ខេត្តកំពត ៖ អាជ្ញាធរខេត្តកំពត បានយកបុណ្យរុក្ខទិវា០៩ កក្កដា មកធ្វើពិធីដាំកូនត្នោតជាងចំនួន៧ពាន់ដើមនៅអមសងខាងផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាមប្រវែង៥គីឡូម៉ែត្រ ធ្វើឡើងកាលពីព្រឹកថ្ងៃទី០៨ សីហាឆ្នាំ២០២៣ ។ ជាមួយនិងការដាំកូនត្នោតនៅតាមខ្សែក្រវាត់ព្រំដែននេះ ស្ថិតនៅភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើតស្រុកកំពង់ត្រាច ខេត្តកំពត ។

លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពតបានមានប្រសាសន៍ថា ខេត្តកំពតបានធ្វើពិធីដាំកូនឈើនៅតាមបណ្ដាស្រុក និងក្រុងទូទាំងខេត្តកំពតបានចំនួន២៩ដងរួចហើយ ដោយគិតចាប់តាំងពីឆ្នាំ១៩៩៥ មកដល់ឆ្នាំ២០២៣នេះ ។

លោកចាន់ រិទ្ធ ប្រធានមន្ទីរកសិកមកមខេត្តមានប្រសាសន៍ថា ការធ្វើពិធីបុណ្យរុក្ខទិវា ០៩ កក្កដានេះ នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ បានដាំកូនត្នោតនៅតាមខ្សែក្រវាត់ព្រំដែន ស្ថិតក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច និងលើកដាំលើកទី២៩នេះ គឺមានកូនត្នោតរួមទាំងកូនឈើផងមានចំនួន៧៥០០ដើម ដាំអមតាមសងខាងផ្លូវក្រវាត់ព្រំដែនស្ថិតក្នុងភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា ការដាំកូនត្នោតនៅតាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសដែលមានភូមិផងរបងជាមួយនោះ ធ្វើឱ្យស្គាល់កាន់តែច្បាស់ពីអត្តសញ្ញាណជាតិរបស់យើង និងឱ្យកូនខ្មែរជំនាន់ក្រោយតៗគ្នាបន្តថែរក្សា ។

ឯកឧត្តមម៉ៅ ធនិន អភិបាលខេត្តកំពតផ្ដាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចជាកងកំលាំងនៅតាមព្រំដែនបន្តយកចិត្តទុកដាក់ថែរក្សាកូនត្នោតរបស់យើងដែលបានដាំជាបន្តបន្ទាប់នៅតាមព្រំដែន។ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតមានប្រសាសន៍ថា តំបន់ព្រំដែននេះជាង១០ឆ្នាំទៀតអាចប្រែក្លាយជាកន្លែងទាក់ទាញអ្នកទេសចរណ៍មកកម្សាន្តនៅទីនេះក៏បាន ។




ចែករំលែកព័តមាននេះ