផុត​មួយ​របស់​ប្រទេស​ចិន បាន​ព្រមាន​ថា ក្រុមហ៊ុន​មើលឃើញ​ពី​ការ​ខាតបង់​សម្រាប់​រយៈពេល​៦​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ រហូត​ដល់ ៧.៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ សេចក្តី​ប្រកាស​នេះ គឺជា​សញ្ញា​ចុង​ក្រោយបង្អស់​នៃ​បញ្ហា​សំខាន់​ៗ នៃ​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC ចេញផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ ២០២៣​។

យោង​តាម​តួលេខ​ផ្លូវការ​ក្នុង​ស​ប្តា​ហ៍​នេះ បាន​បង្ហាញ​ថា ប្រទេស​ចិន​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​បរិត្តផរណា​ជា​លើក​ដំបូង នៅ​ក្នុង​រយៈពេល​ជាង​២​ឆ្នាំ​ចុង​ក្រោយ​។ ការ​នាំ​ចេញ​ក៏​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ខណៈ​ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន​មាន​កម្រិត​ខ្ពស់​បំផុត​។

ក្រុមហ៊ុន Country Garden បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តី​ប្រកាស​មួយ​ទៅ​កាន់​ផ្សារភាគហ៊ុន​ហុងកុង​ថា ក្រុមហ៊ុន Country Garden Group ត្រូវ​បាន​រំពឹង​ថា នឹង​កត់ត្រា​ការ​ខាតបង់​សរុប​ចាប់ពី​ប្រហែល ៦.២៤​ពាន់​លាន​ដុល្លារ សម្រាប់​រយៈពេល​៦​ខែ​ដំបូង ដែល​បាន​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ ២០២៣​។

ការ​ខាតបង់​រំពឹង​ទុក​ធៀប​នឹង​ប្រាក់​ចំណេញ​ចំនួន ២៦៥​លាន​ដុល្លារ​សម្រាប់​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ក្រុមហ៊ុន​ក៏​បាន​បន្ត​ផង​ដែរ​ថា ខ្លួន​បាន​បង្កើត​ក្រុមការងារ​ពិសេស​មួយ ដឹកនាំ​ដោយ​លោកស្រី Yang Huiyan ប្រធាន​ក្រុមហ៊ុន​ផ្ទាល់ សម្រាប់​ការ​ស្វែងរក​មធ្យោបាយ ដើម្បី​បង្វែរ​អាជីវកម្ម​។

កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែសីហា ឆ្នាំ ២០២៣ កន្លង​ទៅ ទីភ្នាក់ងារ​វាយតម្លៃ Moody’s ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូ​វ​យ៉​ក សហរដ្ឋអាមេរិក បាន​បន្ទាប​ចំណាត់ថ្នាក់​របស់​ក្រុមហ៊ុន Country Garden ដោយ​លើក​ឡើង​អំពី ការ​បង្កើន​សាច់ប្រាក់​ងាយស្រួល និង​ហានិភ័យ​នៃ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឡើង​វិញ​។
បញ្ហា​នេះ​បាន​កើតឡើង នៅ​ពេល​ដែល​ប្រទេស​ចិន បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ជា​ច្រើន ដែល​បាន​ចោទ​ជា​សំណួរ​អំពី​ល្បឿន​នៃ​ការ​ងើបឡើង​វិញ ក្រោយ​វិបត្តិ​នៃ​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ​-១៩ របស់​ខ្លួន​។

កាលពីដើម​ស​ប្តា​ហ៍​នេះ តួលេខ​ផ្លូវការ​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​ច្រើន​ជាង​ការ​រំពឹង​ទុក ១៤.៥% នៅ​ក្នុង​ខែកក្កដា បើ​ធៀប​នឹង​កាល​ឆ្នាំ​មុន ខណៈ​ដែល​ការ​នាំ​ចូល​ក៏​បាន​ធ្លាក់​ចុះ ១២.៤% ផង​ដែរ​។ ភាព​អត់​ការងារ​ធ្វើ​របស់​យុវជន ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត ក៏​កំពុង​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិត​ដល់​ផង​ដែរ ស្រប​ពេល​ដែល​និស្សិត​ចិន​បញ្ចប់​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ​ចំនួន ១១.៥៨​លាន​នាក់ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ដើរ​ចូល​ក្នុង​ទីផ្សារ​ការងារ​ដ៏​សែន​តូច​ចង្អៀត​នៅ​ឆ្នាំ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ